Home ព័ត៌មានអន្តរជាតិ Antilia ក្លាយជាលំនៅឋានមានតម្លៃថ្លៃបំផុតលើពិភពលោក

Antilia ក្លាយជាលំនៅឋានមានតម្លៃថ្លៃបំផុតលើពិភពលោក

60
0

ប្រទេសឥណ្ឌា ៖ បើនិយាយពីអគារមានតម្លៃថ្លៃកប់ពពក មនុស្សភាគច្រើននឹងនឹកឃើញដល់វិមានធំស្កឹមស្កៃ មានគ្រឿងសង្ហារិម និងសម្ភារៈតុបតែងពាសពេញ ខណៈអ្នកខ្លះទៀតនឹកឃើញដល់ព្រះរាជវាំង ឬអគារធំៗ ។ ប៉ុន្តែសារព័ត៌មាន KBN នឹងនាំលោកអ្នកទៅស្គាល់លំនៅឋានមួយឈ្មោះ «Antilia» ដែលសាងសង់ឡើង
តាមលក្ខណៈទំនើបនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា និងជាប់ចំណាត់ថ្នាក់ជាលំនៅឋានមានតម្លៃថ្លៃបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOB98siqD4szG49ZefqOAba0iI7RcItbiCjuJstXOouWQRpYIHvdRurO8Pwel1D2aVI9UovsEKUXObUrT-lmoGcjvMFV78jO_Na_HR8_uZP-aqTwRQDuvddVXQnpG1bbYRbEmXSCU1mY5fLJg6SzQuOrIk97vzb72kw7N7hyphenhyphennAWI6oNtmq1Q_rSr-WI68/s400/107949028.webp

Antilia គឺជាលំនៅឋានមួយដែលគេចាត់ទុកថា មានតម្លៃថ្លៃបំផុតនៅប្រទេសឥណ្ឌា និងលើពិភពលោក ។ លំនៅឋាននេះជាកម្មសិទ្ធិរបស់មហាសេដ្ឋី និងជាអ្នកជំនួញឥណ្ឌាមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ គឺលោក Mukesh Ambani និងភរិយា ដែលអ្នកទាំងពីរមានកូនចំនួន៣នាក់ ។ ក្រៅពីនេះ លោក Mukesh Ambani ក៏បានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ទី១១ លើពិភពលោកផងដែរ ។

កាលពីឆ្នាំ២០១៤ គេបានវាយតម្លៃថា លំនៅឋានមានតម្លៃប្រមាណ២.០០០លានដុល្លារអាមេរិក ដែលជាតម្លៃខ្ពស់ជាងលំនៅឋានឯកជនផ្សេងៗ ។ ហេតុនេះ វាបានក្លាយជាកន្លែងទាក់ទាញចំណាប់អារម្មណ៍ពីពលរដ្ឋឥណ្ឌា និងជនបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAxQoCqCCoEo-ZJwdnmXCWrq4vlXLyXkCs8lBPtcFLqzvvLUEQz72cuH6Ut4mpTjM_ETaCoA6YV2I3kfxkKwbjdfcxnvO0ZfoQFLx67OceS9q-D5K_2uhezXudWU4lsGFsk8scCeZed6SzyWJcwfrGmNASGZJU7SuYF_HToON-ddCTU9SebAjDehDtlPo/s1200/wp8028490_antilia_wallpapers.jpg

លំនៅឋាននេះមានកម្ពស់សរុប២៧ជាន់ ប៉ុន្តែមានតែសមាជិកគ្រួសាររបស់មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ប៉ុណ្ណោះ ដែលរស់នៅទីនេះ ។ ក្រៅពីនេះ មានបុគ្គលិកផ្នែកបោសសម្អាតអគារ និងបុគ្គលិកផ្តល់ការថែទាំគ្រួសាររបស់មហាសេដ្ឋីរូបនេះ រហូតដល់៦០០នាក់ ។ ក្រៅពីបុគ្គលិករាប់រយនាក់ ក៏មានក្រុមអង្គរក្ស និងរថក្រោះជាច្រើនគ្រឿងទៀតសម្រាប់ជួយការពារគ្រួសារនេះផងដែរ ។

នៅបរិវេណខាងក្នុង មានអាងហែលទឹកជាច្រើនកន្លែង, ចំណតឧទ្ធម្ភាគចក្រចំនួន៣, រោងភាពយន្តផ្ទាល់ខ្លួន ដែលមានកៅអីអង្គុយចំនួន៥០ ព្រមទាំងចំណតរថយន្តយ៉ាងធំទូលាយ ដែលអាចចតរថយន្តរហូតដល់១៦៨គ្រឿង ។ ក្រៅពីនេះ ក៏មានសួនច្បារ, មណ្ឌលសុខភាព, បន្ទប់ហាត់ប្រាណ, បន្ទប់ប្រជុំ, បន្ទប់ទទួលទានអាហារ និងបន្ទប់ជាច្រើនទៀត ។ រីឯការបុកគ្រឹះសាងសង់លំនៅឋាន គឺអាចទប់ទល់នឹងគ្រោះរញ្ជួយដី និងខ្យល់ព្យុះទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Kh-hTZ0ZRgHt44mE5YFS2FCMaG_vbZohzKUiElCM7GNB60hRA1_uBJJ3cSYBHQNvxRDPb9cpiWi_M-7pYkVytcjFejCNvG1cSaO_AwECrYdYMVRP_GZgTkLx_iqZXx3aeJRoCVNNyrxRoB6sDkfU5mTmAFk_UE4OcsdPkl_oTTpC-XhyphenhyphenPPmue7gWulg/s700/65e73c0e6080194819fc8755.webp

ចំណែកមូលហេតុដែលលំនៅឋាននេះមានឈ្មោះថា Antilia គឺដើម្បីគោរពដល់កោះ Antilia ដែលមានប្រវត្តិពាក់ព័ន្ធនឹងរឿងនិទាន ។ កាលពីឆ្នាំ២០១០ លំនៅឋាននេះបានជាប់ចំណាត់ថ្នាក់ជា «លំនៅឋានឯកជនមានតម្លៃរាប់លានដុល្លារអាមេរិក» ជាលើកដំបូងលើពិភពលោក និងមានតម្លៃសាងសង់ក្រោមព្រះរាជវាំង Buckingham នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស តែបន្តិចប៉ុណ្ណោះ ។

ប៉ុន្តែព្រះរាជវាំង Buckingham គឺជាព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រប្រទេសអង់គ្លេស ទើបគេពុំអាចចាត់ចំណាត់ថ្នាក់ប្រៀបធៀបជាមួយលំនៅឋាន Antilia នៅប្រទេសឥណ្ឌាបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWqeUcWU7sX0XJNXFrcc3DXsHcH8nWDas5GGbuculXgtpg4DwcXMh6mN2xWwaDISkzv_LMzlRjl02FUbGT0DTXy0YPrl_IJN4WJRDacUJ0ea5skvoWuSO4vLPWyhDpJOUlX-uanVZR4WfUdqFNPq5FHHZ1r2c-5eitUlkPekYvpS54jbPH0zDWnA6AGwA/s688/42-25933641.jpg

បើទោះជាលំនៅឋាននេះសាងសង់ឡើងដោយប្រាក់ និងកម្លាំងញើសឈាមរបស់មហាសេដ្ឋីឥណ្ឌាក្តី ប៉ុន្តែក៏មានមតិរិះគន់ពីមហាជន និងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាថា វាជាការសាងសង់លំនៅឋានចំណាយប្រាក់ខ្ជះខ្ជាយ និងចង់បង្ហាញឱ្យគេឃើញពីទ្រព្យសម្បត្តិប៉ុណ្ណោះ ។ មតិខ្លះទៀតថា ការសាងសង់លំនៅឋាននេះអាចប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់អគ្គិសនីច្រើនលើសលប់ ។

បច្ចុប្បន្ន លំនៅឋាន Antilia បានក្លាយជាកន្លែងទាក់ទាញមួយនៅទីក្រុងបុមបៃ ដែលមានភ្ញៀវទេសចរបរទេសជាច្រើនបានមកថតរូបនៅបរិវេណខាងមុខលំនៅឋាន ។ បើទោះជាវាជាទីពេញនិយមរបស់ភ្ញៀវទេសចរក្តី ប៉ុន្តែលំនៅឋាននេះពុំអនុញ្ញាតឱ្យមនុស្សទូទៅចូលទៅបរិវេណខាងក្នុងឡើយ ៕