ទុរេនគឺជាផ្លែឈើត្រូពិកមួយប្រភេទដែលត្រូវបានសម្គាល់ដោយទំហំធំ រាងមូលទ្រវែង មានសំបកខាងក្រៅរឹង មានក្លិនក្រអូប និងមានបន្លា។ បច្ចុប្បន្ននេះគឺវាមានភាពពេញនិយមខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍ហើយក៏ត្រូវបានគេដាក់ឈ្មោះក្រៅហៅថាជា “ស្តេចផ្លែឈើ” ទៀតផង។ ជាទូទៅផ្លែនេះមានពណ៌លឿង ឬពណ៌ស ប៉ុន្តែពេលខ្លះវាក៏អាចមានពណ៌ក្រហម ឬបៃតងផងដែរ។ ទោះជាយ៉ាងណាតើអ្នកដឹងទេថា ផ្លែទុរេនមានដើមកំណើតមកពីប្រទេសណា? ហើយទីផ្សារណាដែលលក់ផ្លែនេះថោ.កបំផុត?
ជាការពិតណាស់ផ្លែទុរេនមានដើមកំណើតនៅដែនកោះស៊ូម៉ាត្រា និងកោះប័រណេអូ ឬកោះកាលីម៉ាន់តាន់ គឺជាកោះតែមួយគត់ក្នុងពិភពលោក ដែលមានចំណែកប្រទេសដល់ទៅ ៣ ស្ថិតនៅលើកោះនេះ រួមមានប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ដើមឡើយដើមទុរេន គឺជាដើមឈើព្រៃ ដែលត្រូវបានគេរកឃើញនៅប្រទេសម៉ាឡេស៊ី ប្រហែល ២០ប្រភេទ និងនៅប្រទេសឥណ្ឌូណេស៊ី ប្រហែល ១០០ ប្រភេទ។ ហើយមនុស្សជំនាន់មុនតែងជ្រើសរើសរកទុរេនព្រៃណា ដែលមានផ្លែល្អ រសជាតិឆ្ងាញ់ និងមានផ្លែធំ ដើម្បីយកមកដាំជាផ្លែឈើស្រុក ដែលគេហៅថាទុរេនដូនតានេះឯង។
បន្ទាប់មកនៅពេលវិទ្យាសាស្ត្រផ្នែកកសិកម្មជឿនលឿន គេក៏បានបង្កាត់ពូជទុរេនយ៉ាងច្រើន ដែលមានរហូតដល់ ៣០០ ប្រភេទនៅប្រទេសថៃ និងប្រហែលជា ១០០ ប្រភេទនៅប្រទេសម៉ាឡេស៊ី។ បើយោងតាមឯកសារបារាំង (Gallica) នៅប្រទេសកម្ពុជាយើងគឺមានដាំដើមទុរេនដំបូងបង្អស់នៅខេត្តកំពត ក្នុងអំឡុងប្រហែលជាង ៤០០ ឆ្នាំមុនដែលទំនងជាត្រូវបាននាំយកពូជមកពីស្រុកជ្វា។ ដូច្នេះហើយ តើអ្នកដឹងទេថាបច្ចុប្បន្ន ទីផ្សារប្រទេសណាដែលលក់ផ្លែនេះថោ.កបំផុត?.jpg)
យោងតាមសារព័ត៌មានបរទេស Selina Wamucii បានឱ្យដឹងថា ទីផ្សារទុរេនថៃគឺមានតម្លៃថោ.កបំផុតដោយលក់បោះដុំក្នុងមួយគីឡូក្រាមត្រឹមតែ ២.០៦ ទៅ ៣.៩៦ ដុល្លារប៉ុណ្ណោះ បន្ទាប់មកគឺទីផ្សារវៀតណាម ២.៣៨ ទៅ ១១.៥៥ ដុល្លារក្នុងមួយគីឡូក្រាម ខណៈម៉ាឡេស៊ីគឺ ៤.៩៤ ដុល្លារទៅ ៥.៩៣ ដុល្លារក្នុងមួយគីឡូក្រាម ហើយសម្រាប់ប្រទេសកម្ពុជាវិញគឺចន្លោះពី ៦.៩៣ ដុល្លារទៅ ១៣.៨៥ ដុល្លារក្នុងមួយគីឡូក្រាមគិតត្រឹមឆ្នាំ ២០២៤ នេះ។
គួរបញ្ជាក់ដែរថា ផ្លែទុរេនគឺមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដូចជា កាត់បន្ថយហានិភ័យជំងឺមហារីក ការពារជំងឺបេះដូង ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ក៏ដូចជាជួយបញ្ចុះជាតិស្ករក្នុងឈាមជាដើម៕










