ទស្សនិកជនក្នុងស្រុកជ្រាបមកហើយថាវិស័យតន្រ្តីក្នុងប្រទេសកម្ពុជាកាន់តែទូលំទូលាយទទួលបានការគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុកខណៈមានតារាចម្រៀងខ្មែរមួយចំនួនបានសហការចេញបទចម្រៀងជាមួយតារាក្រៅស្រុកទៀតផង។ យ៉ាងណាមិញ នេះជាជំហានថ្មីមួយទៀតដោយ ជី ដេវីត បានក្លាយជាតារាខ្មែរដំបូងសហការជាមួយតារាបរទេសអាចឱ្យដៃគូសហការគឺ DJ Soda ស្លៀកឈុតប្រពៃណីខ្មែរថត MV បានគួរជាទីមោទនៈ។
អ្នកគាំទ្រតារាចម្រៀងរ៉េប ជី ដេវីត ជ្រាបមកហើយថាមិត្តភាពតារាចម្រៀងរូបនេះ រួមទាំង ទេព បូព្រឹក្ស និង DJ Soda ជាតារានៅកូរ៉េខាងត្បូងមានភាពស្និតរមួតជាខ្លាំងនិងបានរួមការងារជាមួយគ្នាជាហូរហែ ខណៈកាលពីកន្លងមកថ្មីៗនេះ DJ Soda បានមកចូលរួមកម្មវិធីសម្ពោធ MV ទេវរាជ ក្នុងឈុតបុរាណខ្មែរ អប្សរា យ៉ាងស្រស់ស្អាតធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ព្រោះថានាងនិយមចូលចិត្តលេងខ្លួនស៊ិចស៊ី ប៉ុន្តែនាងជាមនុស្សអាចស្របតាមកាលៈទេសៈនិងធ្វើខ្លួនបានយ៉ាងល្អ។

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តថ្មីៗនេះតារាចម្រៀង ជី ដេវីត បានទម្លាក់ Teaser ថ្មីជាបទសហការជាមួយ DJ Soda ដោយគ្រោងចេញជា MV តែម្តងដែលបទនេះមានចំណងជើងថា « WE MADE IT»។ ការទម្លាក់ Teaser បានភ្ជាប់ជាមួយប្រយោគមួយថា «បដិវត្តន៍សម័យថ្មី ស្តេចនៃការប្រគំតន្រ្តី បាក់ទឹកបាក់ដី ពេលដែលខ្ញុំលើកស្លាក មួយជំហានដើរដាច់ ជំហានពីរគេប្រកាច់ ចង់អានខ្ញុំដាច់ ទាល់កម្រិតសូក្រាត » ដោយបានដាក់រូបនិម្មិតសញ្ញាទង់ជាតិប្រទេសកម្ពុជានិងទង់ជាតិប្រទេសកូរ៉េខាងត្បូង។
ជំហានថ្មីដ៏ពិសេសរបស់ ជី ដេវីត នេះនោះគឺនៅក្នុងវីដេអូខ្លីនេះគេបានឃើញ DJ Soda បានរំលេចខ្លួនជាមួយឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតនៅក្នុង MV ដែលនេះជាកត្តាមួយជំរុញការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោកតាមរយៈស្នាដៃមួយនេះ ខណៈ DJ Soda ជា DJ មួយរូបល្បីទូទាំងពិភពលោកមានអ្នកតាមដានរាប់សិបលាននាក់គ្រប់បណ្តាញសង្គម។
នេះក៏អាចបញ្ជាក់ថា ជី ដេវីត ជាតារាចម្រៀងខ្មែរដំបូងអាចសហការជាមួយតារាក្រៅស្រុកហើយថែមទាំងអាចជំរុញចិត្តឱ្យដៃគូសហការរបស់ខ្លួនថត MV ជាមួយឈុតប្រពៃណីខ្មែរថែមទៀត៕