ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នំខ្ពស់បំផុតនៅប្រទេសកូរ៉េខាងត្បូង និងជាតំបន់ទេសចរណ៍ដ៏ពេញនិយមលើពិភពលោក កំពុងតែប្រឈមនឹង ប.ញ្ហាធំមួយដែលបង្កឡើងដោយភ្ញៀវទេសចរបរទេស ។ វាជាប.ញ្ហា សំរាមកើតឡើងពីកញ្ចប់មី ដែលភ្ញៀវទេសចរយកទៅបរិភោគនៅលើភ្នំ និងពុំព្រមបោះចោលឱ្យបានត្រឹមត្រូវ ។
ខាងឧទ្យានជាតិកោះជេជូរបស់កូរ៉េខាងត្បូង ដែលជាទីតាំងរបស់ភ្នំ Hallasan ជាភ្នំភ្លើងរលត់ និងជាភ្នំខ្ពស់បំផុតនៅកូរ៉េខាងត្បូង បានអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់កុំបោះចោលសំរាមផ្តេសផ្តាសដើម្បីថែរក្សាបរិស្ថាន ។ កន្លងមក ភ្ញៀវទេសចរបរទេស ក៏ដូចជាអ្នកឡើងភ្នំមួយចំនួន តែងតែយកមីកញ្ចប់ទៅបរិភោគនៅតាមផ្លូវ ឬលើកំពូលភ្នំ បន្ទាប់មក ពួកគេក៏បោះចោលកញ្ចប់មីពាសពេញទីធ្លាទាំងអស់ ។

ក្រៅពីការបោះចោលកញ្ចប់មីរួចហើយ ទឹកស្រុះមីនៅសេសសល់ពីការបរិភាគរបស់ភ្ញៀវទេសចរទាំងនេះ ក៏ប៉ះពាល់ដល់បរិស្ថានដូចគ្នាដែរ ពីព្រោះវាមានជាតិអំបិលខ្ពស់ ។ លើសពីនេះ បើភ្ញៀវទេសចរចាក់ទឹកស្រុះមីទាំងនេះចូលក្នុងប្រភពទឹក វានឹងធ្វើឱ្យសត្វផ្សេងៗក្នុងទឹកងាប់ផុតពូជ ។
ហេតុនេះ អាជ្ញាធរកូរ៉េខាងត្បូងបានសំណូមថា សូមភ្ញៀវទេសចរទាំងអស់ចាក់ទឹកស្រុះមីនៅសេសសល់ចូលក្នុងទឹក និងសូមឱ្យភ្ញៀវទេសចរចាក់ទឹកក្តៅចូលក្នុងកញ្ចប់មីដែលផលិតពីក្រដាសរឹងត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដើម្បីកាត់បន្ថយបរិមាណទឹកស្រុះមីដែលពួកគេចាក់ចោល ។
ចំណែកភ្ញៀវទេសចរណាមានអាកប្បកិរិយាពុំសមរម្យនៅតំបន់ទេសចរណ៍ ដូចជា ៖ ជក់បារី, បោះចោលសំរាម ឬកាកសំណល់អាហារផ្តេសផ្តាស និងការបត់ជើងតូចនៅតាមផ្លូវ អាជ្ញាធរកូរ៉េខាងត្បូងនឹងពិន័យជាប្រាក់ស្មើជាង២លានវ៉ុន (ឬស្មើប្រមាណ ១.៣៩០ដុល្លារអាមេរិក) ។ កន្លងមក អាជ្ញាធរកូរ៉េខាងត្បូងបានពិន័យប្រាក់ភ្ញៀវទេសចរបរទេសចំនួន៩នាក់ ដោយសារពួកគេពុំគោរពច្បាប់របស់កូរ៉េខាងត្បូង ។
ក្រៅពីនេះ សមត្ថកិច្ចក៏បានទទួលពាក្យបណ្តឹងអំពីភាពមិនប្រក្រតីមួយចំនួនផងដែរ ដូចជា ៖ មានកន្លែងលក់សំបុត្រមុនពេលឡើងភ្នំ, ភ្ញៀវទេសចរបរទេសពុំគោរពច្បាប់ចរាចរណ៍ គឺពួកគេដើរឆ្លងកាត់ផ្លូវនៅកន្លែងហាមឃាត់ ។ ហេតុនេះ សមត្ថកិច្ចនឹងព្យាយាមចាត់វិធានការឱ្យភ្ញៀវទេសចរបរទេសគោរពច្បាប់កូរ៉េខាងត្បូងឱ្យបានច្រើន ៕










