Home ព័ត៌មានអន្តរជាតិ ការនាំចេញអង្កររបស់ថៃធ្លាក់ចុះដោយសារមូលហេតុនេះ

ការនាំចេញអង្កររបស់ថៃធ្លាក់ចុះដោយសារមូលហេតុនេះ

57
0

ប្រទេសថៃ ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ TNN រាយការណ៍ថា ដោយសារប្រទេសថៃលក់អង្ករថ្លៃជាងគូប្រជែង ជាពិសេស វៀតណាម ទើបធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្ករទៅក្រៅប្រទេស ។ ការនាំចេញអង្ករថៃនឹងនៅសល់ត្រឹមតែ៦សែនតោនប៉ុណ្ណោះក្នុង១ខែ ដែលតិចជាងគោលដៅស្មើនឹង៩សែនតោនក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg56ZzBhPnRqCnKRVo9pijT4xR_VSyXHmxzWa8er7I1FCP46awK3jbiO1ZDEFXOyVaBz5A_2AlQtS5MlV9fiIW0Ko2S_dYsHT4OOWOtwzYBNn56AW1UUNASF4FfXMFg2WQpqOmi-cvcsuFYPFqzP28WvjEPWRxaXtGs2NQaFZQ5nOfWp-Xwetf5od2_oqI/s696/18-3-18t3-Rice.jpg

លោក Chukiat Opaswong នាយកសមាគមនាំចេញអង្ករថៃលើកឡើងថា ចាប់ពីត្រីមាសទី៣ ឆ្នាំ២០២៤ តទៅ ការនាំចេញអង្ករថៃនឹងធ្លាក់ចុះនៅសល់ប្រមាណ៦សែនតោនប៉ុណ្ណោះក្នុង១ខែ ខណៈរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ ថៃបាននាំចេញអង្ករក្នុងបរិមាណច្រើន គឺចាប់ពី៨សែន ទៅ៩សែនតោនក្នុង១ខែ ។ រីឯកត្តាដាក់សម្ពាធដល់ការនាំចេញអង្ករថៃ គឺតម្លៃនាំចេញអង្ករថៃខ្ពស់ជាងគូប្រជែង ជាពិសេស វៀតណាម ។

នៅខែមិថុនា ឆ្នាំ២០២៤ តម្លៃអង្ករថៃខ្ពស់ជាងអង្ករវៀតណាម ជិត១០០ដុល្លារអាមេរិកក្នុង១តោន ដូចជា ៖ អង្ករខ្សាយថៃប្រមាណ៥% មានតម្លៃជាង៦៣០ដុល្លារអាមេរិកក្នុង១តោន ខណៈអង្ករខ្សាយវៀតណាមមានតម្លៃមិនដល់៥៨០ដុល្លារអាមេរិកក្នុង១តោន ។ វាអាចបណ្តាលមកពីថៃនាំចេញអង្ករទៅក្រៅប្រទេស តិចជាងការរំពឹងទុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoktsVUM5gchx9hlTjaZjsDnQ4QT6Il7GAxjwBuaiuXLcERlYrVISmzkXaHasHnkFhcdxnotR2Dh-KT261zBHNTNVf1REzRdgZJEbK8pV8Gsp7TsQ2-Ysa14rDx9JFNGkkG7R9iiFIzEgZa0lWLasmkOjUv3mLbDmS1xU8YAhpBgDEQqJ3Az6lNzsTXvs/s640/310337_295066_92736_rice.jpg

ហេតុនេះ ក្រុមហ៊ុននាំចេញអង្ករថៃសុខចិត្តខាតដើមទុន ដោយលក់ក្នុងតម្លៃចាប់ពី៥៩៦ដុល្លារ ទៅ៦០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១តោន ។ កន្លងមក ប្រទេសថៃមិនបានឈ្នះការដេញថ្លៃអង្ករនៅប្រទេសឥណ្ឌូណេស៊ីទេ ហើយចាញ់អង្ករវៀតណាមផងដែរ ដោយសារពេលនោះ ថៃលក់អង្ករក្នុងតម្លៃ៦៦៥ដុល្លារ ទៅ៦៧០ដុល្លារអាមេរិកក្នុង១តោន ប៉ុន្តែវៀតណាមលក់អង្ករត្រឹមតែ៥៨០ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១តោន ។

លោក Chukiat បន្តថា ម្យ៉ាងទៀត ប្រទេសទទួលទិញអង្ករ គឺពួកគេទិញមិនច្រើនដូចមុន ឬគ្មានការទិញអង្ករស្តុកទុកទេ ដោយសាររង់ចាំមើលស្ថានការណ៍ការនាំចេញអង្កររបស់ឥណ្ឌា ។ ការបារម្ភពីគ្រោះរាំងស្ងួតអេលនីណូអាចនឹងធ្លាក់ចុះ ដោយសារមានភ្លៀងធ្លាក់អំណោយផលដល់ការបង្កបង្កើនផលស្រូវ ហើយបើឥណ្ឌាទទួលបានទិន្នផលស្រូវល្អ ឥណ្ឌាអាចនាំចេញស្រូវឡើងវិញ វានឹងធ្វើឱ្យអង្ករពិភពលោកធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyfbIRSbF1OZwUJMzflsHb_-VYIExDE-udfsGOiUHNUYNwa_Jvd0snZpbNlw3EMG7j6v7n1MfZvM2dE0jdvnN2a6PWkS7fdJqKy1L8N9VoVHKJeduiwuA2fgrNZdZuzxIIg6XOEJBSE1W6WMJY7V0tQLzeLhR26QcoomXXPK-7Syy-4gIzJz_KCPUOEFU/s1024/photo_2024-06-05_12-37-26.jpg

លោកបន្ថែមថា ប្រទេសថៃបាននាំចេញអង្ករក្នុងបរិមាណច្រើននៅដើមឆ្នាំ២០២៤ ដោយសារការកុម្ម៉ង់ទិញជាមុន និងស្ថិតក្នុងពេលចែកចាយអង្ករទៅក្រៅប្រទេស ប៉ុន្តែកិច្ចសន្យានាំចេញអង្ករភាគច្រើននឹងផុតសុពលភាពនៅខែកក្កដា ។ បន្ទាប់មក ប្រទេសថៃនឹងលក់អង្ករជាថ្មី ទើបលោកបារម្ភថា នៅត្រីមាសទី៣ ឆ្នាំ២០២៤ ការលក់អង្ករថៃមិនសូវល្អប៉ុន្មានទេ ដោយសារអង្ករថៃថ្លៃជាងគូប្រជែងយ៉ាងខ្លាំង ។

ហេតុនេះ រដ្ឋាភិបាលគួរតែស្វែងរកទីផ្សារនាំចេញឱ្យបានឆាប់រហ័ស និងពិនិត្យមើលតម្លៃអង្ករក្នុងប្រទេសផងដែរ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង ។ បើប្រទេសថៃនាំចេញអង្ករក្នុងបរិមាណតិចតួច វានឹងធ្វើឱ្យតម្លៃអង្ករក្នុងស្រុកធ្លាក់ចុះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWe3Xa_dH4bJvyx3uXbv_mIkjxKt97SoX3Ql4FzCz9E8WJdyxgJqbZzOxD0leNS5ScfRwWXJ5O_WXeleyf6269RRW889WxHUHiGsJLT5db7hA_0bnHGtMCUPIB7avAGkJ5s5EC-RmDIKdSZZlXzAlxiEH9PvcQbM1hMXYpuECdeHJDmMMI6rDDbLZ1yFc/s600/rice-at-big-c-thailand.jpg