ប្រទេសថៃ ៖ បើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឱ្យដឹងថា នាយកដ្ឋានប៉ូលិសអន្តោប្រវេសន៍ថៃបានបញ្ជាឱ្យមន្ត្រីនៅក្រោមបង្គាប់ចាត់វិធានការក្តៅលើពលករបរទេស ដែលលួចចូលមករស់នៅប្រទេសថៃខុសច្បាប់ និងដណ្តើមការងាររបស់ពលរដ្ឋថៃ ។ ការចាត់វិធានការនេះ គឺតាមរយៈការចុះត្រួតពិនិត្យនៅតាមកន្លែងប្រកបអាជីវកម្មតូច-ធំ ជាពិសេស កន្លែងលក់ចំណីអាហារតាមផ្លូវ ។
លោក ណាផាត់ផុង ខូស៊ីតសុរិយៈម៉ានី នាយកការិយាល័យប៉ូលិសអន្តោប្រវេសន៍ខេត្តឈុនបុរី បានបញ្ជាឱ្យប៉ូលិសផ្នែកស៊ើបអង្កេតខេត្តឈុនបុរី ចុះត្រួតពិនិត្យអាផាតមិន គ្មានឈ្មោះមួយកន្លែង ដែលមានទីតាំងស្ថិតនៅឃុំណងព្រឺ ស្រុកបានឡាមុំ ខេត្តឈុនបុរី ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានពលករបរទេសយ៉ាងច្រើនមកស្នាក់នៅក្នុងអាផាតមិន នេះ ។
បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា មានពលករបរទេសលួចចូលមកប្រទេសថៃដោយខុសច្បាប់ ហើយពួកគេតែងតែអុកឡុករំខានដល់ពលរដ្ឋថៃរស់នៅក្នុងបរិវេណនេះ ។ ក្រោយការចុះត្រួតពិនិត្យអាផាតមិន សមត្ថកិច្ចឱ្យដឹងថា អាផាតមិន នេះមានកម្ពស់៣ជាន់ និងមានជនជាតិមីយ៉ាន់ម៉ាចំនួន៥៥នាក់ និងឥណ្ឌា២នាក់ ។
តាមរយៈការត្រួតពិនិត្យឯកសារ គឺជនបរទេសទាំងនេះមានឯកសារត្រឹមត្រូវតាមច្បាប់ចំនួន៣២នាក់ រីឯជនជាតិមីយ៉ាន់ម៉ា២៥នាក់ គ្មានឯកសារជាប់ខ្លួនទេ ។ ហេតុនេះ សមត្ថកិច្ចក៏បានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាទាំង២៥នាក់ និងចោទប្រកាន់ពីបទលួចលូចប្រទេសថៃដោយខុសច្បាប់ ព្រមទាំងចាប់ខ្លួនលោក វិជីត មីសេតធី អាយុ៤៨ឆ្នាំ ជាម្ចាស់អាផាតមិន ពីបទពុំបានជូនដំណឹងទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍ អំពីការស្នាក់នៅរបស់ជនបរទេសក្នុងរយៈពេល២៤ម៉ោង ។
គួរបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរថៃបានរឹតបន្តឹង និងចាប់ខ្លួនពលករបរទេសធ្វើការខុសច្បាប់ ឬគ្មានឯកសារត្រឹមត្រូវគ្រប់ទីកន្លែង ជាពិសេស ចុះចាប់នៅតាមកន្លែងលក់ដូរតាមចិញ្ចើមផ្លូវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
អាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋទាំងអស់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ បើពួកគេឃើញពលករបរទេសធ្វើការខុសច្បាប់នៅកន្លែងណាមួយ ។ រីឯម្ចាស់អាជីវកម្មជនជាតិថៃ ដែលទទួលយកពលករបរទេសមកធ្វើការខុសច្បាប់ ក៏ត្រូវប្រឈមនឹងការដាក់ទោសដូចគ្នាដែរ ៕










