កាលពីថ្ងៃទី១ ខែកក្កដានេះ យោងតាមប្រភពសារព័ត៌មានថៃ The Nation បានឲ្យដឹងថា ការធ្វើយុទ្ធនាការណ៍រវាងក្រសួងទេសចរណ៍ថៃ និងក្រុមហ៊ុនតុក្កតាចិន Labubu ត្រូវបានគេរំពឹងថា នឹងអាចជួយប្រទេសថៃឲ្យសម្រេចបាននូវគោលដៅភ្ញៀវទេសចរចិនចំនួន ៨ លាននាក់នៅឆ្នាំ២០២៤នេះ។
យុទ្ធនាការបង្ហាញវត្តមានតុក្កតា Labubu នៅឯអាកាសយានដ្ឋានសុវណ្ណភូមិប្រទេសថៃនឹងប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃគឺពីថ្ងៃទី១ដល់ទី៤ ខែកក្កដានេះ ដោយសង្កេតឃើញតុក្កតា Labubu ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីថៃ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំនិងសាធារណៈជនទូទៅ។
ប្រភពដដែលបានបញ្ជាក់ថា យុទ្ធនាការដែលបានរៀបចំដោយអាជ្ញាធរទេសចរណ៍ថៃ និងក្រុមហ៊ុនតុក្កតាចិន Pop Mart ដែលជាក្រុមហ៊ុនផលិតតុក្កតា Labubu នេះ គឺចំណាយទឹកប្រាក់ក្នុងទំហំប្រមាណ ១ លានដុល្លារអាមេរិក។ 
ជាមួយគ្នានោះ រដ្ឋមន្ត្រីទេសចរថៃមួយរូបបានលើកឡើងថា យុទ្ធនាការនេះនឹងជំរុញការមកដល់នៃភ្ញៀវទេសចរចិន ឆ្ពោះទៅរកគោលដៅដែលខ្លួនចង់បាន គឺ៨លាននាក់ក្នុងឆ្នាំនេះ។ ប្រទេសចិនគឺជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់ប្រទេសថៃ មុនពេលជំងឺរាតត្បាតប្រទេសថៃទទួលបានភ្ញៀវទេសចរចិនចំនួនជាង ១១ លាននាក់ក្នុងចំណាមភ្ញៀវទេសចរសរុប ៣៩ លាននាក់ក្នុងឆ្នាំ ២០១៩។
យ៉ាងណាមិញ កំណើនចំនួនភ្ញៀវទេសចរចិនក្នុងបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងអំឡុងជម្ងឺរាតត្បាត កូវីដ១៩ ខណៈកាលពីឆ្នាំមុននៅត្រឹមតែ ៣.៥ លាននាក់ប៉ុណ្ណោះ ដែលជំរុញឱ្យរដ្ឋាភិបាលថៃដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការអចិន្ត្រៃយ៍សម្រាប់ជនជាតិចិន។ 
យ៉ាងណាមិញ បើក្រឡេកមកមើលពីតុក្កតា Labubu របស់ក្រុមហ៊ុនចិន Pop Mart ខណៈទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំងនៅជុំវិញពិភពលោកក្នុងអំឡុងពេលនេះ គឺព្រោះតែឥទ្ធិពលរបស់ Lisa សមាជិក Blackpink ដែលមានដើមកំណើតជាថៃ ដែលកាលពីគ្រានោះ Lisa គឺបានធ្វើការបង្ហោះរូបរបស់នាងជាមួយនឹងតុក្កតានេះនៅលើ story IG របស់នាង ធ្វើហ្វេនៗក៏ដូចជាអ្នកគាំទ្រភ្លុកទឹកភ្លុកដីសម្រុកទៅទិញតុក្កតាប្រភេទនេះ រហូតអស់ពីស្កុកនិងកើនឡើងតម្លៃទ្វេដង។
ជាមួយគ្នានោះ ក្រុមហ៊ុនចិន Pop Mart ក៏បានទទួលស្គាល់ថា ភាពល្បីល្បាញរបស់ Labubu ខ្លួនគឺបានកើតចេញពី Lisa ខណៈការលក់នៃតុក្កតានេះផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសថៃផងដែរ៕.jpg)










