ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍នឹងសកម្មភាពរបស់សិស្សានុសិស្សស្ទើរតែគ្រប់ៗរូប បាននឹងកំពុងអង្គុយអានសៀវភៅដោយភាពស្ងៀមស្ងាត់និងរក្សាបាននូវសណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដែលពួកគេកំពុងរងចាំអាណាព្យាបាលមកទទួលត្រឡប់ទៅផ្ទះវិញ។
កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ សាលាបឋមសិក្សាវត្តបូព៌ បានធ្វើការចែករំលែករូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពសិស្សានុសិស្សអំឡុងពេលចេញទៅផ្ទះ និងទន្ទឹមនឹងការរងចាំអាណាព្យាបាលមកទទួល ក៏នាំគ្នាឆ្លៀតអានសៀវភៅព្រៀងព្រាង។
ដោយសង្កេតឃើញថា សិស្សានុសិស្សម្នាក់ៗបាននឹងកំពុងអង្គុយអានសៀវភៅជាជួរៗ ដោយភាពស្ងៀមស្ងាត់ និងរក្សាបាននូវសណ្តាប់ធ្នាប់ល្អ មិនរញ៉េរញ៉ាយ។ ទំាងនេះគឺបានឆ្លុះបញ្ចាំងពីទំពាំងស្នងឬស្សីដ៏មានគុណភាពរបស់សង្គមជាតិ ពីព្រោះថាក្រៅពីម៉ោងសិក្សានៅក្នុងថ្នាក់រៀនហើយ ពួកគេគឺមានឆន្ទៈក្នុងការក្រេបយកចំណេះដឹងថ្មីៗ ក៏ដូចគ្នាស្វ័យសិក្សាដោយខ្លួនឯងបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែពូកែ។ ម៉្យាងវិញទៀត ចលនាអានសៀវភៅដ៏ច្រើនផុសផុលបែបនេះ វាក៏បានធ្វើឲ្យទីធ្លានៃសាលារៀនទាំងមូល ក្លាយជាកន្លែងអានសៀវភៅប្រកបដោយភាពរីករាយផងដែរ។
យោងតាមការបញ្ជាក់ពីសាលាបឋមសិក្សាខាងលើនេះក៏បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ការបណ្តុះទម្លាប់អាននឹងធ្វើឲ្យកុមារមានចិត្តចង់អាន។ ហើយដើម្បីឲ្យកុមារមានទម្លាប់អាន ត្រូវផ្តើមចេញពីលោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធ ដូចជាឪពុកម្តាយ ក្រុមគ្រួសារជាដើម។ 
លោកគ្រូអ្នកគ្រូ គួរតែដឹកនាំសិស្សស្រាវជ្រាវមេរៀន ដាក់កិច្ចការ ដាក់សំណួរដែលទាក់ទងនឹងការស្រាវជ្រាវ ដើម្បីឱ្យសិស្សបានអាន និងស្រាវជ្រាវក្នុងបណ្ណាល័យ អានតាមប្រព័ន្ធអេឡិចត្រូនិច និងអានតាមទីសាធារណៈនានា ដោយហេតុថា ឆ្លងកាត់ការអានទើបអាចឆ្លើយសំណួរបាន ការអានច្រើនធ្វើឱ្យសិស្សចេះសរសេរ និពន្ធសៀវភៅ កំណាព្យ ចម្រៀង ចេះនិយាយបកស្រាយរកហេតុផល និងហ៊ាននិយាយជជែកជាសាធារណៈ។ បន្ថែមពីនេះ អាណាព្យាបាលគ្រប់ៗរូប គួរតែដាស់តឿនកូនៗរបស់ខ្លួនឲ្យអានសៀវភៅនៅផ្ទះ ជាជាងបណ្តោយឲ្យកូនលេងទូរស័ព្ទយូរម៉ោងផងដែរ៕










