រឿងរ៉ាវដ៏កម្សត់និងភាពរឹងមាំរបស់ ទីនីន ជាម្តាយកូនពីរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការអាណិតអាសូរនិងលើកទឹកចិត្តនាងយ៉ាងច្រើន។ ជាមួយគ្នានេះដែរនៅក្នុងបទសម្ភាសថ្មីមួយ ទីនីន បានបង្ហាញថានាងធ្លាប់បោះបង់ភាពជាខ្លួនឯងរយៈពេល២ឆ្នាំដើម្បីក្តីស្រលាញ់ប៉ុន្តែយ៉ាងណានៅតែមិនអាចថែរក្សាស្នេហានោះបាន។
កម្មវិធី សខ្មៅ ដែលដំណើរការដោយពិធីការិនី ពេជ្រ សិរីរ័ត្ន បានវិលមកបម្រើអារម្មណ៍ទស្សនិកជនវិញហើយបន្ទាប់ពីផ្អាកសកម្មភាពអស់រយៈពេល១ឆ្នាំ។ សប្តាហ៍ដំបូងនៃការវិលមកវិញនេះគឺជាកិច្ចសម្ភាសដែលមានភ្ញៀវកិត្តិយស ទីនីន ហើយនេះក៏ជាលើកទី២ដែល ទីនីន បានចូលរួមក្នុងកម្មវិធីនេះ។
រយៈពេលជាង៤០នាទី ទីនីន បានផ្តល់ឱ្យអ្នកគាំទ្របានដឹងពីរឿងរ៉ាវមួយចំនួនបន្ថែមទៀតក្នុងដំណើរជីវិតរបស់នាងពីការរកស៊ីត្រូវចោលលុយកក់ទៅលើផលិតផលដោយសារតែជម្លោះប្រទេស។ ទោះបីជួបនឹងការលំបាក ទីនីន ត្រូវតែស៊ូទ្រាំដោយសារតែមានកូនចៅច្រើននាក់ធ្វើឱ្យនាងមិនអាចទន់ជ្រាយបានយូរនោះទេ ប៉ុន្តែនៅពេលហត់ មានសម្ពាធនាងក៏យំដូចគ្នា។ យ៉ាងណាក៏ដោយ ទីនីន ធ្លាប់បានបញ្ជាក់ថានាងធ្លាប់រស់នៅស្រណុកសុខស្រួលឱ្យគេចិញ្ចឹមប៉ុន្តែឱ្យគេមកគ្រប់គ្រងជីវិតត្រូវធ្វើអ្វីដែលគេចង់បានដែលមិនមែនជាខ្លួនយើង។ 
ទីនីន បន្តទៀតថារយៈពេលពីរឆ្នាំចុងក្រោយនាងបានបាត់បង់អ្វីដែលជាខ្លួនឯង ដោយសារតែក្តីស្រលាញ់ព្រមសម្របតាមជាការសាកល្បងដើម្បីឱ្យដឹងថាអ្នកទាំងពីរអាចរស់នៅជាមួយគ្នាបានឬអត់។ ស្រ្តីរឹងមាំរូបនេះបន្តទៀតថា នាងបានសម្របតាមហើយបាត់បង់អ្វីដែលជាខ្លួនឯងមិនសូវសប្បាយឡើយ ដូចជាឱ្យនាងនៅតែផ្ទះធ្វើឱ្យនាងថប់ដង្ហើបចង់ចូលបន្ទប់សង្គ្រោះបន្ទាន់(ICU) ម្តងៗ។

ទោះបីជាអ្នកដទៃគិតថាខ្លួនជាមនុស្សកាចឆ្នាសឈ្លោះមិនឱ្យចាញ់គេ ប៉ុន្តែ ទីនីន បានអះអាងថានៅពេលមានជម្លោះជាមួយនឹងគូស្នេហ៍ ឬអ្នកស្គាល់ជិតស្និទ្ធ នាងតែងតែព្យាយាមសម្របសម្រួលភាគីម្ខាងទៀតឱ្យចិត្តត្រជាក់ដើម្បីអាចមកអង្គុយនិយាយគ្នា។ នៅពេលបញ្ចប់ទំនាក់ទំនង ទីនីន បានបញ្ជាក់ថានាងមិនគុំគួននោះទេបើសិនជាមិនរករឿងនាងមុន៕








