MV បទថ្មីរបស់ Lisa សមាជិក Blackpink ដែលទើបតែបានបញ្ចេញថ្មីៗក្តៅៗ នៅលើយូធូបផ្លូវការរបស់នាងកាលពីប៉ុន្មានថ្ងៃមុននេះ គឺឃើញថាមានសន្ទុះនៃការគាំទ្រយ៉ាងផុសផុលនៅជុំវិញពិភពលោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺការថត MV របស់នាងបានប្រព្រឹត្តិទៅនៅឯទីតាំងសំខាន់ៗមួយចំនួនក្នុងប្រទេសថៃ។ យ៉ាងណាមិញ មតិជាច្រើនបានលើកឡើងជាចម្ងល់ថា តាមរយៈ MV បទថ្មីរបស់ Lisa ក្រៅពីបង្ហាញពីសក្កានុពលរបស់នាងហើយ តើវាពិតជាជួយជំរុញកំណើនទេសចរថៃមែនដែរឬទេ?
តាមរយៈ MV ថ្មីរបស់នាងក្រោមចំណងជើងថា Rockstar ដោយសង្កេតឃើញថា ទីតាំងនៃការថតនិងសម្តែងបានប្រព្រឹត្តិទៅនៅលើនៅផ្លូវ Yaowarat ដែលត្រូវបានគេស្គាល់ថាជា China Town កណ្តាលទីក្រុងបាំងកក ប្រទេសថៃ។ China Town គឺជាផ្លូវដ៏មមាញឹកមួយលំដាប់ប្រទេស ដែលនៅទីនោះគឺប្រជុំទៅដោយ ម្ហូបអាហារទាំងថៃនិងចិនរាប់រយមុខ នៅលើដងវិថីយ៉ាងអ៊ូអរ និងទាក់ទាញភ្ញៀវទេសចរមិនដាច់នោះឡើយ។
ខណៈដែលទីតាំងមួយកន្លែងទៀតរបស់ LISA ក្នុងបទចម្រៀងនោះ គឺនាងបានជ្រើសរើសយកអាគារ “New World Department Store” ក្នុងប្រទេសថៃផងដែរ។ អគារនេះទៀតសោត ត្រូវបានគេចារទុកជាប្រវត្តិសាស្ត្រថាជា អាគារផ្សារទំនើបខ្មោចតៃហោង ដែលត្រូវបានគេបោះបង់ចោលតាំងពីយូរមកហើយ។
ដោយសង្កេតឃើញថា ក្នុងមួយបទចម្រៀងពេញរបស់ Lisa នេះ ដែលទីតាំងថតនិងសម្តែងគឺស្ថិតនៅក្នុងប្រទេសថៃទាំងស្រុង ជាពិសេសគឺផ្តោតយ៉ាងសំខាន់ទៅលើផ្លូវ China Town ដ៏មមាញឹករបស់ប្រទេស ដែលបន្ថែមពីលើការបង្ហាញសក្តានុពលរបស់នាងទៅលើឧស្សាហកម្មតន្រ្តីហើយ បទមួយនេះក៏បានជួយជំរុញសេដ្ឋកិច្ចថៃក្នុងអំឡុងពេលនេះ ជាពិសេសជំរុញកំណើនទេសចរជនជាតិចិនផងដែរ។
បើយោងតាមប្រភពក្រសួងទេសចរថៃ កាលពីថ្ងៃទី១ ខែកកក្កដានេះក៏បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរនៅតាមបណ្តាយផ្លូវ China Town គឺបានកើនឡើងទ្វេដង បន្ទាប់ពីការបញ្ចេញ MV របស់ Lisa ពិតមែន។
ខណៈដែលអាជ្ញាធរទីក្រុងបាំងកកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការដាក់ចេញក៏ដូចជាធានានូវវិធានការនានាដើម្បីជួយសម្រួលដល់ភ្ញៀវទេសចររបស់ខ្លួន ដូចជាជួយសម្រួលចរាចរណ៍ ការកកស្ទះ ជាពិសេសនៅតាមបណ្តោយផ្លូវយ៉ាវរ៉ាត់ បង្កើនសុវត្ថិភាពអ្នកថ្មើរជើង ពង្រឹងការគ្រប់គ្រងសំរាម ការសម្អាតផ្លូវ បន្ទប់ទឹកសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាដើម៕










