ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា នាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូណេស៊ីបានសហការជាមួយសមត្ថកិច្ចកោះបាលី ដើម្បីបង្កើនវិធានការត្រួតពិនិត្យភ្ញៀវទេសចរបរទេស ព្រមទាំងពង្រឹងច្បាប់ចរាចរណ៍ផងដែរ ក្រោយពីបទល្មើសជាច្រើនបានកើតឡើងនៅតាមសហគមន៍ ។
លោក Zaffar Muhammad Godam នាយកផ្នែកត្រួតពិនិត្យ និងអនុវត្តច្បាប់របស់នាយកដ្ឋានអន្តោប្រវេសន៍និយាយថា ជនបរទេសណាដែលរំលោភច្បាប់ ពួកគេនឹងប្រឈមនឹងការដាក់ទោស ។ ជាមួយគ្នានេះ ក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានប្រគល់អំណាចឱ្យអាជ្ញាធរមូលដ្ឋានរង់ចាំតាមដានសកម្មភាពភ្ញៀវទេសចរបរទេស និងចាត់ការជនណារំលោភច្បាប់ ឬប្រពៃណីក្នុងតំបន់ ។
កោះបាលី គឺជាតំបន់រមណីយដ្ឋាន និងសេដ្ឋកិច្ចដ៏សំខាន់របស់ឥណ្ឌូណេស៊ី និងអាស៊ីអាគ្នេយ៍ ប៉ុន្តែរយៈពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា មានបទល្មើសកើតឡើងជាច្រើនកន្លែង និងអាកប្បកិរិយាពុំសមរម្យរបស់ភ្ញៀវទេសចរបរទេស ។ វាធ្វើឱ្យតំបន់នេះអសន្តិសុខ និងបង្កការភ័យខ្លាចដល់ពលរដ្ឋរស់នៅក្នុងតំបន់ ។
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនពលរដ្ឋតៃវ៉ាន់ ចំនួន១០៣នាក់ ក្នុងនោះមានស្ត្រី១២នាក់ និងបុរស៩១នាក់ ក្នុងផ្ទះស្នាក់នៅមួយកន្លែងលើកោះបាលី ពីបទប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធើរណេត ព្រមទាំងចាប់ខ្លួនបុគ្គលិកអនឡាញផងដែរ ។ អាជ្ញាធរនិយាយថា នឹងបណ្តេញពួកគេចេញពីឥណ្ឌូណេស៊ី នាពេលឆាប់ៗនេះ ។
ដោយឡែក ករណីមួយទៀតកើតឡើងនៅខែមិថុនាដូចគ្នា គឺជនបរទេសម្នាក់បានល្បីល្បាញក្នុងបណ្តាញសង្គម ដោយសារជនបរទេសរូបនេះឃាត់ស្ត្រីម្នាក់ក្នុងអំឡុងពេលនាងកំពុងបើករថយន្ត ។ បន្ទាប់មក ជនបរទេសរូបនេះក៏បានទាត់ធាក់ និងវាយនាងរហូតដួលនៅកណ្តាលផ្លូវ ។
ចំណែកជនបរទេសម្នាក់ទៀត ដែលគេសន្និដ្ឋានថា ជាជនជាតិអង់គ្លេស បានរឹបអូសរថយន្តដឹករូបចម្លាក់ រួចហើយ ក៏បើកបររថយន្តនេះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ IGusti Ngurah Rai និងបុករថយន្តជាច្រើនគ្រឿងនៅតាមផ្លូវ ហើយធ្វើឱ្យខូចខាតសម្ភារៈផ្សេងៗក្នុងអាកាសយានដ្ឋាន ។
ក្រៅពីនេះ ភ្ញៀវទេសចរបរទេសជាច្រើននាក់ទៀតនៅកោះបាលី បានជិះម៉ូតូដោយគ្មានការប្រុងប្រយ័ត្ន និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត ។ មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍លើកឡើងថា ជនបរទេសជាច្រើននាក់បានលួចធ្វើការខុសច្បាប់នៅតាមកន្លែងជាច្រើន ។
លោក Wahyu Budi Nugroho ជាសង្គមវិទូនៅសាកលវិទ្យាល័យ Udayana និយាយថា ទង្វើខុសច្បាប់របស់ភ្ញៀវទេសចរបរទេសនៅកោះបាលី មិនត្រឹមតែបំផ្លាញសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ដល់មុខមាត់របស់កោះបាលីផងដែរ ខណៈកោះនេះមានឈ្មោះល្បីល្បាញផ្នែកវប្បធម៌ ។ លោកបានសំណូមពរឱ្យអាជ្ញាធរដាក់ទោសយ៉ាងតឹងរ៉ឹងលើអ្នកប្រព្រឹត្តខុសច្បាប់ ៕










