ប្រទេសចិន ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានបុរសជនជាតិចិនម្នាក់បានលាក់សត្វពស់រស់ ក្នុងខោជើងវែងរបស់ខ្លួន រហូតដល់ជាង១០០ក្បាល ដែលមានពូជខុសៗគ្នាដើម្បីជួញដូរនៅប្រទេសចិន ប៉ុន្តែត្រូវបានមន្ត្រីគយសង្ស័យ និងហៅមកឆែកឆេរ ។ វាធ្វើឱ្យមហាជនមានចម្ងល់យ៉ាងខ្លាំងថា តើបុរសរូបនេះអាចលាក់ពស់រស់យ៉ាងច្រើនក្នុងខោដោយរបៀបណា?
បើតាមរបាយការណ៍របស់មន្ត្រីគយចិននៅទីក្រុងស៊ិនជិន ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានបញ្ជាក់កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ថា ពួកគេបានចាប់ខ្លួនបុរសម្នាក់នៅកំពង់ផែហ្វូធៀន (ប៉ុន្តែពុំបានបង្ហាញឈ្មោះ) ដែលជាចំណុចព្រំដែនរវាងទីក្រុងហុងកុង និងទីក្រុងស៊ិនជិន ក្រោយពីមន្ត្រីគយត្រួតពិនិត្យឃើញសត្វពស់រស់ ចំនួន១០៤ក្បាលបានលាក់ទុកក្នុងខោជើងវែង ខណៈបុរសរូបនេះព្យាយាមគេចខ្លួន ។
មន្ត្រីគយនិយាយថា ក្នុងហោប៉ៅខោរបស់អ្នកដំណើររូបនេះមានថង់ចំនួន៦ និងថង់នីមួយៗបានបិទស្កុតនៅមាត់ថង់ ។ នៅពេលបើកមាត់ថង់ទាំងអស់ ស្រាប់តែឃើញ ពស់រស់ក្នុងថង់ដែលមានទំហំ និងពូជផ្សេងៗគ្នា ដូចជា ៖ ពូជ Milk Snake និងពូជ Corn Snake ហើយពស់ភាគច្រើននាំចូលពីក្រៅប្រទេស ពុំមែនជាពូជពស់នៅប្រទេសចិនទេ ។ ប៉ុន្តែវាជាពស់គ្មានពិស គឺសម្រាប់ទុកជួញដូរឱ្យអតិថិជនដែលចាប់អារម្មណ៍ចង់ចិញ្ចឹមសត្វប្លែកៗ ។
ជំហានដំបូង សមត្ថកិច្ចបានចាប់ខ្លួនបុរសរូបនេះសាកសួរបន្ថែមទៀត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ពីបទនាំចូលសត្វពីក្រៅប្រទេស ។ សមត្ថកិច្ចសន្និដ្ឋានថា បុរសខាងលើមានគោលបំណងជួញដូរពស់នៅប្រទេសចិន ពីព្រោះពលរដ្ឋចិនមួយចំនួនចង់ចិញ្ចឹមពស់មានពណ៌ចម្រុះបែបនេះ និងគ្មានពិស ។
គួរបញ្ជាក់ថា ចិនជាប្រទេសជួញដូរសត្វដ៏ធំបំផុតនៅលើពិភពលោក ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរចិនបានបង្ក្រាបការជួញដូរសត្វខុសច្បាប់ជាបន្តបន្ទាប់ ដោយហាមឃាត់ពលរដ្ឋនាំសត្វមានជីវិតពីប្រទេសផ្សេងៗចូលមកចិនដោយគ្មានការអនុញ្ញាត ។ បើជនណាម្នាក់បំពាននឹងការហាមឃាត់នេះ នឹងត្រូវទទួលទោសតាមច្បាប់ ប៉ុន្តែអាជ្ញាធរចិនពុំបានបញ្ជាក់ពីទោសរបស់ជនល្មើសច្បាស់លាស់ទេ ៕










