ដល់រដូវវស្សាសត្វមូសគឺមានឱកាសយ៉ាងច្រើនក្នុងការជ្រកកោនក្នុងផ្ទះរបស់យើង ទោះបីជាយើងបិទទ្វារជិតយ៉ាងណាក៏ដោយ ក៏ពួកវានៅតែអាចជ្រៀតចូលបាន ដែលធ្វើឱ្យរំខាន និងបង្កជារោគផ្សេងៗលើកុមារនិងមនុស្សចាស់។ ជាការពិតណាស់ នៅពេលមានមូសខាំមនុស្សភាគច្រើនតែងតែប្រើថ្នាំបាញ់មូស ឬអុជធូបមូសជាដើម ដូច្នេះដើម្បីជំនួសការប្រើវិធីសាស្ត្រនេះ យើងសូមណែនាំគន្លឹះងាយដូចខាងក្រោម ធានាថានឹងកម្ចាត់មូសយ៉ាងមានប្រសិទ្ធភាពបំផុត។
១.ប្រើអាល់កុល ឬស្រាបៀរ៖ មានដែរលួចឆ្ងល់អត់ថានៅក្នុងបារ ឬក្លឹបកម្រមានបញ្ហាមូសខាំណាស់ នេះក៏ព្រោះតែពពួកសត្វល្អិតនោះស្អប់ក្លិនស្រាបៀ និងស្រាជាខ្លាំង។ អ្វីដែលត្រូវធ្វើគឺដាក់ស្រាបៀ ឬអាល់កុលមួយកែវនៅក្នុងបន្ទប់ ឬក្នុងផ្ទះធានាថាមូសនិងលែងហ៊ានបង្កើតជម្រកក្នុងបរិវេណផ្ទះយើងទៀតហើយ។
២.ទៀនក្រអូប៖ ទៀនក្រអូបគឺមានប្រជាប្រិយភាពជាខ្លាំងបំផុតសម្រាប់ការប្រើប្រាស់ជាទូទៅ ពេលយើងមានដំណើរកម្សាន្តទៅក្រៅ ឬបោះតង់តាមព្រៃភ្នំជាដើម។ គ្រាន់តែដាក់ទៀនក្រអូបនៅជុំផ្ទះរបស់យើង នោះផ្ទះរបស់យើងនឹងលែងមានមូសទៀតហើយ ព្រោះក្លិនក្រអូបនឹងដេញមូសមិនឱ្យហើរមកជិតយើងបានឡើយ។
៣.ជីរអង្កាម៖ ជីរអង្កាមមានក្លិនមុតស្រួច និងស្ងួត ហើយអាចប្រើបានទាំងប្រេង និងរុក្ខជាតិថែមទៀតផង។ ប្រសិនបើយើងមានរុក្ខជាតិនេះដាំនៅក្នុងផ្ទះ សូមបេះស្លឹកពីរបី ហើយញីឱ្យម៉ត់នៅចន្លោះដៃដើម្បីបញ្ចេញប្រេងឡើងមក រួចយកមកលាបលើខ្លួនជាការស្រេចនោះមូសនឹងលែងហ៊ានចូលមកជិត។ ជម្រើសមួយទៀតគឺបង្កើតថ្នាំបាញ់ជីរអង្កាម ដើម្បីធ្វើឱ្យផ្ទះរបស់យើងប្រែជាស្រស់ថ្លានិងបាត់មូសទាំងអស់។
៤.ញ៉ាំខ្ទឹមស៖ ខ្ទឹមសត្រូវបានគេប្រើនៅក្នុងថ្នាំដេញមូសជាច្រើនប្រភេទ ដូច្នេះហេតុអ្វីបានជាវាការពារអ្នកមិនឱ្យមូសខាំបានពេលបរិភោគរួច? បន្ទាប់ពីបរិភោគអាហារមានជាតិខ្ទឹមរួច មូសមិនអាចរំខានអ្នកបានឡើយ នេះក៏ព្រោះតែមូសស្អប់ក្លិនខ្ទឹមបំផុត។
៥.ពាក់អាវស៖ ដើម្បីចៀសវាងបញ្ហាមូសខាំអ្នកត្រូវពាក់អាវសជានិច្ច ដោយសារការស្លៀកសម្លៀកបំពាក់ពណ៌ផ្សេងៗគឺគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់សត្វមូស ព្រោះមានពន្លឺខ្លាំង តែពណ៌ស មូសមិនចាប់អារម្មណ៍ទេ។ ទោះជាយ៉ាងណាក៏ដោយ មូសនៅតែអាចខាំបានដែរ តែខាំតិចជាងអ្នកពាក់អាវពណ៌ផ្សេងជាពិសេសអាវពណ៌ខ្មៅតែម្ដង។
៦.សាប៊ូលាងចាន៖ លាយសាប៊ូលាងចានបន្តិចដាក់ជាមួយទឹកធម្មតាក្នុងធុងតូចល្មម រួចយកទៅដាក់នៅកន្លៀតផ្ទះមួយយប់ជាការស្រេច។ ការធ្វើបែបនេះមូសនឹងទៅរោមធុងទឹក ហើយវានឹងងាប់ក្នុងនោះជាមិនខាន៕










