ប្រទេសចិន៖ យានជំនិះសម្រាប់គេហដ្ឋានចល័តកំពុងលេចឡើងកាន់តែច្រើននៅតាមដងផ្លូវ និងភូមិនានាក្នុងប្រទេសចិន ដោយសារតែវាមានសេរីភាព មិនចាំបាច់បង់ថ្លៃជួល និងងាយស្រួលនៅពេលធ្វើដំណើរ ឬបោះជំរុំ។
យោងតាម CNN ការធ្វើជាម្ចាស់យានដ្ឋានគឺជានិន្នាការថ្មីនៅក្នុងប្រទេសចិន ខណៈអ្នកមានជាច្រើនបានកំពុងប្រកួតប្រជែងគ្នាដើម្បីបង្ហាញរថយន្តទំនើបៗ និងអាផាតមិនផ្សេងៗ។ ប៉ុន្តែនៅពេលដែលកំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ ប្រជាជនដីគោកហាក់មិនចាប់អារម្មណ៍នឹងការទិញរថយន្តទំនើបៗ ឬអាផាតមិនោះទេ ដោយពួកគេបែរទៅជាចាប់អារម្មណ៍ទិញផ្ទះក្នុងឡានទៅវិញ ព្រោះវាជួយម្ចាស់រថយន្តកាត់បន្ថយតម្លៃផ្ទះ និងងាយស្រួលធ្វើដំណើរគ្រប់ទីកន្លែង។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ និន្នាការនៃការបោះជំរុំជុំវិញយានដ្ឋានកំពុងមានការកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសចិន។ យោងតាមសមាគមអ្នកចែកចាយរថយន្តរបស់ប្រទេសនេះ ចំនួនរថយន្ត RV ដែលជាផ្ទះក្នុងឡាន គឺបានកើនឡើងដល់ទៅ ១៣,០០០ គ្រឿងនៅឆ្នាំ ២០២៣ នៃការលក់។ ដូច្នេះទីផ្សារយានជំនិះសម្រាប់គេហដ្ឋានចល័ត ត្រូវបានគេរំពឹងថានឹងអាចឈានដល់ ៨.៨ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ជាមួយនឹងអត្រាកំណើនជាមធ្យមច្រើនជាង ៥% ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមវិទ្យាស្ថានស្រាវជ្រាវ LeadLeo អត្រាកម្មសិទ្ធិ RV នៅក្នុងប្រទេសចិនគឺនៅតែទាបជាងសហរដ្ឋអាមេរិក និងជប៉ុន។
គួរបញ្ជាក់ដែរថា នៅខាងក្នុងរថយន្ត RV គឺមានបន្ទប់គេង ផ្ទះបាយ បន្ទប់ទឹក ព្រមទាំងមានសម្ភារៈជាច្រើនទៀតដូចជា ទូទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនចាក់ខារ៉ាអូខេ ទូរទស្សន៍ ថែមទាំងមានរុក្ខជាតិឈើដើម្បីលម្អ និងឧបករណ៍កម្សាន្តផ្សេងទៀតនៅពេលធ្វើដំណើរ ដូចជាស្ថានីយ៍ដ្រូន ឬស្ទូចត្រីជាដើម។ បច្ចុប្បន្នផ្ទះចល័តត្រូវបានរកឃើញយ៉ាងងាយស្រួលនៅតាមដងផ្លូវ និងភូមិនានាក្នុងប្រទេសចិន ខណៈដែលមនុស្សកាន់តែច្រើនឡើងទាំងក្មេងទាំងចាស់ស្រឡាញ់សេរីភាព និងភាពងាយស្រួលនៃការរស់នៅបែបពនេចរ៕










