វិស័យរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះគឺមានការពេញនិយមខ្លាំងណាស់នៅទូទាំងពិភពលោក ដោយសារគុណភាពល្អជាងរថយន្តសាំង ងាយស្រួលបញ្ឆេះ សំឡេងស្ងាត់ ក៏ដូចជាមានរូបរាងទាក់ទាញផងដែរ។ តាមពិតទៅរថយន្តអគ្គិសនីមិនមែនទើបតែមានវត្តមានថ្មីៗនោះទេ វាមានប្រវត្តិយូរណាស់មកហើយ ប៉ុន្តែដោយសារការអភិវឌ្ឍន៍ម៉ាស៊ីនចំហេះខាងក្នុងនៅដើមសតវត្សទី ២០ ក៏បាននាំឱ្យមានការធ្លាក់ចុះនៃរថយន្តអគ្គិសនី។ នៅអំឡុងឆ្នាំ ១៨៣០ រថយន្តប្រើសាំងមានកម្លាំងខ្លាំងជាង ហើយមានរយៈចម្ងាយឆ្ងាយជាង និងលឿនជាងរថយន្តអគ្គិសនី ទើបរថយន្តអគ្គិសនីមានប្រជាប្រិយភាពតិច ហើយនៅទីបំផុតត្រូវបានជំនួសដោយរថយន្តប្រើសាំងតែម្តង។
ទោះជាយ៉ាងណាសព្វថ្ងៃនេះក្រុមហ៊ុនធំៗជាច្រើនបានកំពុងចាប់ផ្តើមអភិវឌ្ឍរថយន្តអគ្គិសនីឡើងវិញ ហើយក៏ផ្ទុះការចាប់អារម្មណ៍ម្តងទៀតនៅជុំវិញពិភពលោក។ ដូច្នេះហើយតើអ្នកដឹងទេថា បច្ចុប្បន្ននេះរថយន្តអគ្គិសនីមួយណាដែលមានល្បឿនលឿនជាងគេបំផុតក្នុងលោក?
ចម្លើយនោះគឺ Aspark Owl SP600 ដែលបច្ចុប្បន្នទទួលបានតំណែងជារថយន្តអគ្គិសនីលឿនបំផុតក្នុងពិភពលោក បន្ទាប់ពីបានឈានដល់ល្បឿនអតិបរមា ៤៣៨.៧ គីឡូម៉ែត្រក្នុងមួយម៉ោងនៅឯផ្លូវសាកល្បង Papenburg ក្នុងប្រទេសអាល្លឺម៉ង់កាលពីដើមខែមិថុនា ឆ្នាំ២០២៤។%206.jpg)
Aspark Owl SP600 គឺជារថយន្តជប៉ុនដែលផលិតពីក្រុមហ៊ុន Aspark ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិ Masanori Yoshida។ រយន្តនេះត្រូវបានផលិតឡើងដំបូងក្នុងឆ្នាំ ២០១៧ ដោយមានសមត្ថភាពមិនធម្មតា ដូចជាការបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ១.៨៩ វិនាទីប៉ុណ្ណោះ។ ល្បឿនដ៏លឿននេះក៏បានបំបែកកំណត់ត្រារបស់រថយន្តអគ្គិសនីផ្សេងៗ ដោយឈានដល់ល្បឿនកំពូលមិនគួរឱ្យជឿ ៤៣៨.៧ គីឡូម៉ែត្រក្នុងមួយម៉ោង លើសពីកំណត់ត្រាមុនរបស់រថយន្ត Rimac Nevera គឺ ២៦.៧ គីឡូម៉ែត្រក្នុងមួយម៉ោង។
ភាពជោគជ័យនេះគឺជាលទ្ធផលនៃចក្ខុវិស័យរបស់នាយកប្រតិបត្តិ Aspark លោក Masanori Yoshida រួមជាមួយនឹងការសហការបច្ចេកទេសជាមួយ Manifattura Automobili Torino និង Bridgestone។ Masanori Yoshida ចែករំលែកថា “ដំណើរដើម្បីអភិវឌ្ឍម៉ូដែល Owl hypercar គឺមានរយៈពេលប្រហែល ១០ ឆ្នាំ ហើយគោលដៅរបស់យើងគឺបង្កើតរថយន្តដែលមានល្បឿនលឿនបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នយើងសម្រេចបានកំណត់ត្រាពិភពលោកនៃល្បឿនអតិបរមា”។
Aspark Owl SP600 គឺជាម៉ូដែលរថយន្តអគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងការរចនាតែមួយគត់ ដំណើរការដ៏មានឥទ្ធិពល និងបច្ចេកវិទ្យាទំនើបជាច្រើន។ ការដណ្តើមបានកំណត់ត្រារថយន្តអគ្គិសនីលឿនបំផុតរបស់ពិភពលោក បានបញ្ជាក់ពីជំហររបស់ Aspark Owl SP600 នៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី និងបើកសករាជថ្មីសម្រាប់រថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់៕










