ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍គួរឱ្យរន្ធ.ត់ ចិត្តមួយកើតឡើងនៅប្រទេសឥណ្ឌា គឺទឹកបានហូរខ្លាំង និងកួចយកជីវិតគ្រួសារនេះម្តងម្នាក់ៗ បើទោះជាពួកគេព្យាយាមឈរឱបគ្នាខ្លាំងប៉ុនណាក្តី ។ 
វាធ្វើឱ្យអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកសោកស្តាយយ៉ាងខ្លាំង ហើយអាជ្ញាធរនិយាយថា ពលរដ្ឋទាំងអស់ពុំគួរទៅដើរលេងនៅតំបន់ទឹកជ្រោះទេ ជាពិសេស ក្នុងរដូវវស្សា ។
គ្រួសារមួយនេះបាននាំគ្នាមកលេងនៅទឹកជ្រោះមួយកន្លែង ប៉ុន្តែពេលពួកគេកំពុងតែសប្បាយរីករាយនោះ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យទឹកហូរពីតំបន់ព្រៃភ្នំភ្លាមៗ ។ ពេលនោះ ពួកគេរត់ឡើងគោកវិញពុំទាន់ទេ និងបានឈរឱបគ្នានៅកណ្តាលទឹកហូរខ្លាំង បន្តិចក្រោយមក ទឹកក៏បានកួចយកសមាជិកគ្រួសារអស់ចំនួន៥នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់ទឹកជ្រោះ Lonavala ស្ថិតនៅក្បែរទំនប់ភូជិ ក្នុងរដ្ឋ Maharashtra ។ អ្នកឃើញហេតុការណ៍រៀបរាប់ថា សាច់ញាតិគ្រួសារនេះដែលធ្វើដំណើរមកពីទីក្រុងនានា បាននាំគ្នាមកលេងនៅតំបន់ទឹកជ្រោះបន្ទាប់ពីពួកគេចូលរួមពិធីអាពាហ៍ពិពាហ៍ ប៉ុន្តែពេលលេងទឹកសុខៗ ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកហូរពីតំបន់ភ្នំ ។
បន្ទាប់មក ពួកគេក៏ឈរឱបគ្នាយ៉ាងណែន ប៉ុន្តែទឹកបានកួចយកសមាជិកគ្រួសារនេះម្តងម្នាក់ៗ រហូតស្លាប់អស់ចំនួន៥នាក់ ក្នុងនោះមានអាយុ៣៦ឆ្នាំ, ១៣ឆ្នាំ, ៨ឆ្នាំ, ៤ឆ្នាំ និង៩ឆ្នាំ ។ រីឯមនុស្ស៣នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់ ក្រោយពីភ្នាក់ងារបានជួយសង្គ្រោះនាពេលបន្ទាប់ ។
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ថា កូនកំលោះ និងកូនក្រមុំ បានរួចផុតពីគ្រោះថ្នាក់នេះក្នុងអំឡុងពេលពួកគេទៅកម្សាន្តនៅតំបន់ទឹកជ្រោះជាមួយសាច់ញាតិ ចំនួន១៩នាក់ ។ អាជ្ញាធរបានសំណូមពរថា សូមពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្លួន ជាពិសេស ពេលទៅលេងទឹកជ្រោះនៅរដូវវស្សា ពីព្រោះគ្រោះថ្នាក់ធម្មជាតិអាចកើតឡើងគ្រប់ពេលវេលា ៕










