ជាការពិតណាស់ នៅក្នុងប្រទេសកម្ពុជាយើងគឺមានម្ហូបអាហារពេញនិយម និងសម្បូរបែបជាច្រើន ទោះជាយ៉ាងណាបើយោងតាម Taste Atlas ដែលជាគេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍តាមអ៊ីនធឺណិតមានបទពិសោធន៍សម្រាប់អាហារបែបប្រពៃណី និងអាហារបែបទំនើប បានរាយបញ្ជីមុខម្ហូបល្អបំផុតទាំង ៩ នៅក្នុងប្រទេសកម្ពុជាយើង ដែលម្ហូបទាំងនេះគឺមានការពិនិត្យយ៉ាងដិតដល់ពីអ្នកជំនាញផ្នែកធ្វើម្ហូប មេចុងភៅ អាហារដ្ឋានអន្តរជាតិ និងអ្នកស្រុក។ ដូច្នេះបញ្ជីចំណាត់ថ្នាក់គឺផ្អែកលើចំនួនផ្កាយដែលម្ហូបសម្រេចបាន រសជាតិនៃម្ហូប ប្រជាប្រិយភាពរបស់វានៅក្នុងស្រុក និងនៅលើផែនទីធ្វើម្ហូបពិភពលោក រួមទាំងតម្លៃអាហារូបត្ថម្ភ។ នៅក្នុងអត្ថបទនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ម្ហូបល្បីៗ និងឆ្ងាញ់បំផុតចំនួន ៩ នៅក្នុងប្រទេសកម្ពុជាយើង៖
១.ឡុកឡាក់សាច់គោ៖ គឺជាអាហារដ៏ពេញនិយមបំផុតរបស់ប្រទេសកម្ពុជាយើង ដែលភ្ញៀវជាតិ និងអន្តរជាតិមិនដែលរំលងឡើយ។ ម្ហូបនេះមានគ្រឿងផ្សំដូចជា សាច់គោ ពងមាន់ ប៉េងប៉ោះ សាឡាត់ ខ្ទឹមបារាំង ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករ អំបិល ម្សៅស៊ុប ទឹកប៉េងប៉ោះ ម្រេចម៉ត់ ខ្ទឹមសចិញ្រ្ចាំ និងអំបិលម្រេចក្រូចឆ្មារ។
២.បុកល្ហុង៖ អ្នកណាមិនស្គាល់ បុកល្ហុងគឺអាហារដ៏ល្បីបំផុតមួយក្នុងប្រទេសខ្មែរយើង ដោយមានគ្រឿងផ្សំដូចជា ផ្លែល្ហុងខ្ចី អម្ពិល រំដែង និងប្រហុក ដែលជាប្រភេទត្រីផ្អាប់របស់ខ្មែរ។ បុកល្ហុងនេះក៏ដាក់ត្រីឆ្អើរ ឬក្តាមប្រៃផងដែរ ហើយជាធម្មតាវាត្រូវបានប្រើប្រាស់ជាមួយបាយចំហុយ និងសាច់អាំងដូចជាសាច់មាន់ជាដើម។ ភាពខុសប្លែកគ្នាដ៏សំខាន់មួយរវាងសាឡាត់ល្ហុងបៃតងបែបប្រពៃណីរបស់ឡាវ ហើយបុកល្ហុងបែបខ្មែរ គឺការប្រើប្រាស់ទឹកប្រហុកជំនួសឱ្យទឹកត្រី ដែលជាធម្មតាត្រូវបានគេប្រើកាលពីមុន។
៣.ហហ្មុក៖ គឺជាមុខម្ហូបតំណាងជាតិរបស់ប្រទេសកម្ពុជាយើងដោយមានគ្រឿងផ្សំដូចជា ត្រីស្រស់ផ្សំជាមួយគ្រឿង មានការពិបុក និងខ្ទិះដូងជាដើម ខ្ចប់ចំហុយ។ ហហ្មុក អាចធ្វើជាមួយត្រីរ៉ស់ ឬត្រីអណ្តែងដាក់ស្លឹកញជាដើម ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន ចុងភៅខ្មែរបានផ្សែផ្សំជាមួយគ្រឿងឆ្ងាញ់ៗបន្ថែមទៀត ដើម្បីបង្កើនក្លិនឈ្ងុយ និងរសជាតិឱ្យកាន់តែឆ្ងាញ់ពិសា និងរំលេចនូវសោភ័ណភាពឱ្យកាន់តែទាក់ទាញផងដែរ។
៤.នំក្រឡាន៖ ក្រឡានគឺជានំរបស់ខ្មែរយើងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងអាស៊ីអាគ្នេយ៍ មិនថាភ្ញៀវជាតិ ឬអន្តរជាតិទេ គឺពួកគេតែងតែចូលចិត្តនំក្រឡានខ្មែរ។ នំនេះធ្វើពីអង្ករដំណើបច្រកចូលក្នុងបំពង់ឬស្សីព្រមទាំងបិទច្នុកដោយប្រើសំបកដូង ឬស្លឹកចេកហើយយកវាដុតរោលពីខាងក្រៅជុំវិញសំបកឬស្សី។ នំក្រឡានគឺមានលក់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាយើង។
៥.អាពីងបំពង៖ គឺជាអាហារសម្រន់ដ៏ល្បីល្បាញ និងឈ្ងុយឆ្ងាញ់បំផុតមួយក្នុងប្រទេសកម្ពុជាយើង។ វាគឺជាស្តេចអាហារសត្វល្អិតប្រចាំទីប្រជុំជនស្គន់ ជើងព្រៃ ខេត្តកំពង់ចាម សម្រាប់ភ្ញៀវទេសចរដែលឆ្លងកាត់ស្រុកនេះគឺមិនដែលរំលងអាពីងបំពងឡើយ។
៦.សម្លការី៖ សម្លការី ឬការីសាច់មាន់គឺជាអាហារបែបប្រពៃណីខ្មែរដែលមានសាច់មាន់ គ្រឿងបុក (ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម សម្បកក្រូចសើច) រួមទាំងមានគ្រឿងការីគ្រប់មុខដូចជា (ផ្កាចាន់ ឈើអែម ម្សៅការី និងប្រេងគ្រាប់ការីក្រហម) លើសពីនេះក៏មានម្ទេសឆ្អើរចិញ្ច្រាំ ស្លឹកក្រូចសើច កាពិឆៅ ខ្ទិះដូង បន្លែការីគ្រប់មុខរួមមាន (ដំឡូងបារាំង ឬដំឡូងជ្វា ខ្ទឹមបារាំង សណ្តែកកួរ ត្រប់វែង) សណ្តែកដីលីង និងគ្រឿងផ្សំជាច្រើនទៀត។
៧.ត្រីចៀនចួន៖ គឺម្ហូបខ្មែរដ៏ពេញនិយមបំផុតមួយ ដែលគេច្រើនធ្វើសម្រាប់បរិភោគក្នុងគ្រួសារ ទទួលភ្ញៀវសំខាន់ៗ។ ដោយមានគ្រឿងផ្សំដូចជា ត្រីកែស ឬត្រីសណ្ដាយ ទឹកត្រី អំពិលទុំ ស្ករត្នោត ខ្ទឹមស ស្លឹកខ្ទឹម ឬស្លឹកគូឆាយ សៀង ខ្ញី (ហាន់ជាចំណិតតូចៗ) និងខ្លាញ់រាវ ០,៥០ ក្រាម។
៨.សម្លម្ជូគ្រឿង៖ ម្ជូគ្រឿងក៏ជាមុខម្ហូបដ៏ល្បីបំផុតមួយក្នុងប្រទេសខ្មែរយើងផងដែរ ដោយមានគ្រឿងផ្សំដូចជា សាច់គោ គ្រឿងបុក ម្ទេសក្រៀមត្រាំទឹកអោយរីកហើយចិញ្ច្រាំអោយម៉ត់ អំពិលទុំ ឬក្រសាំងក៏បាន ត្រកួតកាត់កង់ៗ ម្ទេសខ្មាំង 2-3ផ្លែ ស្លឹកក្រូចសើច ស្លឹកកន្ទ្រោប យកទៅរោលភ្លើង ហើយបេះតែស្លឹកទុក ប្រហុកចិញ្ច្រាំ ទឹកត្រី អំបិល ស្ករ និងម្សៅស៊ុប។
៩.នំបញ្ជុក៖ នំបញ្ជុកគឺជានំដែលគេយកម្សៅទៅស្ងោរ រួចហើយទើបគេស្រង់យកទៅបុកលាយទឹក បន្ទាប់មកយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើឆ្នុកសង្កត់ប៉ែន ដើម្បីធ្វើជាសសៃៗ រោយវា ទម្លាក់ទៅក្នុងទឹកក្ដៅពុះ ដើម្បីចំអិនសសៃម្សៅឱ្យឆ្អិនល្អ ក្រោយមកទើបគេស្រង់ដាក់ក្នុង ជាល កញ្ជ្រែង ឬ កញ្ជើល ដោយរៀបជាចង្វាយៗ ដើម្បីងាយស្រួលក្នុងការចាប់យកតាមបរិមាណ សមល្មមសម្រាប់ញ៉ាំ។ នំបញ្ចុក ជាប្រភេទនំចំអែតក្រពះ ឬហៅថា អាហារសម្រន់ ដែលពលរដ្ឋខ្មែរពេញនិយមបរិភោគ ជាអាហារពេលព្រឹក ឬជាអាហារសម្រន់ សម្រាប់ពេលរសៀល៕










