ប្រទេសប្រេស៊ីល ៖ ជាទូទៅ ផ្លូវនៅតាមទីក្រុងនានាលើពិភពលោក ពុំសូវមានដាំដើមឈើតាមសងខាងផ្លូវច្រើនប៉ុន្មានទេ ហើយបើមានដើមឈើវិញ គឺស្ថិតនៅឆ្ងាយៗពីគ្នា ។ ប៉ុន្តែផ្លូវមួយនេះមានដើមឈើសងខាងពាសពេញទាំងអស់ និងផ្តល់ម្លប់ត្រឈឹងត្រឈៃដល់អ្នកដំណើរទាំងឡាយ ឬអាចហៅបានថា ជាផ្លូវមានដំបូលដើមឈើ ។.jpg)
ផ្លូវនេះឈ្មោះ «Rua Goncalo de Carvalho» មានធម្មជាតិស្រស់ស្អាតបំផុតនៅលើពិភពលោក និងស្ថិតនៅទីក្រុង Porto Alegre ជាទីក្រុងធំជាងគេក្នុងរដ្ឋ Rio Grande do Sul ប្រទេសប្រេស៊ីល ។ ផ្លូវនេះមានប្រវែងសរុបចំនួន៥០០ម៉ែត្រ ហើយនៅតាមសងខាងផ្លូវគ្របដណ្តប់ទៅដោយដើមឈើឈ្មោះ Rosewood ចំនួនជាង១០០ដើម ដែលមានកម្ពស់ស្មើនឹងអគារ៧ជាន់ ។ .jpg)
បើតាមចាស់ៗរស់នៅក្នុងទីក្រុងប្រាប់ថា ដើមឈើទាំងអស់នេះបានដាំនៅឆ្នាំ១៩៣០ ដោយកម្មកររោងចក្រផលិតស្រាបៀរអាល្លឺម៉ង់នៅតំបន់ក្បែរគ្នា ។ ក្រោយមក នៅឆ្នាំ២០០៥ អ្នកជំនួញធ្លាប់មានគំនិតកាប់ដើមឈើទាំងនេះចោលដើម្បីបង្កើតជាមជ្ឈមណ្ឌលលក់ទំនិញ ប៉ុន្តែក៏មានមតិជំទាស់កើតឡើងពីពលរដ្ឋរស់នៅក្នុងទីក្រុង រហូតដល់ត្រូវលុបចោលគម្រោងកាប់ដើមឈើ ។.jpg)
គួរបញ្ជាក់ថា ទីក្រុង Porto Alegre បានបង្កើតឡើងកាលពីឆ្នាំ១៧៦៩ ហើយបើតាមទិន្នន័យកាលពីឆ្នាំ២០១០ បង្ហាញថា មានមនុស្សរស់នៅក្នុងទីក្រុង ស្មើជាង១៥០ម៉ឺននាក់ (១.៥០៩.៩៣៩នាក់) ។ ទីក្រុងនេះស្ថិតក្នុងចំណោមទីក្រុងធំៗចំនួន១០ របស់ប្រទេសប្រេស៊ីល ព្រមទាំងជាមជ្ឈមណ្ឌលវប្បធម៌, នយោបាយ និងសេដ្ឋកិច្ចផងដែរ ។.jpg)
កាលពីឆ្នាំ២០០៥ ការសាងសង់ហាងទំនិញនៅក្បែរៗបានប៉ះពាល់ដល់ផ្លូវដ៏ស្រស់ស្អាតមួយនេះ និងធ្វើឱ្យអ្នករស់នៅក្នុងទីក្រុងអំពាវនាវឱ្យមានការថែទាំផ្លូវឡើងវិញ ។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៦ អភិបាលក្រុងឈ្មោះ Jose Fogaca បានចុះហត្ថលេខាកំណត់ឱ្យផ្លូវ Rua Goncalo de Carvalho ក្លាយជាតំបន់ប្រវត្តិសាស្ត្រ, វប្បធម៌ និងបរិស្ថាន ។
រូបភាពផ្លូវសម្បូរទៅដោយដើមឈើនេះ កាន់តែទទួលបានការពេញនិយមខ្លាំងឡើងៗ រហូតដល់ឆ្នាំ២០០៨ ជីវវិទូជនជាតិព័រទុយហ្គាល់បានឃើញផ្លូវនេះ ហើយក៏សរសេរក្នុងវែបសាយរបស់ខ្លួនថា ជាផ្លូវស្អាតបំផុតលើពិភពលោក ។ បច្ចុប្បន្ន ផ្លូវ Rua Goncalo de Carvalho ត្រូវបានប្រកាសជា «បេតិកភណ្ឌបរិស្ថាន» របស់អាមេរិកឡាទីន ៕










