យោងតាមរូបភាពដែលបានដាក់បង្ហោះដោយគេហទំព័រ Khmer Dive Group គឺបានបង្ហាញសកម្មភាពរបស់ក្រុមការងារមុជទឹកស្ម័គ្រចិត្ត ដែលបានចុះទៅថតប្រព័ទ្ធជីវចម្រុះធម្មជាតិ នៅក្រោមបាតសមុទ្រ«កោះតាង» គឺឃើញថាស្រស់ស្អាតខ្លាំង មិនចាញ់នៅបរទេសនោះឡើយ។
កោះតាង ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមានទំហំប្រមាណ ៥៥០ហិកតា។ កោះតាង ដែលបានជាប់ឈ្មោះជាកោះស្អាតបំផុតលំដាប់ថ្នាក់ទី៦ នៃប្រទេសកម្ពុជា ព្រោះតែទិដ្ឋភាពដ៏ស្រស់ត្រកាលគួរឱ្យចង់គយគន់ ខ្យល់អាកាសបរិសុទ្ធ អមជាមួយនឹងវាលខ្សាច់ពណ៌សក្បុស ទឹកសមុទ្រខៀវស្រងាត់ត្រជាក់ថ្លាឆ្វង់ ដែលពិតជាសាកសមណាស់សម្រាប់ដំណើរកម្សាន្តជាលក្ខណៈឯកជន ក្រុមគ្រួសារ ដៃគូរស្នេហា និងមិត្តភក្តិជាដើម។
បន្ថែមពីការគយគន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅលើកោះនេះហើយ ភ្ញៀវទេសចរក៏អាចមុជទឹក មើលទិដ្ឋភាពនៅក្រោមបាតសមុទ្របានផងដែរ ដែលប្រមូលផ្តុំទៅដោយជីវចម្រុះតូចធំគ្រប់ប្រភេទ ខណៈសម្រស់ផ្កាថ្មដ៏រស់រវើក ថ្មប៉ប្រះទឹក ហ្វូងមច្ឆា និងពពួកសត្វជាច្រើនទៀត នឹងទាញយកចំណាប់អារម្មណ៍អ្នកមិនចង់ឃ្លាតឆ្ងាយពីកោះនេះឡើយ។
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានកោះតាង ភ្ញៀវទេសចរមិនមានការធ្វើដំណើរថ្មើរជើងបន្ថែមនោះទេ តែត្រូវធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកនិងកាណូត។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរមិនទាន់អាចធ្វើការចតនៅរមណីយដ្ឋានផ្ទាល់បានទេ៕

រូបភាព៖ KHMER DIVE GROUP










