មនុស្សភាគច្រើនមិនធ្លាប់បានឮ និងឆ្ងល់ថា តើដើមឈើចេះអៀនខ្មាស់ដូចមនុស្សដែរ មែនទេ? ពិតហើយ ដើមឈើនៅក្នុងព្រៃធំៗនឹងរក្សាគម្លាតស្លឹកនៅចុងឈើ ហើយការរក្សាគម្លាតនេះហៅថា «បាតុភូតដើមឈើអៀន» ដែលវាពុំបានកើតឡើងញឹកញាប់ទេ ។ ហេតុនេះ ពេលមានបាតុភូតនេះម្តងៗ គេតែងតែកត់ត្រាក្នុងឯកសារ និងបញ្ជាក់ឆ្នាំច្បាស់លាស់ ។.jpg)
ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅលើពិភពលោក ប្រទេសនានាបានតម្រូវឱ្យពលរដ្ឋរក្សាគម្លាតគ្នាពី១ម៉ែត្រ ទៅ២ម៉ែត្រ (Social distancing) ដើម្បីចៀសវាងការឆ្លងរាតត្បាតជំងឺកូវីដនៅទីប្រជុំជន ។ រីឯរុក្ខជាតិក៏មានដូចគ្នាដែរ ការរក្សាគម្លាតស្លឹកនៅលើចុងឈើនីមួយៗ ហៅថា បាតុភូតដើមឈើអៀន (Crown Shyness) ។
បាតុភូតដើមឈើអៀន គឺជាការរក្សាគម្លាតនៅលើចុងឈើ រហូតដល់បង្កើតភាពស្រស់ស្អាតខ្លាំង ប្លែកភ្នែក ហើយបាតុភូតនេះបានកើតឡើងនៅតំបន់ព្រៃទូទាំងពិភពលោក ។ កាលពីឆ្នាំ១៩៨២ ជីវវិទូម្នាក់ឈ្មោះ Francis Jack Putz បានប្រទះឃើញព្រៃកោងកាងនៅប្រទេសកូស្តារីកា រក្សាគម្លាតស្លឹកនៅលើចុងឈើ ហើយក្រោយមក គេក៏បានប្រទះឃើញដើមឈើនៅប្រទេសម៉ាឡេស៊ីរក្សាគម្លាតស្លឹកដូចគ្នាដែរ ។.jpg)
បើតាមការស្រាវជ្រាវដែលបានកត់ត្រាទុកបង្ហាញថា បាតុភូតនេះភាគតែងតែកើតឡើងជាមួយដើមកោងកាង, ដើមស្រល់ និងដើមឈើប្រភេទ Eucalyptus ។ ចំណុចសំខាន់ គឺដើមឈើនីមួយៗត្រូវតែមានកម្ពស់ប្រហាក់ប្រហែលគ្នា ទើបអាចកើតបាតុភូតខាងលើបាន ។
ទោះយ៉ាងណា ដើមឈើប្រភេទផ្សេងទៀតនៅតំបន់មួយចំនួន ក៏បានកើតបាតុភូតនេះដែរ ។ នៅពេលដើមឈើកើតបាតុភូតនេះម្តងៗ វាជួយឱ្យពន្លឺព្រះអាទិត្យភ្លឺពេញព្រៃ ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់រុក្ខជាតិផ្សេងៗនៅលើដី និងសត្វព្រៃ ។ ម្យ៉ាងទៀត ដោយសារមែកឈើនីមួយៗរក្សាគម្លាតពីគ្នា វាធ្វើឱ្យការរីករាលដាលនៃសត្វល្អិតដែលជាសត្រូវបំផ្លាញរុក្ខជាតិ និងដង្កូវស៊ីស្លឹកឈើធ្លាក់ចុះជាបន្តបន្ទាប់ ។.jpg)
ចំណែកមូលហេតុបណ្តាលឱ្យកើតបាតុភូតដើមឈើអៀន គ្មានអ្នកណាម្នាក់អាចបកស្រាយបានទេ ហើយសូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏ពុំអាចផ្តល់ចម្លើយជាក់លាក់បានដែរ ប៉ុន្តែពួកគេសន្និដ្ឋានថា វាអាចកើតឡើងដោយសារកត្តា៣យ៉ាង គឺ ៖
១-កម្លាំងខ្យល់, ខ្យល់ព្យុះ និងទឹកភ្លៀង ទើបធ្វើឱ្យមែកឈើញែកដាច់ពីគ្នា រហូតបង្កើតគម្លាតគ្នានៅចុងឈើ
២-មែកឈើមានគម្លាតគ្នាបែបនេះ ដើម្បីកាត់បន្ថយការរីករាលដាលសត្វល្អិត និងពុំបង្កគ្រោះថ្នាក់ដល់ដើមឈើផ្សេងទៀត
៣-ដើម្បីឱ្យដើមឈើនៅខាងក្រោម ជាពិសេស កូនឈើទើបដុះថ្មីបានទទួលពន្លឺថ្ងៃគ្រប់គ្រាន់ និងមានរស្មីសំយោគប្រកបដោយប្រសិទ្ធភាព ។.jpg)
ហេតុនេះ មិនថាបាតុភូតដើមឈើអៀនកើតឡើងដោយសារមូលហេតុអ្វីទេ ប៉ុន្តែវាធ្វើឱ្យយើងស្គាល់ពីធម្មជាតិនៅជុំវិញខ្លួន និងមានអ្វីម្យ៉ាងស្រដៀងនឹងខ្លួនយើង ។ បើមានឱកាសបានដើរក្នុងព្រៃ កុំភ្លេចសម្លឹងមើលចុងឈើផងថា តើមានបាតុភូតនេះដែរឬទេ ៕










