AI chatbot គឺជាកម្មវិធីកុំព្យូទ័រដែលអាចទាក់ទងជាមួយមនុស្សបាន។ វាត្រូវបានគេប្រើជាញឹកញាប់ក្នុងស្ថានភាពអនឡាញយ៉ាងទូលំទូលាយ ចាប់ពីសេវាអតិថិជនរហូតដល់ការលក់។ វាក៏ជាផ្នែកមួយនៃកម្មវិធីដែលធ្វើអន្តរកម្មជាមួយមនុស្សតាមរយៈភាសាសរសេរផងដែរ ដោយជារឿយៗវាត្រូវបានបង្កប់នៅក្នុងគេហទំព័រ ឬកម្មវិធីឌីជីថលផ្សេងទៀតដើម្បីឆ្លើយសំណួររបស់អតិថិជនដោយមិនចាំបាច់ត្រូវការភ្នាក់ងារមនុស្ស។
ដូច្នេះហើយបើយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ក្នុងពេលឆាប់ៗនេះ អ្នកប្រើប្រាស់ Instagram នឹងអាចបង្កើត AI chatbots ផ្ទាល់ខ្លួនបាន មានន័យថា មុខងារនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជជែកជាមួយតួអក្សរ AI តាមរយៈការហៅជាសំឡេង និងសារ។ ទោះជាយ៉ាងណាកម្មវិធី AI chatbots នេះអាចប្រើប្រាស់បានតែនៅក្នុងប្រទេសសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយសម្រាប់អ្នកប្រើប្រាស់ Instagram ផ្សេងទៀតជុំវិញពិភពលោកគឺមិនទាន់អាចបង្កើត AI chatbots ផ្ទាល់ខ្លួនបាននោះទេ។

នៅក្នុងបទសម្ភាសន៍ជាមួយស្ថាបនិក Wavy Labs គឺលោក Ken Sutter នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បាននិយាយថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាកល្បងឧបករណ៍ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Instagram នៅសហរដ្ឋអាមេរិកបង្កើត AI chatbots ផ្ទាល់ខ្លួន ដោយគេរំពឹងថា AI នឹងទៅដល់អ្នកប្រើប្រាស់មួយក្រុមតូចឆាប់ៗនេះ ដែលអាចនឹងចេញជាផ្លូវការនៅចុងខែកក្កដា ឬខែសីហា។ Zuckerberg ក៏បន្តទៀតថា ដំណើរការនៃការបង្កើត chatbot នឹងមានភាពសាមញ្ញណាស់ ដូច្នេះអ្នកអាជីវកម្មគ្រាន់តែចុចប៊ូតុងពីរបីដើម្បីបង្កើតកំណែ AI ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីគាំទ្រអតិថិជន និងពាណិជ្ជកម្មអេឡិចត្រូនិក។
ក្រៅពី AI chatbots Zuckerberg ក៏បានចែករំលែកអំពីគម្រោងបច្ចេកវិទ្យាផ្សេងទៀតរបស់ Meta ផងដែរ។ លោកក៏បានលើកឡើងអំពីវ៉ែនតា AR របស់ Meta ដោយសង្កត់ធ្ងន់លើតួអក្សរ AI បីវិមាត្រ។ ដូច្នេះហើយការផ្លាស់ប្តូរនេះបង្ហាញថាលោក Mark Zuckerberg បានកំពុងធ្វើការប្រជែងដណ្តើមអំណាចនៅក្នុងវិស័យ chatbots រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google, Microsoft, Apple និង OpenAI ដែលជាក្រុមហ៊ុននៅពីក្រោយ ChatGPT កំពុងឡើងកំដៅកាន់តែខ្លាំង៕










