ថ្មីៗនេះ មហាជនលើបណ្តាញសង្គមបានរិះគន់ជាខ្លាំងទៅលើអជ្ញាធរនៅក្រុងព្រះសីហនុ ដែលបណ្តាលឱ្យក្រុមហ៊ុនមួយធ្វើការចាក់ថ្មភ្នំរាប់ពាន់ដុំចាក់លប់ចូលទៅក្នុងសមុទ្រ ដោយបាត់សម្រស់ដ៏ស្រស់ស្អាតរបស់ឆ្នេរអូត្រេះ។
ជុំវិញករណីនេះ ក្រុមការងារចម្រុះខេត្ត បានចុះពិនិត្យនៅលើទីតាំងខាងលើនេះ បានធ្វើការបូកសរុប និងសម្រេចដូចខាងក្រោម៖
• ក្រុមហ៊ុនត្រូវផ្អាកការដ្ឋានសាងសង់ជាបណ្តោះសិន
• ក្រុមហ៊ុនត្រូវកាយដី ដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ
• ក្រុមហ៊ុនត្រូវមានសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល
• ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ
• ក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់
• ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
• ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនិតិវិធី និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែងជាធរមាន។
គួរបញ្ជាក់ថា សំណង់ចាក់លុបឆ្នេរអូត្រេះនេះ គឺគ្រោងនឹងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុនយូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕












