សហរដ្ឋអាមេរិក៖ អាចម៍ផ្កាយ 2011 UL21 ត្រូវបានគេស្គាល់ថាជាអាចម៍ផ្កាយដ៏គ្រោះ.ថ្នាក់បំផុតនៅលើពិភពលោក នឹងហោះមកកៀកផែនដីយ៉ាងលឿននៅចុងសប្តាហ៍នេះ ដោយហោះក្នុងល្បឿនប្រហែល ៩៣,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
យោងតាម IFL Science ដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា 2011 UL21 គឺជាអាចម៍ផ្កាយតែមួយគត់ដែលនៅជិតផែនដីបំផុត ដោយវាមានទំហំប៉ុនភ្នំ ហើយជារៀងរាល់បីឆ្នាំម្តងគឺវាតែងតែហោះជុំវិញផែនដី និងហោះកាន់តែកៀកទៅៗ ជាហេតុធ្វើឱ្យអ្នកវិទ្យាសាស្ត្រព្រួយបារម្ភយ៉ាងខ្លាំង។
យោងតាមគេហទំព័រ SpaceReference.org ផ្អែកលើការសង្កេតពីមុន អាចម៍ផ្កាយនេះមានទទឹងចន្លោះពី ១.៧ ទៅ ៣.៩ គីឡូម៉ែត្រ ដែលមានន័យថាវាមានទំហំធំជាង ៩៩ ភាគរយនៃអាចម៍ផ្កាយដទៃទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា UL21 ជាអាចម៍ផ្កាយដ៏ធំបំផុតមួយក្នុងចំណោមអាចម៍ផ្កាយចំនួន ១០ ដែលឆ្លងកាត់ក្នុងរង្វង់ ៧.៥ លានគីឡូម៉ែត្រនៃភពផែនដីរបស់យើង។ ទោះជាយ៉ាងណា UL21 ទំនងជាតូចជាងអាចម៍ផ្កាយ Vredefort ដែលបានបំផ្លាញដាយណូស័រប្រហែល ៦៦ លានឆ្នាំមុន។ 
បើតាមទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បាននិយាយថា ប្រសិនបើអាចម៍ផ្កាយនេះធ្លាក់មកលើផែនដី គឺវាមានសក្តានុពលក្នុងការបង្កការខូចខាតនៅលើមាត្រដ្ឋានទ្វីប និងបញ្ចេញកំទេចកំទីទៅក្នុងបរិយាកាស ដើម្បីបង្កឱ្យមានការប្រែប្រួលអាកាសធាតុខ្លាំង ដែលជាហេតុធ្វើឱ្យវាត្រូវបានគេចាត់ទុកថាជា ” ឃាតករភព” ។ ទីភ្នាក់ងារនេះក៏បានបន្តទៀតថា ទោះបីជាអាចម៍ផ្កាយមិនបង្កការគំរាមកំហែងដល់ផែនដីនៅពេលនេះក៏ដោយ ក៏អនាគតទៅប្រហែល ១០០០ ឆ្នាំខាងមុខវានឹងធ្លាក់មកលើផែនដីជាមិនខាន។ 
ដូច្នេះនៅថ្ងៃទី ២៨ ខែមិថុនានេះ UL21 នឹងឆ្លងកាត់ផែនដីនៅចម្ងាយប្រហែល ៦.៦ លានគីឡូម៉ែត្រដែលជិតជាងចម្ងាយដែលវាធ្លាប់បានមកដល់ភពផែនដីរបស់យើងកាលពី ១១០ ឆ្នាំមុន។ ទោះជាយ៉ាងណាយោងតាមមន្ទីរពិសោធន៍ Jet Propulsion (JPL) របស់ NASA បានឱ្យដឹងថា បច្ចុប្បន្នអាចម៍ផ្កាយនេះនៅតែឆ្ងាយពីផែនដីប្រហែល ១៧ ដងឯណោះ៕










