ប្រទេសបេលីស ៖ The Great Blue Hole គឺជារណ្តៅយក្សពណ៌ខៀវក្នុងមហាសមុទ្រ ដែលមានទីតាំងនៅក្រៅឆ្នេរសមុទ្រប្រទេសបេលីស (Belize ជាប្រទេសស្ថិតនៅអាមេរិកកណ្តាល) និងនៅក្បែរចំណុចកណ្តាលកោះផ្កាថ្មឈ្មោះ Lighthouse Reef ។ មាត់រណ្តៅយក្សនេះមានរាងជារង្វង់មូល និងមានជម្រៅចុះទៅក្រោមស្មើនឹង១២៤ម៉ែត្រ (គឺមានកម្ពស់ស្មើអគារ៣៥ជាន់) ។
កន្លងមក ក្រុមអ្នកស្រាវជ្រាវបានយកថ្មពីបាតរណ្តៅទៅវិភាគឃើញថា រណ្តៅដ៏ធំក្នុងសមុទ្រនេះបានកើតឡើងរាប់ពាន់ឆ្នាំមកហើយ គឺមុនពេលវាក្លាយជារណ្តៅយ៉ាងជ្រៅបែបនេះ គឺវាធ្លាប់ជាល្អាងថ្មស្ថិតនៅលើកោះផ្កាថ្មពីមុន ។ ប៉ុន្តែពេលកម្រិតទឹកសមុទ្រកើនឡើងកាន់តែខ្លាំង ល្អាងថ្មនៅលើកោះក៏ត្រូវបានទឹកសមុទ្រជន់លិចទាំងស្រុង និងធ្វើឱ្យវាក្លាយជារណ្តៅមានជម្រៅយ៉ាងជ្រៅក្នុងទឹកសមុទ្រនាពេលបច្ចុប្បន្ន ។

រណ្តៅយក្ស The Great Blue Hole គឺជាផ្នែកមួយស្ថិតក្នុងការអភិរក្សផ្កាថ្មប្រភេទ Belize Barrier Reef Reserve System ដែលមានទំហំធំ និងត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ រណ្តៅយក្សនេះ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជ្រមុជទឹករាក់ និងទឹកជ្រៅ ខណៈបាតរណ្តៅជាជម្រករស់នៅរបស់សត្វសមុទ្រជាច្រើនប្រភេទ រួមទាំងត្រីឆ្លាមផងដែរ ។
សម្រាប់អ្នកជ្រមុជទឹកវិញចាត់ទុកថា រណ្តៅយក្សជាកន្លែងស្រាវជ្រាវនៅក្រោមទឹកយ៉ាងពិសេសមួយ ។ បើពួកគេចុះទៅក្នុងរណ្តៅកាន់តែជ្រៅ ពួកគេនឹងបានឃើញថ្មបុរាណជាច្រើនប្រភេទ ដែលថ្មទាំងនេះបានកើតឡើងតាំងពីសម័យរណ្តៅនៅជាល្អាងថ្មលើកោះមកម៉្លេះ ។ លើសពីនេះ ទឹកសមុទ្រក្នុងបរិវេណនេះមានសភាពថ្លាខ្លាំង ទើបធ្វើឱ្យអ្នកជ្រមុជទឹកអាចមើលឃើញសត្វសមុទ្រជាច្រើន ព្រមទាំងផ្កាថ្មមានសភាពរស់រវើក ។
ការចុះទៅក្នុងបាតរណ្តៅយក្ស គឺជាដំណើរផ្សងព្រេងមួយដែលធ្វើឱ្យគេភ្ញាក់ផ្អើលនឹងសម្រស់ដ៏ស្រស់ស្អាតរបស់ធម្មជាតិ និងភាពស្មុគស្មាញនៅបាតរណ្តៅ ។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរនិយមមកកម្សាន្តនៅទីនេះភាគច្រើន គឺចាប់ពីខែមេសា ដល់ខែមិថុនា ។
ភ្ញៀវទេសចរដែលចង់មកជ្រមុជទឹកក្នុងរណ្តៅនេះ ពួកគេត្រូវតែមានវិញ្ញាបនបត្របញ្ជាក់ថា ធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលជ្រមុជទឹក និងមានបទពិសោធន៍ ពីព្រោះមានតែអ្នកមានជំនាញខ្ពស់ប៉ុណ្ណោះ ទើបអាចជ្រមុជទឹកក្នុងរណ្តៅបាន ។ ក្រៅពីនេះ មុនពេលជ្រមុជទឹក ពួកគេក៏ត្រូវសង្កេតមើលអាកាសធាតុ និងជ្រើសរើសពេលវេលាល្អបំផុត ។
បើអ្នកជ្រមុជទឹកពុំចង់ពិបាកច្រើន គឺពួកគេអាចទំនាក់ទំនងក្រុមហ៊ុនទេសចរណ៍ជាច្រើនដែលផ្តល់សេវាកម្មផ្នែកនេះ ឬទំនាក់ទំនងជាមួយមគ្គុទ្ទេសក៍ទេសចរមានបទពិសោធន៍ ៕