ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអង់គ្លេសបានរៀបចំការប្រកួតជីកសត្វជន្លេន (World Worm Charming Championship) ដើម្បីដណ្តើមជើងឯកពិភពលោក និងមានមនុស្សរាប់រយនាក់មកចូលរួមប្រកួត ។
ការប្រកួតជីកសត្វជន្លេនដើម្បីដណ្តើមជើងឯកពិភពលោកនេះ គឺបានរៀបចំឡើងនៅទីក្រុងឈេសឃៀ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក ។ ការប្រកួតនេះមានមនុស្សរាប់រយនាក់មកចូលរួម ហើយពួកគេបានកាន់ឧបករណ៍ជាច្រើនប្រភេទសម្រាប់ជីកដីស្វែងរកជន្លេន ។
គណៈកម្មការនឹងបែងចែកផ្ទៃដីតូចៗអ្នកឱ្យប្រកួត ហើយការជីកដីរកជន្លេននឹងចំណាយពេលសរុបចំនួន៣០នាទី ។ បើអ្នកណាអាចជីកជន្លេនបានច្រើនបំផុត នឹងទទួលបានជ័យជម្នះក្នុងការប្រកួត ។ ប៉ុន្តែគណៈកម្មការមានបម្រាមមួយចំនួន ដូចជា ៖ ហាមជីកដីឡើងលើ ហើយអ្នកជីកជន្លេន មានសិទ្ធិត្រឹមតែស៊ក ឬដំឧបករណ៍របស់ពួកគេចូលក្នុងដីប៉ុណ្ណោះ ព្រមទាំងហាមបាចថ្នាំ ឬបាចម្សៅគីមី ឬស្រោចទឹកលើដីផងដែរ ។
ហេតុនេះ អ្នកចូលរួមប្រកួតទាំងអស់បាននាំគ្នាគោះឧបករណ៍ផ្សេងៗរបស់ខ្លួនចូលក្នុងដី ដូចជា ៖ គោះឆ្នាំង និងគោះធុងជ័រខ្លាំងៗ ។ រីឯអ្នកខ្លះទៀតព្យាយាមផ្លំឧបករណ៍ភ្លេង, ច្រៀងចម្រៀង និងលោតលើដី ដើម្បីឱ្យជន្លេនចេញពីក្នុងដី ។
បេក្ខជនទទួលបានជ័យជម្នះក្នុងការប្រកួតនេះ គឺអ្នកស្រី អេឡិច កប់ព្រី ដោយសារអ្នកស្រីអាចចាប់ជន្លេនបានជាងគេ រហូតដល់១៩៥ក្បាល ។ អ្នកស្រី អេឡិច និយាយថា ៖ «ក្រុមរបស់យើងមានគ្នា៥នាក់ ហើយយើងបានជួយគ្នាធ្វើឱ្យដីរង្គើ និងឆ្លាស់គ្នាចេញ-ចូលបរិវេណប្រកួត ។ យើងប្រើប្រាស់រនាស់តែ២ប៉ុណ្ណោះ អូសវាចុះឡើង បន្ទាប់មក យើងនាំគ្នាវាយជន្លេន ទើបយើងអាចចាប់ជន្លេនបានច្រើនបែបនេះ» ។
កាលពីឆ្នាំ១៩៨០ កំណត់ត្រាស្ថិតិពិភពលោក ធ្លាប់បានកត់ត្រាថា ថមសាបឺបូថាំ គឺជាបុគ្គលអាចចាប់ជន្លេនបានច្រើនជាងគេក្នុងការប្រកួតដណ្តើមជើងឯកពិភពលោក គឺស្មើរហូតដល់៥១១ក្បាល ៕










