ថ្មីៗនេះ បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដែលបានបង្ហាញឲ្យឃើញស្រ្តីជាជនជាតិថៃម្នាក់បាននឹងកំពុងរាំរបាំប្រពៃណីជាតិខ្លួននៅលើកំពូលភ្នំទឹកកកប្រទេសស្វីស ក៏បានបណ្តាលឲ្យមហាជនខ្មែរជាច្រើនរម្លឹកទៅដល់ នាដការីរីរបាំបុរាណ សុគា គីមលាង ដែលបាននាំយករបាំអប្សរាខ្មែរទៅលើកំពូលភ្នំទឹកកកប្រទេសនូវែលសេឡង់ កាលពីឆ្នាំ២០២៣។
កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៤ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីជនជាតិថៃ ដែលមានឈ្មោះថា Nalinthakittiwan គឺបានបង្ហាញឃ្លីបវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយទាក់ទងនឹងវប្បធម៌ខ្លួន ដែលមានរយៈពេល ៥៣ វិនាទី។ តាមរយៈវីដេអូ គេសង្កេតឃើញថា ស្រ្តីជាជនជាតិថៃម្នាក់នេះ បាននឹងកំពុងស្ថិតនៅលើកំពូលភ្នំទឹកកកនៃប្រទេស Switzerland ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីថៃ ព្រមទាំងគ្រងមកុដផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតតាមរយៈវីដេអូនោះ គឺនាងក៏បានធ្វើការរាំរបាំប្រពៃណីរបស់ខ្លួន ដែលជាការបង្ហាញពីអត្តសញ្ញាណជាតិថៃដ៏ល្អស្រស់ផូផង់នៅទីនោះ និងបានទទួលនូវការសរសើរក្នុងចំណោមជនជាតិថៃនិងជនបរទេស មិនដាច់ពីមាត់គ្រប់គ្នាៗផងដែរ។
ទោះជាយ៉ាងណា បន្ទាប់ពីឃើញថាមានការបង្ហោះចែកចាយវីដេអូពីស្រ្តីថៃខាងលើនេះហើយ សាធារណៈជនខ្មែរជាច្រើនក៏បានធ្វើការរម្លឹកដល់នាដការីរបាំបុរាណ សុគា គីមលាង ដែលបាននាំយកសម្បត្តិវប្បធម៌ខ្មែរ ទៅលើកំពូលភ្នំទឹកកកប្រទេសនូវែលសេឡង់កាលពីអំឡុងឆ្នាំ២០២៣។
នាការីរូបនេះនៅក្នុងឈុតសម្លៀកបំពាក់អប្សរាខ្មែរ និងធ្វើការសម្តែងរបាំព្រះរាជទ្រព្យ ( របាំអប្សរា) ដែលជាសម្បត្តិបេតិកភណ្ឌជាតិខ្មែរបានយ៉ាងល្អឯក នៅលើទឹកដីប្រទេសដ៏ជឿនលឿន។ ជាមួយគ្នានោះ នាងក៏ទទួលបាននូវការស្ងើចសរសើរព្រោងព្រាតពីសំណាក់ជនបរទេសហាក់ចាប់អារម្មណ៍នឹងវប្បធម៌ខ្មែរមួយនេះ ខណៈដែលប្រជាជនខ្មែរគ្រប់ៗរូបពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះកញ្ញាសុគា គីមលាង និងក្រុមការងារដែលបានបង្ហាញវប្បធម៌ខ្មែរដ៏ស្រស់ផូរផង់បង្ហាញទៅកាន់ពិភពលោក។
ទោះជាយ៉ាងណា ភាពចម្រូងចម្រាស់ទាក់ទងនឹងវប្បធម៌អរិយធម៌ខ្មែរនិងថៃ នូវតែជាប្រធានបទដ៏ក្តៅគគុករវាងជនជាតិនៃប្រទេសទាំងពីរ។ បន្ទាប់ពីមានការបង្ហោះចែកចាយវីដេអូរបាំប្រពៃណីនៃជាតិសាសន៍២ផ្សេងគ្នា នៅលើកំពូលភ្នំទឹកកកដូចគ្នាបែបនេះ ក៏បានបណ្តាលឲ្យមានការជជែកវែកញែកនិងប្រៀបធៀបជាហូរហែរ។
យ៉ាងណាមិញ ដោយសារតែជាប្រទេសជិតខាងគ្នា មានប្រវត្តិសាស្ត្រប្រទាក់ប្រឡាយគ្នាមក ក៏បានធ្វើឲ្យមានវប្បធម៌អរិយធម៌ស្រដៀងៗគ្នា។ ទាំងខ្មែរនិងថៃគឺសុទ្ធតែមានរបាំតំណាងជាតិរៀងៗខ្លួន ខណៈដែលរបៀបបែបបទនៃការរាំថ្វាយ ការរៀបចំនានាគឺប្រព្រឹត្តិទៅតាមទំនៀមទម្លាប់ប្រពៃណីនៃប្រទេសនីមួយៗ។
គួរបញ្ជាក់ថា របាំអប្សរាខ្មែរគឺត្រូវបានគេចាត់ទុកថាជារបាំមួយប្រភេទដែលពិបាកនៅក្នុងការរាំខ្លាំងណាស់ ព្រោះតែត្រូវហាត់រៀន ពត់ពេនច្រើន ទាំងដៃ ទាំងជើង និងតួខ្លួនទាំងមូល។ ខណៈដំណើរនៃការរាំរបាំនេះទៀតសោតគឺបានសបញ្ជាក់អំពីស្រ្តីខ្មែរដ៏មានឥទ្ធិពល សុភាពរាបសារ ទន់ភ្លន់ តែមិនទន់ជ្រាយ និងក្បូរក្បាច់នៃការរាំអប្សរាខ្មែរនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅនិងគួរជាទីចាប់អារម្មណ៍បំផុត៕










