ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ប្រទេសអង់គ្លេសបានរៀបចំការប្រកួតសត្វខ្យងវារដើម្បីដណ្តើមជើងឯកពិភពលោក ដែលមានបេក្ខជនយកខ្យងជាច្រើនក្បាលមកចូលរួមប្រកួត និងមានភ្ញៀវទេសចរមកទស្សនាជាច្រើននាក់ ។ ការប្រកួតនេះរៀបចំឡើងនៅភូមិខុមហែម តំបន់ន័រហ្វស ហើយបើទោះជាក្នុងអំឡុងពេលប្រកួតមានភ្លៀងធ្លាក់ក្តី ប៉ុន្តែវាពុំមែនជាឧបសគ្គដល់ការប្រកួតទេ ។
នៅឆ្នាំ២០២៤នេះ ខ្យងដែលទទួលបានជ័យជម្នះក្នុងការប្រកួតមានឈ្មោះថា «ជេស» ដែលបានវារទៅដល់ចំណុចគោលដៅនៅរង្វង់មូលពណ៌ខ្មៅ លឿនជាងខ្យងផ្សេងៗទៀត គឺចំណាយពេល៤នាទី និង៣វិនាទី ។

ទោះយ៉ាងណា បើទោះជាខ្យង «ជេស» អាចវារទៅដល់គោលដៅបានរហ័សជាងខ្យងផ្សេងៗក្តី ប៉ុន្តែវាពុំអាចយកឈ្នះការប្រកួតនាពេលកន្លងមកទេ ។ កាលពីឆ្នាំ១៩៩៥ ខ្យងឈ្មោះ «អាឈី» បានវារទៅដល់គោលដៅ ដោយចំណាយពេលត្រឹមតែ២នាទី និង២០វិនាទីប៉ុណ្ណោះ ។
ការប្រកួតលើកនេះ បេក្ខជនបានយកខ្យងមកចូលរួមប្រកួត ចំនួន១៥០ក្បាល ដើម្បីដណ្តើមជើងឯកពិភពលោក ដែលប្រទេសអង់គ្លេសបានរៀបចំការប្រកួតខ្យងវារបែបនេះ តាំងពីឆ្នាំ១៩៦០ មកម៉្លេះ ។ គេបានឃើញគណៈកម្មការម្នាក់ៗឈរពាក់អាវភ្លៀង ខណៈការប្រកួតរៀបចំនៅលើតុមួយ ដែលមានគំនូសរង្វង់មូលពណ៌ខ្មៅព័ទ្ធជុំវិញ និងមានរង្វង់មូលពណ៌ក្រហមនៅចំណុចកណ្តាល ហើយបើខ្យងណាអាចវារទៅដល់រង្វង់មូលពណ៌ខ្មៅមុនគេ នឹងទទួលបានជ័យជម្នះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក ប្រទេសអង់គ្លេសធ្លាប់បានរៀបចំការប្រកួតជីកសត្វជន្លេន (World Worm Charming Championship) ដើម្បីដណ្តើមជើងឯកពិភពលោក ផងដែរ គឺនៅទីក្រុងឈេសឃៀ ។ ពេលនោះ មានបេក្ខជនចូលរួមប្រកួតជាច្រើននាក់ ដែលបានយកឧបករណ៍ជាច្រើនប្រភេទមកជីកជន្លេន ៕