ប្រទេសចិន ៖ ចិនទទួលបានភ្ញៀវទេសចរច្រើននៅឆ្នាំ២០២៤ ក្រោយពីចិនប្រកាសគោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរដែលធ្វើដំណើរមកពីប្រទេសជាច្រើន ។ ចិនបានលើកលែងទិដ្ឋាការដល់អ្នកដំណើរមកពីប្រទេសនៅតំបន់អឺរ៉ុប និងលើកលែងទិដ្ឋាការដល់ប្រទេសចំនួន៣ នៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ៖ ម៉ាឡេស៊ី, សិង្ហបុរី និងថៃ ។.jpg)
ហេតុនេះ ធ្វើឱ្យភ្ញៀវទេសចរបរទេសស្មើប្រមាណ២លាននាក់ធ្វើដំណើរមកកម្សាន្តនៅប្រទេសចិន ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ នៅត្រីមាសទី១ ឆ្នាំ២០២៤ ។ ក្នុងត្រីមាសនេះ ចំនួនភ្ញៀវទេសចរមកលេងចិនបានកើនឡើង២.៥ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ នេះបើតាមទិន្នន័យរបស់ការិយាល័យប៉ូលិសអន្តោប្រវេសន៍ចិន ។.jpg)
សារព័ត៌មាន Channel News Asia រាយការណ៍ថា ភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី, សិង្ហបុរី និងថៃ បានធ្វើដំណើរមកលេងប្រទេសចិនច្រើនជាងគេ ដោយសារគោលនយោបាយលើកលែងទិដ្ឋាការរបស់ចិន ។ រីឯអ្នកជំនាញនិយាយថា ប្រទេសទាំង៣នេះមានទំនាក់ទំនងផ្នែកភូមិសាស្ត្រ និងវប្បធម៌ស្រដៀងចិន ។
គោលនយោបាយលើកលែងទិដ្ឋាការរបស់ចិនបានជំរុញដល់ការលក់ទំនិញ និងជំរុញសេដ្ឋកិច្ចជាតិផងដែរ ។ ក្រៅពីនេះ ប្រទេសចិនបានបង្កលក្ខណៈងាយស្រួលគ្រប់ផ្នែកដើម្បីទទួលភ្ញៀវទេសចរបរទេស តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ មកម៉្លេះ ។ ជាក់ស្តែង ចិនបានកែលម្អសំបុត្ររថភ្លើងសម្រាប់ភ្ញៀវទេសចរបរទេស និងសម្រួលឱ្យភ្ញៀវទេសចរមកពី១៣ប្រទេស អាចទូទាត់ប្រាក់តាមអនឡាញទៀតផង ។
អ្នកវិភាគកត់សម្គាល់ថា ការបើកប្រទេសរបស់ចិនដើម្បីជំរុញសេដ្ឋកិច្ចជាតិ អាចមិនមែនជាគោលដៅតែមួយរបស់ចិនទេ ពីព្រោះក្រៅពីចិនចង់ទទួលផលប្រយោជន៍សេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះកាលពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាតហើយនោះ ការលើកលែងទិដ្ឋាការរបស់ចិនបង្ហាញថា រដ្ឋាភិបាលចិនបានប្តេជ្ញាចិត្តជាបន្តបន្ទាប់ ដើម្បីក្លាយជាប្រទេសឈានមុខផ្នែកអាជីវកម្ម, ពាណិជ្ជកម្ម និងទេសចរណ៍ ស្របពេលស្ថានការណ៍តានតឹងរវាងចិនជាមួយប្រទេសលោកខាងលិច ៕










