អ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីកញ្ញា ខាត់ ស្រីច័ន្ទ PD Miss Grand កំពង់ឆ្នាំង ចេញមកបង្ហោះស្តាយលុយធ្វើខុសកម្មវិធី និងពាក្យសម្តីមួយចំនួនទៀត ខណៈលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ចេញមកផ្លែផ្កាវិញថារបស់ឱ្យ Free សោះអ្នកណាជាអ្នកស្តាយឱ្យពិតប្រាកដ និងបានបោះសម្តីទៀតថា «ភ្លេចកំណើត»។
បន្ទាប់ពីប្រកួតឈុតតំណាងជាតិកាលពីថ្ងៃសៅរ៍ ទី៨ មិថុនា កម្មវិធីប្រកួត Miss Grand Cambodia 2024 ដឹកនាំដោយលោកស្រី អ៊ឹម សុគន្ធា ចាប់ផ្តើមមានសន្ទុះជាងមុនទាំងភាពវិជ្ជមាន និងអវិជ្ជមាន ខណៈហេតុការណ៍ធ្វើឱ្យស្រទាប់អ្នកស្នេហាវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើលនិងមានភាពងឿងឆ្ងល់នោះគឺអ្នកគ្រប់គ្រងថ្នាក់ជាតិកម្មវិធីនេះនិងអ្នកគ្រប់គ្រងថ្នាក់ខេត្តកំពង់ឆ្នាំងចេញមកបង្ហោះសារផ្លែផ្កាពាក្យសម្តីមុតៗឱ្យគ្នាទៅវិញទៅមក។
វេលាម៉ោងជាង៨យប់ ថ្ងៃទី៩ មិថុនា កញ្ញា ខាត់ ស្រីច័ន្ទ ដែលមានគណនីបណ្តាញសង្គម Kate cat និងជា PD ខេត្តកំពង់ឆ្នាំង មាន ប៊ី សុធារី ជាអ្នកតំណាងខេត្តនេះបានចេញមកបង្ហោះថា «ខ្ញុំស្ដាយលុយដែលធ្វើខុសកម្មវិធីនេះជាខ្លាំង ល្អមើលខ្លាំងម៉ងយាយមែន »។ មួយប្រយោគនេះបានធ្វើឱ្យអ្នកតាមដានវិស័យកញ្ញាផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងថាតើនាងកំពុងនិយាយពីកម្មវិធីណាមួយ។
មិនដល់២ម៉ោងក្រោយមកលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ចេញមកបង្ហោះសារយ៉ាងក្តៅគគុកមួយដែរថា «អីគេស្តាយលុយ ចង់តែសើចឱ្យមនុស្សលើលោកឃើញទេ…ព្រះអង្គអើយ របស់ឱ្យfreeសោះ តើអ្នកស្តាយជានរណាគេឱ្យពិត ភ្លេចកំណើតពិតៗ»។
ការបង្ហោះផ្លែផ្កាឱ្យគ្នាទៅវិញទៅមកនេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈ កញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហោះសារថ្មីមួយទៀតដោយសម្តីយ៉ាងសាហាវជាភាសាអង់គ្លេស និងភ្ជាប់មកជាភាសាខ្មែរ«ដោះ ស្រាយធ្វើកម្មវិធីខ្លួនឱ្យតែល្អកុំមក involve ជាមួយMe ថយចេញឱ្យឆ្ងាយ 1000000km»។
គេមិនដឹងថាកញ្ញា ខាត់ ស្រីច័ន្ទ និងលោកស្រី អ៊ឹម សុគន្ធា មានបញ្ហា ខ្នក់ចិត្ត រឿងអ្វីនោះទេទើបទម្លាយនៅលើបណ្តាញសង្គមបែបនេះនាំឱ្យអ្នកគាំទ្រព្រួយបារម្ភចំពោះបេក្ខភាពចូលរួមប្រកួតនៅពេលអ្នកគ្រប់គ្រងថ្នាក់ខេត្តនិងអ្នកគ្រប់គ្រងថ្នាក់ជាតិមានបញ្ហាចម្រូងចម្រាសនឹងគ្នាបែបនេះ៕










