ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាសម្តែងជនជាតិអាមេរិកម្នាក់ ដែលបានបង្ហាញខ្លួននៅបរិវេណតំបន់អង្គរនៃប្រទេសកម្ពុជា រហូតដល់មានការកោតសរសើរនិងថ្លែងអំណរគុណគ្រប់ៗគ្នាពីសំណាក់សាធារណៈជនខ្មែរ។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើគណនី Instagram ផ្លូវការរបស់អ្នកនាង Emeraude Toubia ជាតារាសម្តែងសញ្ជាតិអាមេរិក វ័យ៣៥ឆ្នាំ ដែលមាន Follower ប្រមាណ៣លាននាក់ ដែលនាងបានធ្វើការដាក់បង្ហោះរូបថតប្រមាណ ៦ សន្លឹក ថែមទាំងភ្ជាប់មកជាមួយនឹងចំណងជើងថា «ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត»។ 
ភាពលេចធ្លោរបស់ប្រាសាទអង្គរវត្ត គឺបានជះសម្រស់យ៉ាងស្រស់ស្អាត តាមរយៈរូបថតនាង ដែលនេះគឺជាការផ្សព្វផ្សាយសម្បត្តិវប្បធម៌អរិយធម៌ខ្មែរទៅកាន់ពិភពលោកកាន់តែផុសផុលឡើង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង Emeraude ក៏បានធ្វើការដាក់បង្ហោះរូបភាពជាបន្តបន្ទាប់ទៀត ប្រម៉ូតពីទំនៀមទម្លាប់ប្រពៃណីខ្មែរ គឺព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក៏ដូចជាបង្ហាញប្រាសាទបុរាណល្បីៗមួយចំនួនទៀតក្នុងតំបន់អង្គរ ទឹកដីនៃខេត្តសៀមរាបទៀតផង។
ជាមួយគ្នានេះ បន្ទាប់ពីមានការដាក់បង្ហោះខាងលើនេះរួចមក សាធារណៈជនខ្មែរជាច្រើនបានសម្តែងនូវការពេញចិត្តជាខ្លាំងនិងថ្លែងអំណរគុណទៅកាន់នាង ដែលបានស្រលាញ់ ជួយលើកតម្កើននិងផ្សព្វផ្សាយពីវប្បធម៌និងអរិយធម៌ខ្មែរ។ ខណៈដែលជនបរទេសជាច្រើនទៀត ហាក់ចាប់អារម្មណ៍នឹងចង់មកឃើញពីភាពល្អឯកនៃតំបន់អង្គរ ប្រទេសកម្ពុជាដោយផ្ទាល់ភ្នែកផងដែរ៕











