ប្រទេសចិន ៖ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្ញៀវទេសចរដែលស្រឡាញ់ធម្មជាតិ និងព្យាយាមឡើងទៅលើកំពូលភ្នំ ដើម្បីគយគន់ទេសភាពទឹកជ្រោះមានកម្ពស់ខ្ពស់បំផុតនៅប្រទេសចិន និងតំបន់អាស៊ី បានស្រឡាំងកាំងនិយាយលែងចេញ ដោយសារតែឃើញថា វាជាទឹកជ្រោះក្លែងក្លាយ ។
មនុស្សនៅទូទាំងពិភពលោកបានជ្រាបថា ជនជាតិចិនតែងតែចម្លងម៉ូដផលិតផលផ្សេងៗ និងចម្លងដូចផលិតផលដើមបេះបិទ ។ ប៉ុន្តែករណីមួយនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា ជាពិសេស ភ្ញៀវទេសចរស្រឡាញ់ធម្មជាតិ ឬចូលចិត្តឡើងភ្នំ ពីព្រោះអ្វីដែលពួកគេមើលឃើញនោះ គឺមិនដូចនឹងការគិតទុកឡើយ ។
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានបង្ហាញពីទឹកជ្រោះមួយកន្លែងនៅភ្នំ Yuntai ខេត្ត Henan ប្រទេសចិន និងធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងថា វាជាទឹកជ្រោះក្លែងក្លាយ ប៉ុន្តែបែរជាជាប់ចំណាត់ថ្នាក់ជាទឹកជ្រោះមានកម្ពស់ខ្ពស់បំផុតនៅចិន និងតំបន់អាស៊ី ។
អាថ៌កំបាំងត្រូវបានបែកធ្លាយ ក្រោយពីបុរសជាភ្ញៀវទេសចរម្នាក់ព្យាយាមឡើងទៅលើកំពូលភ្នំ Yuntai អស់ជាច្រើនម៉ោង ដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាតរបស់ប្រភពទឹកជ្រោះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យបុរសរូបនេះភ្ញាក់ផ្អើលខ្លាំងនោះ គឺវាមិនមែនជាទឹកជ្រោះកើតឡើងតាមធម្មជាតិទេ ការពិត ទឹកជ្រោះនេះហូរចេញពីបំពង់បង្ហូរទឹកម៉ាស៊ីន ។ ដូច្នេះ បុរសខាងលើក៏បានថតរូបភាពទឹកជ្រោះយកមកបង្ហោះក្នុងបណ្តាញសង្គម ។.jpg)
ក្រោយពីរូបភាពទឹកជ្រោះនេះបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ធ្វើឱ្យគេចែកចាយយ៉ាងច្រើនរហូតដល់ល្បីល្បាញភ្លាមៗ និងពុំនឹកស្មានថា ទឹកជ្រោះមានកម្ពស់ខ្ពស់បំផុតនៅតំបន់អាស៊ី បែរជាហូរចេញពីទឹកម៉ាស៊ីនបែបនេះសោះ ។ កន្លងមក ទឹកជ្រោះនេះបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តរាប់មិនអស់ទេ ប៉ុន្តែការពិត វាជាទឹកជ្រោះក្លែងក្លាយតែប៉ុណ្ណោះ ។
ភ្ញៀវទេសចរខ្លះនិយាយថា កាលពីឆ្នាំ២០២៣ ខ្លួនបានមកកម្សាន្តនៅទឹកជ្រោះនេះ និងផឹកទឹកជ្រោះទៀតផង ហើយវាមានក្លិនស្រដៀងនឹងទឹកម៉ាស៊ីន ។ រីឯភ្ញៀវទេសចរខ្លះទៀតប្រាប់ថា គួរឱ្យសោកស្តាយណាស់ដែលខំចំណាយប្រាក់អស់យ៉ាងច្រើន ពីព្រោះចង់ឃើញទិដ្ឋភាពបែបធម្មជាតិ ប៉ុន្តែដូចនាំគ្នាមកងូតទឹកម៉ាស៊ីន ៕










