ប្រទេសអ៊ូហ្គង់ដា ៖ រយៈពេល២០ឆ្នាំមកនេះ ប្រទេសអ៊ូហ្គង់ដា (ស្ថិតនៅអាហ្វ្រិកខាងកើត) បានបាត់បង់ធនធានធម្មជាតិព្រៃឈើរហូតដល់ជាង១លានហិកតា ។ ហេតុនេះ ដើម្បីបញ្ឈប់សកម្មភាពកាប់បំផ្លា.ញ ព្រៃឈើយ៉ាងខ្លាំងក្លា ស្ត្រីរស់នៅក្នុងតំបន់នាំគ្នាកែច្នៃកាកសំណល់អាហារធ្វើជាធ្យូងអនាម័យដើម្បីចម្អិនម្ហូបអាហារ និងលក់យកប្រាក់ចំណូល ។
ព្រៃឈើនៅប្រទេសអ៊ូហ្គង់ដាសម្បូរទៅដោយជីវចម្រុះ ហើយវាផ្តល់ផលប្រយោជន៍ដល់អ្នកស្រុករស់នៅក្នុងតំបន់ និងបរិស្ថាន ។ ប៉ុន្តែក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អ៊ូហ្គង់ដាបានបាត់បង់ធនធានធម្មជាតិព្រៃឈើអស់យ៉ាងច្រើន ហើយមូលហេតុមួយនៃការបាត់បង់ព្រៃឈើ គឺការកាប់ដើមឈើយកមកធ្វើអុសដុតរបស់ពលរដ្ឋ ។
ការធ្វើធ្យូងអនាម័យពីកាកសំណល់អាហារទាំងនេះ បានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ស្ត្រីរស់នៅក្នុងតំបន់ ដូចជា ៖ ជាវត្ថុគ្មានជាតិពុល និងពុំប៉ះពាល់បរិស្ថាន ហើយការប្រើប្រាស់ធ្យូងអនាម័យ គឺមានគុណភាពល្អជាងធ្យូងធ្វើពីអុសធម្មតា និងមានតម្លៃថោកជាង ។ ក្រៅពីនេះ វាបានជួយកាត់បន្ថយពេលវេលាផងដែរ ពីព្រោះស្ត្រីក្នុងភូមិពុំចាំបាច់ទៅកាប់ឈើក្នុងព្រៃធ្វើអុសដុតទៀតទេ ប៉ុន្តែពួកគេបានទទួលប្រាក់ចំណូលពីការលក់ធ្យូងអនាម័យ ។
Godliver Businge ជាប្រធានគម្រោង Women’s Earth Alliance (WEA) នៅប្រទេសអ៊ូហ្គង់ដា និងជាអ្នកចូលរួមបង្កើតគម្រោង Uganda Women’s Water Initiative (UWWI) ដែលបើកឱកាសឱ្យស្ត្រីបានរៀនសូត្រពីរបៀបធ្វើធ្យូងអនាម័យពីកាកសំណល់អាហារ ដើម្បីប្រើប្រាស់ជំនួសអុសក្នុងព្រៃ និយាយថា ៖ «ប្រទេសអ៊ូងហ្គង់ដាគ្មានច្បាប់ការពារព្រៃឈើតឹងរ៉ឹងដូចប្រទេសជិតខាងទេ ដូចជា ៖ កេនយ៉ា និងតង់ហ្សានី ប៉ុន្តែអ៊ូហ្គង់ដាប្រៀបដូចជាទីផ្សារបើកចំហរមួយ ដែលយើងអាចធ្វើអ្វី ឬលក់អ្វីក៏បាន» ។
គម្រោង Uganda Women’s Water Initiative បានផ្តល់ចំណេះដឹងពីវិធីធ្វើធ្យូងអនាម័យពីកាកសំណល់សរីរាង្គ ដោយយកផ្ទះរបស់អ្នកភូមិធ្វើជាកន្លែងអប់រំ ។ Hajra Mukasa ជានាយករបស់ Women’s Earth Alliance ប្រចាំអាហ្វ្រិកខាងកើតនិយាយថា ៖ «យើងដឹងថា ស្ត្រីមានតួនាទីជាម្តាយផង និងជាភរិយាផង ហើយយើងតែងតែផ្តោតជានិច្ចថា នឹងជួយឱ្យស្ត្រីមានកម្លាំងអាចជួយខ្លួនឯង និងគ្រួសារ ហើយយើងពុំចង់ឱ្យគម្រោងនេះប៉ះពាល់វប្បធម៌នៅទីនេះទេ» ។
ចំណែកវិធីធ្វើធ្យូងអនាម័យមានភាពងាយស្រួលសម្រាប់ពួកគេ គឺពួកគេចាប់ផ្តើមលាយធ្យូងពីកាកសំណល់សរីរាង្គ ដែលមានជាតិកាបូនផ្សំជាមួយសារធាតុស្អិតផលិតពីម្សៅ ឬដីឥដ្ឋ ។ បន្ទាប់មក ពួកគេក៏ផ្សំសារធាតុទាំងនេះដោយដៃរបស់ខ្លួន ឬអាចប្រើប្រាស់ម៉ាស៊ីនផលិតធ្យូងជារាងមូលក៏បាន រួចហើយ យកធ្យូងទាំងអស់ទៅសម្ងួតឱ្យស្ងួតសម្រាប់ទុកចម្អិនអាហារ ៕










