ថ្នាក់ដឹកនាំ ប្រជាជនគ្រប់ស្រទាប់ សិល្បករ សិល្បការិនី បានបង្ហាញនូវក្តីសោកស្តាយអាឡោះអាល័យចូលរួមរំលែកទុក្ខពេញបណ្តាញសង្គមចំពោះមរណភាពព្រឹទ្ធាចារ្យ គង់ ណៃ។ ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានសម្តែងនូវក្តីក្តុកក្តួល សោកស្តាយឥតឧបមាចំពោះដំណឹងក្រៀមក្រំនេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមថា «ខ្ញុំពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាពនាថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ»។ .png)
«មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាបាត់បង់នូវស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រណី ក៏ដូចជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃនៃវប្បធម៌ជាតិខ្មែរ និងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរក្សាការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកសា្នដៃគួរកោតសសើរ និងចងចាំសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ជារៀងរហូតមក។
ជាមួយនឹងអារម្មណ៍ដ៏អាឡោះអាល័យបំផុតនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់ព្រឹទ្ធាចារ្យ និងសូមឧទ្ទិសបួងសួងគុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំទាំងអស់គ្នាពិតជានៅចងចាំនូវស្នាដៃដែលលោកគ្រូព្រឹទ្ធាចារ្យបានបន្សល់ទុកជារៀងរហូត។»។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។
លោកតាគង់ ណៃ មានស្រុកកំណើតនៅខេត្តកំពតបានបន្សល់នូវស្នាដៃយ៉ាងច្រើនជូនអ្នកជំនាន់ក្រោយ។ លោកតាទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិនិងអន្តរជាតិ និងទទួលបានគោរមងារថ្នាក់ជាតិជាមតរកមនុស្សរស់ដែលមាននាមថាកោសល្យវោហារ គង់ណៃ ក្នុងឆ្នាំ២០១២។ លោកតា មានកូន១០នាក់ក្នុងនោះកូនប្រុស៦នាក់និងកូនស្រី៤នាក់ក្នុងជីវិតអាពាហ៍ពិពាហ៍៦ទសវត្សរ៍ជាមួយលោកយាយ តាត់ ឆេន ៕










