ជាការពិតណាស់ បើនិយាយអំពីដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា គ្រប់គ្នាកម្រនឹកឃើញទឹកដីខេត្តព្រៃវែងណាស់ ព្រោះមិនសូវមានជ្រោះជ្រង ទេសភាពព្រៃភ្នំ អ្វីនោះឡើយ។ ប៉ុន្តែតាមពិតទៅ ខេត្តនេះគឺមានកន្លែងទេសចរល្បីៗ និងគួរឱ្យចាប់អារម្មណ៍បំផុត មិនចាញ់ខេត្តដទៃទៀតនោះទេ។ ខេត្តព្រៃវែង មានចម្ងាយ ៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានទីតាំងនៅភាគនិរតីនៃទន្លេមេគង្គដ៏មានសក្ដានុពល។ ខេត្តនេះក៏ជាខេត្តដែលផលិតស្រូវច្រើនជាងគេក្នុងប្រទេសកម្ពុជាយើងផងដែរ។ ដូច្នេះហើយប្រសិនបើអ្នកបានទៅដល់ខេត្តព្រៃវែង សូមកុំរំលងកន្លែងទេសចរល្បីៗទាំងនេះឱ្យសោះ!
១.រមណីយដ្ឋានប្រវត្តិសាស្ត្រនគរភ្នំ ឬគេហៅថាបាភ្នំ៖ បាភ្នំគឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដែលមានសក្ដានុពលជាងគេបំផុតនៅខេត្តព្រៃវែង។ នៅទីនេះគឺជាទឹកដីរាជធានីខ្មែរដំបូងបង្អស់ដែលមានឈ្មោះថា «នគរភ្នំ ឬហ៊្វូណន» ក្នុងរជ្ជកាលព្រះបាទ ហ៊ុន ទៀន នាសតវត្សទី១។ បរិយាកាសធម្មជាតិ អមដោយខ្យល់បរិសុទ្ធ ព្រៃឈើស្រស់បំព្រង និងវាលស្រែពណ៌ខៀវស្រងាត់គឺជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរមកកម្សាន្តទីនោះ។
លក្ខណៈពិសេសមួយទៀតគឺរមណីយដ្ឋាននគរភ្នំជាតំបន់ស័ក្ដិសិទ្ធិ ហើយប្រជាពលរដ្ឋក្នុងតំបន់តែងតែរៀបចំពិធីឡើងអ្នកតាមេសរ ជារៀងរាល់ឆ្នាំដើម្បីសុំសេចក្តីសុខ និងការពារប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ។ ដូច្នេះឈើកាច់បាភ្នំ មានទីតាំងស្ថិតនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានចម្ងាយប្រហែល ~33km ពីរង្វង់មូលមិត្តភាព។
២.សួនសត្វតាដាបាយ៉ាប៖ សួនសត្វតាដាបាយ៉ាប ឬហៅថាទេសចរណ៏ធម្មជាតិ សួនសត្វតាដាបាយ៉ាប មានទីតាំងស្ថិតនៅភូមិបាយាប ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានចម្ងាយប្រហែល ~47km ពីរង្វង់មូលមិត្តភាព។ នៅពេលមកដល់ទីនេះភ្ញៀវទេសចរអាចទៅទស្សនាសត្វចម្រុះ ដោយការដើរលេងថ្មើរជើង និងមានចំណុចសំខាន់ផ្សេងៗទៀត។
៣.បឹងស្នេហ៍៖ បឹងស្នេហ៍គឺជាកន្លែងមើលសត្វស្លាបរាប់ម៉ឺនប្រភេទ ដែលពួកវាច្រើនហោះជាក្រុមៗមកទំជ្រកនៅព្រៃលិចទឹករៀងរាល់ល្ងាច។ នៅបឹងស្នេហ៍ក្លាយជាទិដ្ឋភាពយ៉ាងស្អាតបែបធម្មជាតិជាមួយនឹងសំឡេងស្រែកឆ្លើយឆ្លងកងរំពងលាន់ឮពេញព្រៃលិចទឹកទំហំ ៨៣ ហិកតា ធ្លាយដល់ផ្ទៃជលសារបឹងស្នេហ៍ ២៧៧៦ ហិកតា ដែលព័ទ្ធជុំវិញព្រៃនោះ។
តំបន់ទេសចរណ៍បឹងស្នេហ៍ មានទីតាំងស្ថិតនៅក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្ននៅទីនោះមានពពួកសត្វស្លាបជាច្រើនប្រភេទដូចជា ននាល ក្រៀលខ្យង ទុង ក្រសារ កុក ក្អែកទឹក។ ដូច្នេះអ្នកទេសចរអាចទៅមើលសត្វបានចាប់ពីខែកក្កដា ដល់ វិច្ឆិកា តែចន្លោះខែកញ្ញា និងតុលា ជាពេលសម្បូរសត្វគ្រប់ប្រភេទជាងគេ រីឯខែវិច្ឆិកា សម្បូរតែសត្វកុកប៉ុណ្ណោះ។
៤.ចុងប៉ម៖ ចុងប៉មគឺកន្លែងមើលថ្ងៃលិចស្អាតបំផុតប្រចាំក្រុងព្រៃវែង បើភ្ញៀវទេសចរបានមកដល់ទីនេះហើយដឹងតែជាប់ចិត្តស្ទើរដកមិនរួច។ នៅទីនេះគឺមានខ្យល់អាកាសបរិសុទ្ធ អមដោយទេសភាពថ្ងៃលិចនារដូវទឹកឡើងដែលមិនចាញ់ភ្នំក្រោម និងភ្នំបាខែង ខេត្តសៀមរាបនោះទេ។ អ្នកក្រុងព្រៃវែង ទាំងសិស្ស ទាំងអ្នកធម្មតា តែងតែមកទីនេះស្រូបយកខ្យល់បរិសុទ្ធនៃក្លិនទឹកទន្លេ ត្រជាក់ស្វាងអស់ខួរក្បាល រីឯខែប្រាំងវិញ គេនៅតែស្រូបខ្យល់បរិសុទ្ធត្រជាក់ តែអមដោយទេសភាពវាលស្រែប្រាំងវិញម្ដង ជំនួសលើផ្ទៃទឹកនាខែវស្សា៕










