អ្នកណាមិនល្បីប្រាសាទពីរ៉ាមីតជីហ្សាប្រចំាប្រទេសអេហ្ស៊ីប ខណៈបច្ចុប្បន្ននេះភ្ញៀវទេសចរសម្រុកយ៉ាងភ្លុកទឹកភ្លុកដីទស្សនាប្រាសាទបុរាណលើទឹកដីមួយនេះ។ យ៉ាងណាមិញ ប្រាសាទរាងជាពីរ៉ាមីតនេះក៏មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងដែរ ដែលត្រូវបានគេស្គាល់ថាជា ប្រាសាទកោះកេរ្តិ៍ ជាអច្ឆរិយៈបុរាណមួយដែរ ប៉ុន្តែបែរជាមិនសូវទទួលបាននូវចំណាប់អារម្មណ៍ខ្លាំងនោះទេ។
បើនិយាយពីប្រាសាទពីរ៉ាមីតជីហ្សា ក្នុងប្រទេសអេហ្ស៊ីប ដែលជាផ្នូររបស់ខ្សែស្រឡាយស្តេចផារ៉ាអុង កសាងឡើងជាង ៤៥០០ឆ្នាំមកហើយ បើគិតមកទល់ពេលនេះ។ វាមានកម្ពស់រហូតដល់ ១៣៨ ម៉ែត្រ និងប្រវែងជ្រុងនីមួយៗប្រមាណ ២៣០ ម៉ែត្រ។ សំណង់អច្ឆរិយៈមួយនេះទទួលបាននូវភាពល្បីល្បាញខ្លាំង ដោយសារតែភាពចំណាស់របស់វា ក៏ដូចជាបានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលអ្នកវិទ្យាសាស្រ្តពុំទាន់អាចបកស្រាយបាននូវឡើយនោះទេ។ 
ដោយឡែក នៅឯប្រទេសកម្ពុជាវិញ ប្រាសាទរាងជាពីរ៉ាមីតដ៏ចំណាស់ អាយុកាលប្រមាណជាង ១០០០ឆ្នាំ ត្រូវបានគេស្គាល់ថាជា ប្រាសាទកោះកេរ្តិ៍។ តំបន់ប្រវត្តិសាស្រ្តកោះកេរ្តិ៍ គឺជាទីតាំងបុរាណវត្ថុដាច់ស្រយាលមួយ ស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ និងចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប។
ប្រាសាទកោះកេរ្តិ៍ មាន៧ជាន់ កំពស់ ៣៥ម៉ែត្រ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ អតីតរាជធានីកោះកេរិ៍ដ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ 
កោះកេរ្តិ៍ ជាឈ្មោះទំនើបសម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះត្រូវបានគេឲ្យឈ្មោះថាជា លិង្គបុរៈ ឬ ឆោកគគ៌្យរ ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ ដែលមានន័យថាជា បឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ 
គួរបញ្ជាក់ដែរថា រមណីយដ្ឋានកោះកេរ្តិ៍ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត៕










