លោក ជា សុជាតិ ដែលជាសមាជិកក្នុងក្រុមក្មេងខ្មែរ និងអ្នកនាងរឹម លក្ស្មី ជាភរិយាបានចូលរួមផ្តល់បទសម្ភាសទាំងគូលើកដំបូងបន្ទាប់ពីរៀបការរួច។ គូស្វាមីភរិយាថ្មីថ្មោងនេះបានទម្លាយពីរឿងរ៉ាវជាច្រើនជុំវិញទំនាក់ទំនងរបស់ពួកគេ និងបានទម្លាយថាភរិយា សុជាតិ ជាអ្នកសារភាពស្នេហ៍មុនប៉ុន្តែទទួលបានការបដិសេធពី សុជាតិ។ 
ក្នុងកម្មវិធី 3Fun ជា សុជាតិ និងភរិយា បានបង្ហាញថាអ្នកទាំងពីរបានស្គាល់គ្នា៧ឆ្នាំទើបតែស្រលាញ់គ្នា២ឆ្នាំចុងក្រោយប៉ុណ្ណោះដោយដំបូងឡើយ លក្ស្មី បានជួបក្រុមក្មេងខ្មែរនៅបន្ទប់ក្នុងឆ្នាំ២០១៧ ហើយក៏បានក្លាយជាហ្វេនក្មេងខ្មែរស្រលាញ់ក្រុមនេះកាន់តែខ្លាំងឡើងដោយសារតែរួសរាយ និងបង្កើតក្រុមអ្នកគាំទ្រ តាមគាំទ្រក្រុមក្មេងខ្មែររាល់មានការប្រគំតន្រ្តីនានា។ ចាប់ផ្តើមពីហ្វេន មានពេលមួយភរិយា សុជាតិ បានមានឱកាសធ្វើជាអ្នកគ្រប់គ្រងក្មេងខ្មែរតែម្តង។
ទំនាក់ទំនងតាំងតែពីហ្វេនរហូតក្លាយជាអ្នកគ្រប់គ្រងពន្លកស្នេហ៍អ្នកទាំងពីរពុំទាន់ចាប់ផ្តើមនោះទេ ប៉ុន្តែដោយសារតែបំពេញតួនាទីលើសពីអ្នកគ្រប់គ្រងជួយមើលថែ ជា សុជាតិ អំឡុងពេលលោកមានវិបត្តិផ្លូវចិត្ត ទើប លក្ស្មី កើតមានចិត្តលួចស្រលាញ់ ជា សុជាតិរហូតក្លាហានសារភាពតាមត្រង់ប្រាប់ទៅកាន់តារាច្រៀងរូបនេះតែម្តង។ ទោះយ៉ាងការសារភាពស្នេហ៍របស់អ្នកនាង លក្ស្មី ពុំទទួលបានលទ្ធផលល្អនោះទេ ដោយ ជា សុជាតិ បដិសេធព្រោះលោកចាត់ទុកអ្នកគ្រប់គ្រងរូបនេះប្រៀបដូចជាប្អូនស្រី បងប្រុសមើលថែប្អូនស្រីប៉ុណ្ណោះ។
ការសារភាពដែលរងការបរាជ័យនេះបានធ្វើឱ្យ លក្ស្មី ឃ្លាតឆ្ងាយពីជា សុជាតិ ប៉ុន្តែការចិត្តមិនដាច់ទុកឱ្យ សុជាតិ នៅម្នាក់ឯងទាំងកំពុងពិបាកចិត្តស្មុគស្មាញខ្លាចគិតអ្វីមិនល្អក៏សម្រេចចិត្តមកមើលថែតារាចម្រៀងរូបនេះម្តងទៀត។.png)
ជា សុជាតិ ថាបន្ទាប់ពីដឹងច្បាស់លាស់ថា លក្ស្មី មានចិត្តស្រលាញ់លោក ក្រោយពីធ្វើការបដិសេធក្នុងអំឡុងពេល១ឆ្នាំលោកក៏សង្កេតពីទឹកចិត្តនាងដូចគ្នាថានាងមានទឹកចិត្តល្អ ធ្វើចេញពីចិត្ត រឹងមាំ ពូកែឆ្លាត ជាមនុស្សល្អគ្រប់គ្រាន់អាចធ្វើជាម្តាយរបស់កូនខ្លួនបានទើបចិត្តផ្តើមមានទំនាក់ទំនងស្វែងយល់ចិត្តគ្នា។ ក្នុងអំឡុងពេលនៃការស្វែងយល់ចិត្តគ្នាអ្នកនាង លក្ស្មី ក៏មានអារម្មណ៍អាក់អន់ស្រពន់ចិត្តដូចគ្នាព្រោះមានអារម្មណ៍ថាស្នេហ៍គេតែម្ខាង ប៉ុន្តែពេលនោះក៏ជាពេលទទួលបានការសារភាពពី ជា សុជាតិ គឺមានក្តីស្រលាញ់ចំពោះនាងហើយ។
សមាជិកក្រុមក្មេងខ្មែររូបនេះ បានទម្លាយទៀតថា មានពេលមួយគឺខួរក្បាលលោកពោរពេញដោយបណ្តំរបស់ឪពុកថាអាយុ២៨ឆ្នាំត្រូវរៀបការ គឺធ្វើឱ្យលោកគិតថាដល់ពេលវេលាហើយដែលសុំ លក្ស្មី រៀបការ។
គួរបញ្ជាក់ថា ជា សុជាតិ បានដឹកដៃអ្នកគ្រប់គ្រងរបស់ខ្លួនរៀបការកាលពីថ្ងៃទី២៥ ខែមេសា នេះបន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ហើយពេលនេះអ្នកទាំងពីរក៏ទទួលបានចំណងដៃមានកូនដំបូងផងដែរ៕










