បរទេស៖ ភ្ញៀវទេសចរបរទេសដែលបានមកទស្សនាប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះគឺពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជំនឿអរូបីយ និងជំនឿខាងវិញ្ញាណផ្សេងៗ ដែលធ្វើឱ្យឧស្សាហកម្មរបស់ប្រទេសនេះរីកចម្រើនយ៉ាងខ្លាំង។
លោក Shivam Dwivedi ដែលរស់នៅក្នុងសង្កាត់ Prayagraj រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បាននិយាយថា ថ្មីៗនេះគឺមានយុវជនបរទេសជាច្រើនដែលមានអាយុប្រហែល ១៩ ទៅ ២៧ ឆ្នាំបានមកបន់ស្រន់នៅព្រះវិហារមួយក្នុងសង្កាត់នោះ យ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ ធ្វើឱ្យជំនឿសាសនារបស់ប្រទេសនេះមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។
លោក Shivam Dwivedi បានបន្តទៀតថា យុវជនវ័យក្មេងទាំងនោះទំនងជាមាននិស្ស័យជាមួយអាទិទេព ឬព្រះដើម្បីស្វែងរកសន្តិភាពផ្លូវចិត្តលើការធ្វើដំណើរបែបផ្សងព្រេងរបស់ពួកគេ។ Dwivedi បានបន្ថែមថា ភ្ញៀវទេសចរបរទេសហាក់មិនសូវចាប់អារម្មណ៍ការដើរលេងសមុទ្រ ឬព្រៃភ្នំដូចពីមុនឡើយ។ នេះបើយោងតាមរបាយការណ៍ខែមីនាដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE South Asia ទេសចរណ៍ខាងវិញ្ញាណមានចំនួន ៦០% នៃទេសចរណ៍ក្នុងស្រុករបស់ប្រទេសឥណ្ឌា។ ឧស្សាហកម្មនេះត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ១៦.២% ហើយទំនងជានឹងឈានដល់ទំហំ ៤.៦ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣។
ការរីកចំរើននៃវិស័យទេសចរណ៍ខាងវិញ្ញាណបានបង្កើនប្រាក់ចំណេញនៅក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ – រួមទាំងកន្លែងស្នាក់នៅ និងការលក់រាយ ដែលកំពុងលោតលើនិន្នាការជាមួយនឹងកញ្ចប់សុខភាព រួមទាំងការសម្រាកលំហែយោហ្គា សមាធិ ធ្វើម្ហូប និងមជ្ឈមណ្ឌលទិញទំនិញដែលវិលជុំវិញប្រធានបទទាំងនោះ។ របាយការណ៍របស់ CBRE បានកំណត់ទីក្រុងចំនួន ១៤ របស់ឥណ្ឌា ដែលរួមមាន Amritsar, Ajmer, Varanasi, Ayodhya និង Puri សុទ្ធតែជាទីក្រុងសំខាន់ៗដែលមើលឃើញការរីកដុះដាលនៃវិស័យទេសចរណ៍ខាងវិញ្ញាណ។
លោក Anshuman ប្រធាន និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE India បាននិយាយថា “ការរីកចម្រើនយ៉ាងឆាប់រហ័សនៃទេសចរណ៍ខាងវិញ្ញាណនៅក្នុងប្រទេសឥណ្ឌាកំពុងជំរុញឱ្យមានការរីកលូតលាស់នៃទីផ្សារទេសចរណ៍ផ្អែកលើជំនឿរបស់ប្រទេសនេះ”។ ដូច្នេះយោងតាមទិន្នន័យចុងក្រោយ ភ្ញៀវទេសចរប្រហែល ១០.៤៧ លាននាក់គឺសុទ្ធតែបានទៅទស្សនាតំបន់សាសនានានាក្នុងប្រទេសឥណ្ឌានៅឆ្នាំនេះ៕










