មនុស្សម្នាក់ៗសុទ្ធតែមានបុគ្គលិកលក្ខណៈខុសៗគ្នាដោយអ្នកខ្លះចូលចិត្តធ្វើអ្វីមួយ ឬសម្រេចការងារអ្វីមួយតាមអារម្មណ៍ ឬបេះដូងជាជាងប្រើខួរក្បាល ខណៈអ្នកខ្លះទៀតចូលចិត្តធ្វើតាមខួរក្បាលជាជាងអារម្មណ៍ ឬបេះដូង។ តើអ្នកធ្លាប់សង្កេតខ្លួនឯងដែរឬទេ ប្រសិនបើអ្នកចូលចិត្តធ្វើតាមបេះដូងច្រើនជាងអាចជាមនុស្សដែលមាន EQ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តធ្វើតាមខួរក្បាលច្រើនជាងអាចជាមនុស្សដែលមាន IQ ។ ហេតុនេះប្រសិនបើអ្នកមិនទាន់ដឹងថាខ្លួនជាមនុស្សមានបុគ្គលិកលក្ខណៈបែបណានោះទេ អាចមើលអត្ថបទមួយនេះបាន។
ជាដំបូងយើងត្រូវដឹងពីអត្ថន័យនៃពាក្យ IQ និង EQ ជាមុនសិន៖
-IQ បានមកពីពាក្យពេញថា Intelligence Quotient ដែលប្រែថាជាកំរិតបញ្ញា គឺជារង្វាស់បញ្ញាម្យ៉ាង។ IQ ជាតេស្តស្តង់ដា ដែលមានពិន្ទុមេដ្យាន ១០០ និងគំលាតស្តង់ដា ១៥ ត្រូវបានបង្កើតឡើងដើម្បីស្ទង់មើលប្រាជ្ញាមនុស្ស។ វាជារង្វាស់សមត្ថភាពក្នុងការយល់ដឹង ការប្រើប្រាស់ចំណេះ អនុវត្តដើម្បីសម្របសម្រួល និងគ្រប់គ្រងមជ្ឈដ្ឋានជុំវិញខ្លួន ឬសមត្ថភាពក្នុងការគិតជាអរូបី តក្កៈ និងការវិនិច្ឆ័យជាដើម។ ដូច្នេះបុគ្គលិកលក្ខណៈមនុស្ស IQ រួមមាន៖
១.ជាមនុស្សដែលមានភាពបត់បែនលឿន មានន័យថា ចូលស្ទឹងតាមបទចូលស្រុកតាមប្រទេស
២.ជាមនុស្សរៀនអ្វីថ្មីៗឆាប់ចេះ ឆាប់យល់បានលឿន
៣.ជាមនុស្សចង់ចេះ ចង់ដឹង គ្រប់ពេលវេលាដោយគ្មានដែនកំណត់
៤.ជាមនុស្សបើកចិត្តទូលាយដោយទទួលយកគំនិត និងឱកាសថ្មីៗជានិច្ច
៥.ជាមនុស្សចូលចិត្តបង្កើតអ្វីជារបស់ផ្ទាល់ខ្លួន មិនចូលចិត្តចម្លងពីគេ
៦.ជាមនុស្សអាចគ្រប់គ្រងខ្លួនឯងបានខ្ពស់
៧.ជាមនុស្សមានទំនោរចូលចិត្តលេងសើច
៨.ជាមនុស្សដែលអាចដឹងពីបទពិសោធន៍របស់អ្នកដទៃ ដូចជាដឹងថា នរណាកំពុងគិតពីអ្វី? មានអារម្មណ៍បែបណាជាដើម។
-រីឯពាក្យ EQ វិញមានឈ្មោះពេញថា Emotional Quotient ដែលប្រែថា កំរិតអារម្មណ៍ គឺជារង្វាស់បញ្ញានៃអារម្មណ៍ ឬសមត្ថភាពក្នុងការប្រើប្រាស់ទាំងអារម្មណ៍ និងចំណេះដឹង នៅក្នុងជីវិត។ ឃ្លានេះត្រូវបានគេបង្កើតឡើង និងប្រើប្រាស់ដំបូងបង្អស់ក្នុងទសវត្សឆ្នាំ ១៩៨០ ហើយបញ្ជាក់ថា EQ មានតម្លៃដូច IQ ដែរ។ ដូច្នេះបុគ្គលិកលក្ខណៈរបស់មនុស្ស EQ រួមមាន៖
១.អាចយល់ដឹងដោយខ្លួនឯង
២.អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន រួមទាំងចេះសម្របខ្លួន ធ្វើឱ្យមានភាពប្រសើរដើម្បីសម្រេចគោលដៅ និងមានចក្ខុវិស័យវិជ្ជមាន
៣.អាចយល់ដឹងពីសង្គមច្រើនដូចជា មានការយល់ចិត្តអ្នកដទៃ និងបរិយាកាសជុំវិញខ្លួនបានលឿន
៤.មានសមត្ថភាពអាចស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯង
៥.ជាមនុស្សអាចលើកទឹកចិត្តខ្លួនឯងនិងអ្នកដទៃបានយ៉ាងល្អ
៦.អាចគ្រប់គ្រងទំនាក់ទំនងបានយ៉ាងល្អដូចជា អាចធ្វើជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ជាគ្រូបង្វឹក ជាអ្នកតម្រង់ទិសអ្នកដទៃ គ្រប់គ្រងជម្លោះនានា ធ្វើការងារជាក្រុមបានល្អ និងមានភាពជាអ្នកដឹកនាំ ដើម្បីអាចជំរុញឱ្យមនុស្សមានកម្លាំងចិត្តខ្ពស់ក្នុងការធ្វើការងារឱ្យសម្រេចបានលឿនដូចទៅនឹងអ្វីដែលបានរំពឹងទុក។
ហេតុនេះសរុបសេចក្តីមក រវាងមនុស្សមាន IQ និង EQ សុទ្ធតែជាមនុស្សជោគជ័យក្នុងជីវិតទាំងអស់ គ្រាន់តែអ្នកខ្លះមានភាពឆ្លាតវៃដោយខួរក្បាល និងអ្នកខ្លះទៀតមានភាពឆ្លាតវៃដោយអារម្មណ៍ ឬបេះដូងជាដើម៕










