អ្នកណាមិនស្គាល់ លោកប៉ីប៉ីឌី ជាអ្នកជំនួញទីផ្សារអនឡាញដ៏ជោគជ័យមួយរូប ជាម្ចាស់ហាង Hel Corner និង Coffee Corner ខណៈក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមមហាជន។ យ៉ាងណាមិញ ថ្មីៗនេះ លោកប៉ីប៉ីឌី ក៏បានប្រកាសខ្លួនជាចាងហ្វាងផលិតកម្មមួយរូប ត្រៀមបង្ហាញស្នាដៃលើកដំបូងតាមរយៈខ្សែភាគយន្តខ្នាតធំ រឿង«ភូមិគ្រឹះអាគម»របស់ខ្លួន ដែលគ្រោងនឹងចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងពេលឆាប់ៗខាងមុខនេះ។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគេហទំព័រផ្លូវការរបស់លោកប៉ីប៉ីឌី គឺបានធ្វើការបង្ហោះសារមួយឃ្លាយ៉ាងមានមោទនភាពថា«ពីក្មេងតូចម្នាក់ដែលចូលចិត្តការសម្តែង ធ្វើរឿងខ្លីបង្ហោះតាមYouTube និង social media ក្លាយជាចាងហ្វាងផលិតកម្ម ដែលត្រៀមបង្ហាញស្នាដៃលើកដំបូងតាមរយៈខ្សែភាពយន្ត “ភូមិគ្រឹះអាគម”»។ 
បើទោះបីជាសាច់រឿង«ភូមិគ្រឹះអាគម»នេះមិនទាន់បានបញ្ចេញក្តី ប៉ុន្តែហាក់ទទួលបាននូវការគាំទ្រយ៉ាងច្រើនក្នុងចំណោមមហាជន ទន្ទឹងរងចាំមើលរឿងនេះស្ទើរតែគ្រប់គ្នា ព្រោះតែជឿជាក់លើការសម្តែងរបស់ក្រុមលោកកាលពីពេលកន្លងៗមកនេះ ដឹងថាមិនខកបំណងនោះឡើយ។
បើយោងតាមកិច្ចសម្ភាស៍តួសម្តែង នៅក្នុងពិធីក្រុងពាលីថតខ្សែភាពយន្តខ្នាតធំនេះបានឲ្យដឹងថា រឿងមួយនេះប្រព្រឹត្តិទៅនៅក្នុងសម័យអាណានិគមបារាំង ទាំងសម្លៀកបំពាក់តាមសម័យកាល បច្ចេកទេសថតខ្ពស់ ឈុតឆាកសម្តែងដូចពិតតែម្តង ខណៈសាច់រឿងនៃរឿងនេះគឺដកស្រង់ពីជំនឿនិងទំនៀមទម្លាប់នៃការប្រើប្រាស់អាគមខ្មែរយើងកាលពីសម័យដើម។ ចំពោះទីតាំងនៃការសម្តែងវិញគឺប្រព្រឹត្តិទៅចំនួន៤ខេត្តគឺខេត្តព្រះវិហារ កំពង់ស្ពឺ ក្រចេះ បាត់ដំបង៕











