នៅក្នុងព្រៃអាម៉ាហ្សូនដ៏ធំដែលគ្របដណ្តប់ដោយផ្ទៃដី ៧ លានម៉ែត្រការ៉េ សុទ្ធតែមានក្រុមកុលសម្ព័ន្ធជាច្រើនរស់នៅក្នុងនោះ។ ប្រិយមិត្តប្រាកដជាដឹងហើយថា កុលសម្ព័ន្ធច្រើនតែរស់នៅក្នុងជីវិតបែបប្រពៃណី និងតែងតែរក្សានូវទំនៀមទម្លាប់របស់ពួកគេជានិច្ច។ បើនិយាយពីជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេវិញ គឺជាធម្មតាពួកគេចិញ្ចឹមជីវិតដោយការបរ.បាញ់សត្វនៅក្នុងព្រៃ និងការធ្វើស្រែចំការដាំដុះរុក្ខជាតិជាដើម។ ទោះជាយ៉ាងណានៅពេលដែលអ៊ីនធឺណិតផ្កាយរណបរបស់ Elon Musk បានចូលមកដល់ព្រៃ ជីវិតរស់នៅប្រចាំថ្ងៃរបស់ក្រុមកុលសម្ព័ន្ធ Marubo ក៏បានផ្លាស់ប្តូរទាំងស្រុងផងដែរ។
យោងតាម New York Times ក្រុមកុលសម្ព័ន្ធ Marubo គឺជនជាតិដើមភាគតិចរស់នៅក្នុងភូមិដាច់ស្រយាលមួយតាមដងទន្លេ Ituí ក្នុងព្រៃអាម៉ាហ្សូន។ ពួកគេមានទូរស័ព្ទ ប៉ុន្តែគ្មានអ៊ីនធឺណិតប្រើប្រាស់នោះទេ ហើយក៏មិនសូវចាប់អារម្មណ៍លើបច្ចេកវិទ្យាដែរ ដោយជាធម្មតាពួកគេគ្រាន់តែប្រើវាដើម្បីទំនាក់ទំនងគ្នា និងថតរូបប៉ុណ្ណោះ។ ទោះជាយ៉ាងណានៅអំឡុងខែកញ្ញានៃឆ្នាំ ២០២៣ នៅពេលដែលអ៊ីនធឺណិតផ្កាយរណបរបស់ Elon Musk បានមកដល់ក្នុងព្រៃ ភូមិដាច់ស្រយាលនេះក៏ទទួលបានអង់តែន Starlink ដែលជាអ៊ីនធឺណិតល្បឿនលឿន អាចប្រើបានស្ទើរតែគ្រប់ទីកន្លែងនៅលើភពផែនដីសូម្បីតែក្នុងព្រៃជ្រៅ។ ដូច្នេះតំបន់ដាច់ស្រយាលបំផុតមួយនៃព្រៃអាម៉ាហ្សូនក៏អាចប្រើប្រាស់អ៊ីនធឺណិតបានដែរ។
នៅពេលដែលអ៊ីនធឺណិតបានមកដល់ក្នុងព្រៃ សមាជិកជាច្រើននៃកុលសម្ព័ន្ធស្រាប់តែញៀននឹងទូរស័ព្ទដៃរបស់ពួកគេ ដោយម្នាក់ៗតែងតែផ្ញើសារឱ្យគ្នាទៅវិញទៅមក លេងហ្គេម មើលវីដេអូឃ្លីប ដែលអាកប្បកិរិយាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់របៀបរស់នៅបែបបរបាញ់ និងធ្វើស្រែចម្ការ ដែលមានសារៈសំខាន់ចំពោះរបៀបរស់នៅរបស់កុលសម្ព័ន្ធ។ Zainama Marubo ជាកុលសម្ព័ន្ធម្នាក់បាននិយាយថា នៅពេលអ៊ីនធឺណិតមកដល់ដំបូង “អ្នករាល់គ្នាសប្បាយចិត្តណាស់” ប៉ុន្តែយូរៗទៅអ្វីៗកាន់តែអាក្រក់ទៅៗ “មនុស្សវ័យក្មេងខ្ជិលដោយសារអ៊ីនធឺណិត” ហើយពួកគេកំពុងរៀនពីវិធីរស់នៅរបស់មនុស្សស្បែកស»។
ទោះបីជាអ៊ីនធឺណិតនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការទទួលបានជំនួយក្នុងគ្រាមានអាសន្នផ្នែកវេជ្ជសាស្ត្រក៏ដោយ។ ទំនាក់ទំនងជាមួយភូមិផ្សេងៗ និងរៀនពីពិភពខាងក្រៅ ក៏ភ្ជាប់មកជាមួយគុណវិបត្តិជាច្រើនផងដែរ។ មេដឹកនាំកុលសម្ព័ន្ធបាននិយាយថា យុវជនក្នុងក្រុមកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតបានធ្វើឱ្យពួកគេកាន់តែចាប់អារម្មណ៍ក្នុងការរស់នៅពិភពខាងក្រៅ ជាជាងរស់នៅក្នុងព្រៃ។ នេះជាការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាអាចនាំឱ្យបាត់បង់វប្បធម៌ និងប្រពៃណីរបស់ Marubo។ ទោះជាយ៉ាងណា ក្រុមកុលសម្ព័ន្ធនេះនៅតែបន្តប្រើប្រាស់អ៊ីនធឺណិត ព្រោះពួកគេយល់ថាអ៊ីនធឺណិតជួយសង្គ្រោះមនុស្សច្រើនជាងការបំផ្លាញ៕










