តារាចម្រៀងនិងសម្តែង បញ្ញា សិទ្ធ បានបង្ហាញដំណឹងអកុសលមួយគឺក្មួយស្រីរបស់ខ្លួននិងមិត្តភក្តិរបស់គេ២នាក់បានបាត់បង់ជីវិតជាមួយគ្នាដោយសារតែលង់ទឹក។ បើតាមការឱ្យដឹងពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលក្មេងៗដែលបានបាត់បង់ជីវិតទាំង៣នាក់ក្នុងហេតុការតែមួយនេះគឺលង់ទឹកបឹងទឹកជោរ។
ម៉ោង៣ជាងទៀបភ្លឺឈានចូលថ្ងៃទី៩ កក្កដា តារាចម្រៀងនិងសម្តែង បញ្ញា សិទ្ធ បាន Live នៅលើបណ្តាញសង្គមរបស់ខ្លួនដែលកំពុងមានទុក្ខជាទម្ងន់ដោយក្មួយស្រីរបស់លោកនិងមិត្តភក្តិរបស់គេពីរនាក់ផ្សេងទៀតបានស្លាប់ជាមួយគ្នាដោយសារតែលង់ទឹក។ អ្នកក្នុងចង្កោមសិល្បៈរួមទាំងអ្នកគាំទ្របានចូលរួមរំលែកទុក្ខក្នុងហេតុការណ៍ដ៏ស្លុតមួយនេះ និងមរណភាពក្មួយស្រីរបស់តារាប្រុសរូបនេះផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានបង្ហាញអារម្មណ៍រន្ធត់ចិត្តជាខ្លាំងចំពោះដំណឹងដែលមានក្មេងលង់ទឹកស្លាប់ម្តង៣នាក់នេះនិងស្នើដល់ឪពុកម្ដាយ អាណាព្យាបាល មើលថែកូនៗឱ្យបានល្អ។ ឯកឧត្តម បានសរសេរនៅលើបណ្តាញសង្គមថា «យប់មិញពិតជារន្ធត់ចិត្តជាខ្លាំង ក្រោយទទួលបានដំណឹងថា មានប្រជាជននៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បាត់ខ្លួន កូនៗចំនួន ៣ នាក់ (អាយុ១២;១៣ឆ្នាំ)និងឃើញតែស្បែកជើង និង អាវនៅមាត់ស្រះទឹក ។ រដ្ឋបាលខេត្ត ក្រុងស្រុក និង កងកម្លាំងចម្រុះបានទៅដល់ ហើយរកអ្នកចេះមុជទឹក បង់សំណាញ់ រាវរកក្នុងស្រះ បានឃើញ តែអកុសល ក្មួយៗទាំង ៣ បានផុតជីវិតអស់ហើយ។ សូមបួងសួង ឱ្យវិញ្ញាណក្ខន្ធ ក្មួយៗបានទៅកាន់សុគតិភព ។ សូមឪពុកម្ដាយ អាណាព្យាបាល មើលថែកូនៗឱ្យបានល្អ៕