កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ។
បើយោងតាម ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានពិនិត្យ និងវាយតម្លៃឃើញថា ពាក្យ “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” លែងមានទៀតហើយនៅក្នុងសង្គមយើង។
គណៈបញ្ជាការដឹកនាំយុទ្ធនា ក៏បានសង្កត់ធ្ងន់ថា៖”ចំណាត់ការផ្លូវច្បាប់ទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមនីតិវិធីច្បាប់ជាធរមាន”។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពយឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181៕










