ប្រទេសចិន ៖ ពិធីបុណ្យប្រណាំងទូកនាគអន្តរជាតិប្រចាំឆ្នាំរបស់ទីក្រុងហុងកុង បានរៀបចំឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។ គេចាត់ទុកថា ពិធីបុណ្យប្រណាំងទូកនាគឆ្នាំនេះរៀបចំអធិកអធមជាងបណ្តាឆ្នាំមុនៗ ដោយសារមានតំបន់ចំនួន២៩ របស់ហុងកុងរៀបចំពិធីនេះ ហើយខេត្តហ៊ូណាន ក៏បានប្រណាំងទូកនាគដូចគ្នាដែរ ។
ការប្រណាំងទូកនាគអន្តរជាតិដែលគ្រប់គ្នាឃើញនេះ បានរៀបចំឡើងនៅតំបន់អាប័រឌីនស្ថិតនៅភាគខាងត្បូងហុងកុង ដែលជាតំបន់មានទំហំធំជាងគេរបស់អ្នកនេសាទ ។ គេឃើញកីឡាករ-កីឡាការិនីរាប់រយនាក់បានចូលរួមប្រណាំងទូកនាគ នៅក្រោមសំឡេងគាំទ្ររបស់អ្នកទស្សនាយ៉ាងសប្បាយរីករាយ ។ អ្នកទស្សនាពិធីប្រណាំងទូកនាគ និយាយថា ពួកគេបានមកលេងពិធីបុណ្យនេះជារៀងរាល់ឆ្នាំ និងមានអារម្មណ៍រីករាយខ្លាំងណាស់ ។
ដោយឡែក ខេត្តហ៊ូណាន ក៏បានរៀបចំពិធីបុណ្យប្រណាំងទូកនាគអន្តរជាតិដូចគ្នាដែរ កាលពីសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៤ ។ កីឡាករ-កីឡាការិនី ដែលមកចូលរួមប្រកួតនៅខេត្តហ៊ូណាន គឺមានអាយុលើសពី៤០ឆ្នាំ និងមានជំនាញអុំទូក ។ ហេតុនេះ កីឡាករមកចូលរួមប្រកួតមានទាំងអ្នកចូលនិវត្តន៍ពីការងារ, ពលករបរទេស និងស្ត្រីមេផ្ទះ ខណៈកីឡាករអាយុច្រើនបំផុត គឺមានអាយុ៥៧ឆ្នាំ និងអាយុតិចបំផុត៤៤ឆ្នាំ ។ 
ក្រៅពីនេះ តំបន់ជាច្រើនទៀតរបស់ប្រទេសចិន ក៏បានរៀបចំពិធីបុណ្យប្រណាំងទូកនាគអន្តរជាតិដូចគ្នាដែរ ។ ចិនបានប្រារព្ធពិធីប្រណាំងទូកនាគអន្តរជាតិអស់រយៈពេលជាង២.០០០ឆ្នាំហើយ ប៉ុន្តែកាលពី៤០ឆ្នាំមុន ហុងកុងបានរៀបចំការប្រណាំងទូកនាគបែបថ្មីឱ្យស្របនឹងស្ថានភាពបច្ចុប្បន្ន ។
ពិធីបុណ្យប្រណាំងទូកនាគ គឺស្រដៀងគ្នានឹងពិធីផ្សេងៗរបស់ចិនដែរ ប៉ុន្តែខុសប្លែកនៅត្រង់ការប្រណាំងទូកនាគ គេនិយមបរិភោគនំប៉ាក់ចាង និងផឹកស្រា ។ នំនេះធ្វើពីអង្ករដំណើបខ្ចប់ស្លឹកឫស្សី និងមានស្នូលខុសៗគ្នា ដូចជា ៖ សណ្តែកក្រហម, ពុទ្រា, សាច់ជ្រូក, ពងទាប្រៃ,ផ្សិត និងសាច់ក្រក បន្ទាប់មក គេយកវាទៅចំហុយ ឬស្ងោរ ។ ក្រៅពីនេះ ពលរដ្ឋចិនភាគច្រើននាំគ្នាទៅមាត់ទន្លេ ឬមាត់បឹង ដើម្បីចូលរួមអបអរ និងទស្សនាការប្រណាំងទូកនាគបុរាណ ។
ការប្រណាំងទូកនាគបានក្លាយជាពិធីល្បីល្បាញមួយនៅចិន គឺដើម្បីរំលឹកពីការធ្វើអត្តឃាតរបស់ Qu Yuan ពីព្រោះការប្រណាំងទូកមានលក្ខណៈស្រដៀងគ្នានឹងអ្នកស្រុកព្យាយាមតាមរកសពរបស់ Qu Yuan ក្នុងទឹកទន្លេ ។ មតិខ្លះទៀតថា ការធ្វើអត្តឃាតរបស់ Qu Yuan គ្រាន់តែជារឿងតំណាលប៉ុណ្ណោះ ពីព្រោះការប្រណាំងទូកនាគមានប្រវត្តិយូរយារហូតដល់២.០០០ឆ្នាំ ។
ចំណែកអ្នកជំនាញជឿថា ពិធីប្រណាំងទូកនាគមានដើមកំណើតពីការថ្វាយបង្គំសត្វនាគ ហើយខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានរៀបចំពិធីនេះមុនគេ ៕










