ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលថៃស្ថិតនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin នឹងស្នើចុះបញ្ជីសម្លតុមយ៉ាំ និងឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ (UNESCO) នៅឆ្នាំ២០២៤ ។ ហេតុនេះ ពិភពលោកនឹងទទួលស្គាល់ Soft Power ផ្សេងៗរបស់ថៃយ៉ាងទូលំទូលាយ ។
មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី លោកស្រី Kanika Ounjit បានថ្លែងកាលពីថ្ងៃទី៣០ ខែមិថុនា ថា ក្រសួងវប្បធម៌ដឹកនាំដោយលោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានអនុវត្តគម្រោងលើកកម្ពស់ផ្នែកបេតិកភណ្ឌវប្បធម៌ ដែលថៃបានស្នើចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ថ្នាក់ខេត្ត និងថ្នាក់ជាតិជារៀងរាល់ឆ្នាំ ។ លើសពីនេះ ថៃនឹងស្នើចុះបញ្ជីបេតិកភណ្ឌវប្បធម៌របស់ថៃ ធ្វើជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិជាមួយអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ។.jpg)
លោកស្រី Kanika Ounjit មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបន្តទៀតថា កន្លងមក ប្រទេសថៃបានបង្ហាញបេតិកភណ្ឌវប្បធម៌ថៃធ្វើជាតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ហើយត្រូវបានអង្គការយូណេស្កូចុះបញ្ជីរួចហើយ ចំនួន៤ប្រភេទ រួមមាន ៖ ល្ខោនខោល, ម៉ាស្សាថៃ, របាំម៉ាណូរ៉ា និងប្រពៃណីសង្ក្រាន្ត ។
ចំណែកនៅឆ្នាំ២០២៤ ប្រទេសថៃនឹងស្នើចុះបញ្ជីសម្លតុមយ៉ាំ និងឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ ។ រីឯឈុត Kebaya ថៃនឹងស្នើចុះបញ្ជីរួមគ្នាជាមួយប្រទេសម៉ាឡេស៊ី, ព្រុយណេ, ឥណ្ឌូណេស៊ី និងសិង្ហបុរី ។.jpg)
ការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ទាំងនេះ នឹងលើកយកមកពិចារណាក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល ស្តីពី «ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី» លើកទី១៩ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ ។ ក្រៅពីនេះ ប្រទេសថៃក៏បានស្នើចុះបញ្ជីឈុតថៃ, Muay Thai និងក្រម៉ា ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិជាមួយអង្គការយូណេស្កូផងដែរ ។
លោកស្រី Kanika Ounjit បន្ថែមថា ក្រសួងវប្បធម៌បានព្យាយាមលើកកម្ពស់ Soft Power តាមរយៈការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ ដូចជា ៖ ម្ហូបអាហារ, ការងារសិប្បកម្ម និងពិធីបុណ្យប្រពៃណី ដើម្បីបង្កើនគុណតម្លៃបន្ថែមទៀតក្នុងការបង្កើតមុខរបរ និងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ រួមទាំងសហគមន៍ ។ ហេតុនេះ វានឹងលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដែលចង់ឱ្យ Soft Power របស់ថៃមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ ៕










