ថ្មីៗនេះ មហាជនហាក់ចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំងទៅលើស្នាដៃគំនូររបស់ក្មេងៗ ថ្នាក់ទី៣ នៃសាលារៀនមួយកន្លែងនៅក្នុងខេត្តបាត់ដំបង ពោរពេញដោយភាពច្នៃប្រឌិតនិងការខិតខំប្រឹងប្រែង ប្រឡងគំនូរលើវិញ្ញាសា «សេះសមុទ្របាញ់ទឹកតំណាងខេត្តកំពត»។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគេហទំព័រមួយដែលមានឈ្មោះថា «វិទ្យាល័យអេស អូ អេស បាត់ដំបង» គឺបានបង្ហាញរូបថតប្រមាណ ១៧ សន្លឹក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «គំនូររូបសំណាក់សេះសមុទ្ររបស់កូនៗថ្នាក់ទី៣ក ម្នាក់ៗមានទឹកដៃមិនធម្មតា»។ 
ជាមួយនឹងការបង្ហាញរូបគំនូររបស់សិស្សានុសិស្សរបស់ពួកគេ គឺថាមានរូបសេះសមុទ្រ គ្រប់បែបគ្រប់សណ្ឋានតែម្តង និងអមដោយការផាត់ពណ៌ស្អាតៗ គួរជាទីទាក់ចិត្ត ត្បិតក៏អស់សំណើចលួចញញឹមនឹងរូបគំនូរពួកគេបន្តិចដែរ។ 
នេះទំនងជាការប្រឡងប្រចាំខែមិថុនា ដែលលោកគ្រូ/អ្នកគ្រូប្រចាំថ្នាក់ទី៣ នៃសាលាអេស អូ អេស ហែម៉ានម៉ៃន័របាត់ដំបង បានធ្វើការប្រឡងតេស្តសមត្ថភាពសិស្សានុសិស្សរបស់ខ្លួន ទៅលើវិញ្ញាសា«គំនូរសេះសមុទ្រ»។ អំឡុងពេលនោះ គ្រូក៏បានធ្វើការបិទក្រដាសរូបតំណាងសេះសមុទ្រនេះ នៅលើក្តារខៀន ដើម្បីឲ្យក្មេងៗគូរតាម។
យ៉ាងណាមិញ សិស្សានុសិស្សក៏បានបញ្ចេញស្នាដៃព្រៀងព្រាត ដោយបានធ្វើគូររូបនេះនៅលើក្រដាសប្រឡងរបស់ពួកគេគ្រប់ៗគ្នា ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងនិង ព្យាយាមនូវក្នុងការគូររហូតដល់បានសម្រេច បើទោះបីជាលទ្ធផលរូបរាងដែលគ្រោងទុកនោះវាមិនបានដូចបេះបិទ រូបខ្លះក៏ក្រវិចក្រវៀន ប៉ុន្តែនូវតែទទួលបានកោតសរសើរព្រោះតែក្មេងថ្នាក់ទី៣ គូរបានប៉ុណ្ណេះគឺវាប្រសើរបំផុតហើយ៕











