ដូចប្រិយមិត្តជ្រាបរួចមកហើយថា នៅក្នុងប្រទេសវៀតណាមនាពេលថ្មីៗនេះគឺមានរឿងចម្លែកៗកើតឡើងផ្ទួនៗគ្នា ខណៈកាលពីដើមខែមិថុនាឆ្នាំនេះ គឺមានត្រីសមុទ្រទឹកជ្រៅដ៏ធំសម្បើមមួយក្បាលងា.ប់ដោយមិនដឹងមូលហេតុ ដោយត្រីប្រភេទនេះត្រូវបានគេស្គាល់ផងដែរថាជានិមិត្តរូបនៃគ្រោះមហន្តរាយ ហើយវាក៏ជាសត្វកម្រដែលមិនងាយបង្ហាញឱ្យមនុស្សយើងឃើញវានោះទេ។ មិនយូរប៉ុន្មានរំលងប្រហែលពីរបីថ្ងៃក្រោយមក ក៏មានបាតុភូតរន្ទះបា.ញ់ជាប់ៗគ្នារហូតដល់ជាង ៧ ពាន់ដងនៅក្នុងទីក្រុងហាណូយបណ្តាលឱ្យគោក្របីរាប់សិបក្បាលងា.ប់ជាបន្តបន្ទាប់។
បច្ចុប្បន្នប្រទេសនេះកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួន។ ហើយគិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាម Vnexpress បានឱ្យដឹងថា សមុទ្រនៃឆ្នេរ Mun ភាគនិរតីនៃកោះ Tho Chau ទីក្រុង Phu Quoc គឺមានបាតុភូតដ៏ចម្លែកមួយបានលេចឡើងជាលើកដំបូងនៅក្នុងដែនទឹករបស់កោះនេះ នៅពេលដែលទឹកសមុទ្រស្រាប់តែប្រែទៅជាពណ៌ក្រហមដូចឈាម។ យោងតាមគណៈកម្មាធិការប្រជាជនឃុំថូចូវ ទឹកសមុទ្រប្រែពណ៌ក្រហមចាប់ពីម៉ោង ១០ ព្រឹកថ្ងៃទី១២ ខែមិថុនា បន្ទាប់មកបានរីករាលដាលដល់ពេលរសៀល ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ១.០០០ ម៉ែត្រការ៉េ។
នៅថ្ងៃដដែលនោះប្រជាពលរដ្ឋក៏បានប្រទះឃើញសត្វតូចៗជាច្រើនក្បាលងាប់ ដែលភាគច្រើនជាត្រីត្រូវបានបោកបក់មកច្រាំង។ ទោះជាយ៉ាងណាមកដល់ពេលនេះ ទឹកសមុទ្រហាក់មានពណ៌ស្រាលជាងមុន និងរួមតូចក្នុងតំបន់ ហើយក៏បានរលាយបន្តិចម្តងៗផងដែរ។ លោក Do Van Dung លេខាឃុំ Tho Chau បាននិយាយថា មូលហេតុដែលបណ្តាលឱ្យទឹកសមុទ្រប្រែទៅជាពណ៌ក្រហមបែបនេះគឺដោយសារ បាតុភូតនៃការបន្តពូជសារ៉ាយហួសប្រមាណ ដែលមិនទាក់ទងនឹងចលនាទឹករលក។ បាតុភូតនេះលេចឡើងភាគច្រើននៅតំបន់សមុទ្រ ជាពិសេសច្រកសមុទ្រនៅជិតមាត់ទន្លេ និងកំពង់ផែសមុទ្រ។ 
ហើយជារឿយៗការប្រមូលផ្តុំសារ៉ាយអាចធ្វើឱ្យផ្ទៃទឹកក្លាយទៅជាពពុះ ឬប្រែពណ៌ ដែលអាចមានពណ៌ស្វាយ ពណ៌ផ្កាឈូក ពណ៌ខៀវ ឬក្រហម។ របាយការណ៍បាននិយាយថា “ផ្កាសារ៉ាយជាធម្មតាលេចឡើងតែក្នុងអាកាសធាតុត្រជាក់ប៉ុណ្ណោះ” នៅពេលដែលអាកាសធាតុក្តៅ និងមានពន្លឺព្រះអាទិត្យ សារ៉ាយក៏បាត់ទៅវិញដោយខ្លួនឯង។ ទោះជាយ៉ាងណាជំនោរក្រហមអាចបង្កើតជាតិពុលដល់ធម្មជាតិ បំផ្លាញអុកស៊ីហ្សែន បង្កឱ្យត្រី ក្តាម និងសត្វសមុទ្រជាច្រើនទៀតងា.ប់។ លើសពីនេះជំនោរក្រហមក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយើងផងដែរ ប្រសិនបើសារពាង្គកាយត្រូវបានបំពុលដោយសារធាតុពុលនោះ៕










