កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មានការបង្ហោះ និងចែករំលែកជាច្រើននៅលើបណ្តាញសង្គម ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ដែលបានកាក់ហៅម៉ូតូប្រជាពលរដ្ឋ០១គ្រឿងកំពុងបើកបរគ្មានបទល្មើស ដែលនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។
ជុំវិញករណីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមន្រ្តី០២នាក់ដែលកាក់ហៅម៉ូតូប្រជាពលរដ្ឋឱ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ពីឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច៕











