បវរកញ្ញា ភឹម ស្រីណូ Miss Grand Cambodia 2023 បានពោលពាក្យយ៉ាងរំជួលចិត្តទៅកាន់លោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ដែលតែងតែមើលថែ ការពារនាងរហូតមកមិនថាមានរឿងអ្វីកើតឡើងក៏ដោយ។ ភឹម ស្រីនោ ក៏បានជូនពរបេក្ខភាពទាំង២៨រូបក្នុងការប្រកួត ខណៈមិនយូរទៀតទេថ្ងៃផ្ទេរតំណែងរបស់ ភឹម ស្រីនោ នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
តាមរយៈវីដេអូមួយដែលបានចែកចាយនៅលើបណ្តាញសង្គមកញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023 បាននិយាយទៅកាន់លោកស្រី អ៊ឹម សុគន្ធា ទាំងអួលដើមកថា លោកស្រី អ៊ឹម សុគន្ធា ជាមនុស្សស្រីមួយដែលស្អាត ឆ្អាត ពូកែ ពោរពេញដោយថាមពលជាអាយដលរបស់នាង។ នាងមានអារម្មណ៍រំភើបមែនទែនដែលជាចំណែកមួយកាន់ស្ថាប័ន Miss Grand ធ្វើឱ្យនាងបានស្គាល់លោកស្រី អ៊ឹម សុគន្ធា បានធ្វើការជាមួយគ្នាត្រឹមតែ១០ខែប៉ុន្តែនាងមានអារម្មណ៍ថាសប្បាយចិត្ត។
និយាយដោយអួលដើមក ភឹម ស្រីនោ ថា ND រូបនេះតែងតែបង្រៀននាងឱ្យជាមនុស្សស្រីរឹងមាំ ពេលនាងជាប់ភ្លាមៗនាងមានអារម្មណ៍ថាហេតុអ្វីបានជាលោកស្រី អ៊ឹម សុគន្ធា ចេញមកការពារនាងរហូត តែងតែឆាតមកលើកទឹកចិត្តនាង។ Miss Grand Cambodia 2023 រូបនេះថានាងជាមនុស្សម្នាក់ដែលមិនសូវហ៊ានបញ្ចេញសកម្មភាពច្រើនទៅកាន់ លោកស្រី អ៊ឹម សុគន្ធា នោះទេព្រោះជាមនុស្សម្នាក់អៀនសូម្បីតែតែម្តាយខ្លួនឯងក៏មិនដែលបញ្ចេញអារម្មណ៍ដែរ។
ភឹម ស្រីនោ បានបង្ហាញការស្រលាញ់ទៅកាន់អ្នកដឹកនាំកម្មវិធីបវរកញ្ញារូបនេះដោយអរគុណគ្រប់យ៉ាងដែលបានផ្តល់ឱ្យនាង។ ជាចុងក្រោយ ភឹម ស្រីនោ បានជូនពរបេក្ខភាពទាំង២៨រូបក្នុងការប្រកួតជួបសំណាងល្អរាល់គោលដៅដែលបានកំណត់ទុក។
ភឹម ស្រីនោ បានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2023 នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។ នាងបានតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិដែលវៀតណាមធ្វើជាម្ចាស់ផ្ទះកាលពីខែតុលា ឆ្នាំ២០២៣ដោយរូបនាងមិនបានជាប់ចំណាត់ថ្នាក់ណាមួយឡើយ។ មិនយូរប៉ុន្មាននោះទេ ភឹម ស្រីនោ នឹងត្រូវដល់ថ្ងៃផ្ទេរតំណែង ខណៈការប្រកួតបឋម Miss Grand Cambodia 2024 នឹងរៀបចំឡើងនាថ្ងៃទី៧ កក្កដា និងថ្ងៃផ្តាច់ព្រ័ត្រនឹងព្រឹត្តិទៅនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ទីតាំងនៅឯសាលមហោស្រពកោះពេជ្រ៕










