កុលសម្ព័ន្ធគឺជាក្រុមមនុស្សបុរាណដែលតែងតែរស់នៅតាមរបៀបប្រពៃណីរបស់ពួកគេ ទោះបីជាបច្ចុប្បន្ននេះពិភពលោកមានការអភិវឌ្ឍនិងជឿនលឿនប៉ុណ្ណាក៏ដោយ ក៏កុលសម្ព័ន្ធជាច្រើនក្រុមនៅតែរស់នៅក្នុងជីវិតសាមញ្ញៗដូចជា ដាំដំណាំ ធ្វើស្រែចំការ ជឿលើអបិយជំនឿ ក៏ដូចជាមានទំនៀមទំលាប់រស់នៅបែបបុរាណ និងតែងតែរក្សានៅវប្បធម៌របស់ពួកគេជានិច្ច។ ជាការពិតណាស់ យើងគ្រប់គ្នាដឹងហើយកុលសម្ព័ន្ធភាគច្រើនគឺរស់នៅក្នុងព្រៃ ឬតំបន់ណាមួយដែលនៅឆ្ងាយដាច់ស្រយាលពីគេឯង ខណៈក្រុមកុលសម្ព័ន្ធខ្លះក៏អាចមានសមត្ថភាពរស់នៅក្នុងទឹកទៀតផង។
ដូច្នេះអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់កុលសម្ព័ន្ធមានតែមួយគត់លើលោកដែលរស់នៅក្នុងទឹក។ ក្រុមកុលសម្ព័ន្ធដែលអាចមានសមត្ថភាពរស់នៅក្នុងទឹកបានគឺមានឈ្មោះថា Bajau ដែលត្រូវបានគេហៅថា Sea Gypsies ឬ Sea Nomads ដោយពួកគេរស់នៅលើទឹកនៃឆ្នេរសមុទ្រប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនអស់ជាច្រើនសតវត្សមកហើយ។ ប្រជាជន Bajau ត្រូវបានកត់សម្គាល់ថាជាក្រុមកុលសម្ព័ន្ធដែលមានសមត្ថភាពអស្ចារ្យបំផុតមិនធ្លាប់មាន ដោយសារពួកគេអាចស្ថិតក្រោមទឹករហូតដល់ ១០ ទៅ ២០ នាទីឯណោះនៅជម្រៅ ២០០ ហ្វីតដោយមិនពាក់ឧបករណ៍ជំនួយឡើង ខណៈអ្នកមុជទឹកផ្សេងៗទៀតសុទ្ធតែប្រើប្រាស់ឧបករណ៍ជំនួយ។
របបអាហារប្រចាំថ្ងៃរបស់ពួកគេរួមមានពពួកសត្វសមុទ្រជាច្រើនប្រភេទ ដែលសុទ្ធតែជាប្រភពប្រូតេអ៊ីនដ៏មានតម្លៃត្រូវបានប្រើសម្រាប់គោលបំណងវេជ្ជសាស្រ្តផ្សេងៗ។ ជាទូទៅកុលសម្ព័ន្ធនេះគឺពួកគេពិតជាចូលចិត្តការជ្រមុជក្នុងទឹកជ្រៅណាស់ ហើយពួកគេតែងតែជ្រមុជទឹកជ្រៅជារៀងរាល់ថ្ងៃ មិនថាកុមារឬមនុស្សពេញវ័យនោះទេគឺពួកគេសុទ្ធតែមានជំនាញពិសេសក្នុងការមុជទឹកជ្រៅ។ ទោះជាយ៉ាងណានៅដើមសតវត្សទី ១៥ ជីវិតរបស់ក្រុមកុលសម្ព័ន្ធ Bajau កាន់តែស្មុគស្មាញ នៅពេលដែលម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី បានបង្កើតព្រំដែនសមុទ្រនៅក្នុងតំបន់ Sulu បណ្តាលឱ្យកុលសម្ព័ន្ធនេះធ្វើចំណាកស្រុកនៅឆ្ងាយពីគ្នា។
ហេតុនេះគិតត្រឹមឆ្នាំ ២០២៣ មានតែ Bajau ប្រហែល ១០០ ទៅ ២០០ នាក់ប៉ុណ្ណោះដែលនៅតែរស់នៅក្នុងទូកប្រពៃណីរបស់ពួកគេ ហើយតែងតែរក្សាវប្បធម៌ក្នុងការមុជទឹកជ្រៅ បរបាញ់សត្វក្នុងសមុទ្រ ដោយនៅតែពឹងផ្អែកលើបច្ចេកទេសបុរាណទាំងនេះសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ភាពខ្វះខាតថវិកាសម្រាប់ការជួសជុល គួបផ្សំនឹងការរឹតបន្តឹងរបស់ឧទ្យានជាតិក្នុងតំបន់លើការកាប់ដើមឈើ កំពុងបង្ខំឱ្យអ្នកដែលនៅសេសសល់ពិចារណាផ្លាស់ប្តូរទៅកាន់ដីគោកកាន់តែច្រើនឡើង ដែលធ្វើឱ្យក្រុមកុលសម្ព័ន្ធនេះបាត់បង់វប្បធម៌ប្រពៃណីរបស់ពួកគេបន្តិចម្តងៗ៕










