ប្រទេសថៃ ៖ កាលពីមុន អ្នកនាង អ៊ីវ សាវ៉ាឡាក់ គឺជាតារាចម្រៀងល្បីឈ្មោះម្នាក់នៅប្រទេសថៃ ហើយនាងមានផ្ទះ២ខ្នង និងមានប្រាក់រហូតដល់ជាង១០លានបាត ។ ការងារប្រចាំថ្ងៃរបស់នាង គឺដើរច្រៀងនៅតាមទូរទស្សន៍ទូទាំងប្រទេសថៃ ប៉ុន្តែជីវិតរបស់នាងបានផ្លាស់ប្តូរទាំងស្រុង ហើយបច្ចុប្បន្ននេះ នាងធ្លាក់ខ្លួនក្រីក្រ និងក្លាយជាមនុស្សអនាថា គ្មានផ្ទះសម្បែង ។
អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ «pramotpanket» បានបង្ហោះវីដេអូស្ត្រីអនាថាម្នាក់ ដែលច្រៀងពិរោះមានទឹកដមដូចតារាចម្រៀងអាជីព ហើយធ្វើឱ្យអ្នកទស្សនាវីដេអូចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំឡេងរបស់ស្រ្តីអនាថា ។ ក្រោយមក អ្នកលេងបណ្តាញសង្គមព្យាយាមស្វែងរកព័ត៌មានបន្ថែមរហូតដឹងថា ស្ត្រីអនាថានេះឈ្មោះ អ៊ីវ សាវ៉ាឡាក់ ជាអតីតតារាចម្រៀងដ៏ល្បីមួយរូប ។

ក្នុងការងារតន្ត្រី នាង អ៊ីវ សាវ៉ាឡាក់ មានឈ្មោះមួយទៀតថា អេ សាក់ឡេតេ ហើយនាងធ្លាប់ច្រៀងនៅតាមភោជនីយដ្ឋាន និងកម្មវិធីផ្សេងៗនៅស្រុកស៊ីឃីវ ខេត្តនគរាជសីម៉ា ។ ក្រៅពីនេះ នាងធ្លាប់ចូលរួមប្រកួតច្រៀងក្នុងកម្មវិធីទូរទស្សន៍ល្បីៗផងដែរ ។ ប៉ុន្តែដោយសារនាងមានអាយុកាន់តែច្រើន និងសេដ្ឋកិច្ចគ្រួសារមិនល្អ ទើបធ្វើឱ្យនាងលាឈប់ពីការងារតន្ត្រី និងបាត់មុខពីផ្នែកតន្ត្រីអស់រយៈពេលជាច្រើនឆ្នាំ រហូតក្លាយជាស្រីអនាថានាពេលបច្ចុប្បន្ន ដែលគេបានឃើញក្នុងវីដេអូ TikTok ។
បច្ចុប្បន្ន (ឆ្នាំ២០២៤) អតីតតារាចម្រៀងរូបនេះបានស្នាក់នៅជាមួយអ្នកជិតខាង គឺអ្នកស្រី សេណក់ ឆបសុក អាយុ៤៦ឆ្នាំ ហើយនាង អ៊ីវ ប្រាប់ថា មានអារម្មណ៍រំភើបណាស់ជាមួយការផ្សព្វផ្សាយពីជីវិតរបស់នាងក្នុងបណ្តាញសង្គមពេលនេះ ។
អ្នកស្រី សេណក់ រៀបរាប់ថា បានស្គាល់នាង អ៊ីវ យូរហើយ តាំងពីនាងកំពុងល្បីល្បាញមកម៉្លេះ ក្រោយមក នាងក៏បាត់មុខពីសង្គម ។ អ្នកស្រីបានជួបនាងម្តងទៀតកាលពី៣ឆ្នាំមុន ពេលនោះ នាងគ្មានទីពឹងទេ ហើយនាងដេកមុខបន្ទប់ទឹកផ្សារនៅស្រុកស៊ីឃីវ ។ អ្នកស្រីចាំមុខបាន ក៏បបួលនាងមករស់នៅផ្ទះជាមួយគ្នា ព្រោះអាណិត ដោយសារនាងធ្លាប់មានជីវិតស្រស់បំព្រង បែរជាធ្លាក់ខ្លួនបែបនេះ ។
ចំណែកលោក ថេវ៉ាន់ ឆៃចាន់ធឹក អាយុ៣៧ឆ្នាំ ជាក្មួយប្រុសរបស់នាង អ៊ីវ និយាយថា កាលពីមុន លោកធ្លាប់នៅក្រុមតន្ត្រីជាមួយនាង និងដើរច្រៀងពាសពេញប្រទេស ប៉ុន្តែក្រោយមក ថៅកែក៏បបួលនាង អ៊ីវ ទៅថតចម្រៀងដាក់អាល់ប៊ុមនៅទីក្រុងបាងកក ។ ពេលនោះ នាងបានជួបតារាចម្រៀងល្បីៗជាច្រើននាក់ ហើយលោក ថេវ៉ាន់ ក៏ត្រេកអរផងដែរ ប៉ុន្តែបន្ទាប់ពីនោះ លោកពុំបានជួបនាងទៀតទេ ។ លោកបានជួបនាងលើកចុងក្រោយ គឺពេលនាងញៀនថ្នាំ និងបាត់បង់ស្មារតីជាមនុស្ស ។
បច្ចុប្បន្ន នាង អ៊ីវ សាវ៉ាឡាក់ អាយុ៤៦ឆ្នាំ បានរៀបរាប់ពីខ្សែជីវិតរបស់ខ្លួនប្រាប់អ្នកសារព័ត៌មានថា នាងចូលចិត្តច្រៀងតាំងពីក្មេងមកម៉្លេះ ។ ពេលនាងអាយុ១៥ឆ្នាំ រៀនថ្នាក់មធ្យមសិក្សា នាងចូលចិត្តដើរមើលការប្រគំន្ត្រីក្នុងវត្តអារ៉ាមនៅខេត្តនគរាជសីម៉ា ។ ដូច្នេះ ធ្វើឱ្យនាងចាប់អារម្មណ៍ការច្រៀង និងស្ម័គ្រចិត្តធ្វើជាអ្នករាំតាំងពីពេលនោះមក ។ ពេលធ្វើជាអ្នករាំ នាងក៏ហាត់ច្រៀងផងដែរ រហូតក្លាយជាតារាចម្រៀងតាមក្តីប្រាថ្នា និងដើរច្រៀងនៅទូទាំងប្រទេសអស់រយៈពេល៧ឆ្នាំ ។
ក្រោយមក ម្ចាស់ហាងបានបបួលនាងទៅច្រៀងដាក់អាល់ប៊ុមនៅទីក្រុងបាងកក ដោយនាងដាក់ឈ្មោះខ្លួនឯងថា អេ សាក់ឡេតេ ។ រីឯអាល់ប៊ុមចម្រៀងដំបូងរបស់នាង មានចម្រៀង១១បទ ហើយចម្រៀងដែលធ្វើឱ្យនាងល្បីល្បាញ គឺបទ «ស្ទះចរាចរណ៍» ។ ពេលនោះ នាងបានច្រៀងនៅតាមកន្លែងប្រគំតន្រ្តីផ្សេងៗទូទាំងប្រទេស និងបង្ហាញមុខក្នុងកញ្ចក់ទូរទស្សន៍ជាច្រើន ។
ក្រៅពីនេះ នាងមានជំនួយការផ្ទាល់ខ្លួនផងដែរសម្រាប់ចាត់ចែងការងារ ហើយនាងទទួលបានប្រាក់ចំណូលច្រើនពីការងារសិល្បៈ រហូតដល់មានប្រាក់រាប់លានបាត ។ នាងបានទិញផ្ទះធំចំនួន២ខ្នងនៅស្រុកសូងណឺន ខេត្តនគរាជសីម៉ា ប៉ុន្តែកេរ្តិ៍ឈ្មោះនាងក៏ចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ។ ដូច្នេះ នាងបានដើរលេងយប់រហូតដល់ញៀនស្រា និងប្រើប្រាស់ថ្នាំញៀន ។
ចុងក្រោយ សុខភាពរបស់នាងចាប់ផ្តើមចុះខ្សោយ ហើយការងារច្រៀងក៏បាត់បង់ ទើបម្ចាស់ហាងពុំបន្តកិច្ចសន្យា ហើយនាងក៏ដើរស៊ីឈ្នួលច្រៀង ។ រីឯប្រាក់រាប់លានបាតនោះបានបាត់បង់ដោយសារការដើរលេង, ផឹកស្រា និងប្រើថ្នាំញៀន ។ ចុងក្រោយ នាងក៏សម្រេចចិត្តលក់ផ្ទះទាំង២ខ្នង គឺផ្ទះ១ខ្នងលក់តម្លៃត្រឹមតែ២សែនបាតប៉ុណ្ណោះ ។ ពេលលក់ផ្ទះរួច នាងក៏យកប្រាក់ដែលបានពីលក់ផ្ទះមកដើរលេង និងចាយវាយបន្តរហូតដល់អស់ពីខ្លួន ត្រឹមតែរយៈពេល៤ឆ្នាំប៉ុណ្ណោះ ។
កាលពី៥ឆ្នាំមុន សាច់ញាតិបាននាំនាងទៅព្យាបាលជំងឺផ្លូវចិត្តនៅមន្ទីរពេទ្យ ។ ពេលចេញពីមន្ទីរពេទ្យវិញ នាងក៏ក្លាយជាមនុស្សអនាថារស់នៅតាមផ្សារ រហូតមានអ្នកឃើញនាងដេកមុខបន្ទប់ទឹកផ្សារ និងនាំនាងមករស់នៅជាមួយ ។ នាងក្លាយជាមនុស្សអនាថាបែបនេះ ដោយសារនាងចូលចិត្តរស់នៅមានសេរីភាព ចង់ទៅដើរលេងកន្លែងណាស្រេចតែចិត្ត ហើយនាងគ្មានគោលដៅជីវិតច្បាស់លាស់ទេ ។
ប៉ុន្តែដោយសារនាងចូលចិត្តច្រៀង ទើបពេលមានកម្មវិធីនៅកន្លែងណាមួយ នាងតែងតែទៅរាំច្រៀងលើឆាកជានិច្ច ។ មនុស្សខ្លះនៅចាំមុខនាងថា ជាអតីតតារាចម្រៀង ពួកគេក៏ឱ្យលុយធីប ហើយនាងក៏លុយធីបនេះទៅទិញបាយហូប ។ ចុងក្រោយ នាងប្រាប់ថា នាងក៏នឹកឃើញពីជីវិតជាតារាចម្រៀងផងដែរ ហើយបើមានឱកាស នាងចង់ត្រឡប់ទៅច្រៀងនៅលើឆាកតន្ត្រីម្តងទៀត ៕